លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជានាយកវិទ្យុបារាំងអន្តរជាតិ (RFI) ប្រចាំនៅកម្ពុជា នឹងលាឈប់ពីតួនាទីរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។
កាលពីថ្ងៃទី១៥ មីនា កន្លងទៅ លោកបានជូនដំណឹងការចាកចេញដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ននេះ តែលោកស្រីបានសុំគាត់បន្តកិច្ចការរហូតចុងខែសីហាខាងមុខនេះដើម្បីកំណែទម្រង់ការផ្សព្វផ្សាយរបស់វិទ្យុបារាំងជាខេមរភាសា តាមប្រព័ន្ធឌីជីថល។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោកបានសម្តែងភក្តីភាពចំពោះអ្នកគាំទ្រពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ ដែលបានតាមដានស្តាប់វិទ្យុ RFI តាមរលកធាតុអាកាសមធ្យម OM និង ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ មានអ្នកតាមដានស្តាប់វិទ្យុ RFI តាមរលកធាតុអាកាស FM។
ទន្ទឹមគ្នានេះដែរ លោកបាននឹករឮកដឹកគុណចំពោះបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់ មានដូចជា លោក វ៉ាន់ឌី កាអុន លោក សុទ្ធ ប៉ូលីន ជាដើម ដែលជួយផ្នែកភាសាខ្មែរ និងអរគុណដល់សហការី ទី ២ដល់ ទី៤ ជំនាន់ នៅប៉ារីស និងភ្នំពេញ។
បន្ថែមពីនេះពីឆ្នាំ១៩៩៣មក លោកក៏សូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិ ចំពោះទំនុកចិត្តបន្តបន្ទាប់ដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFI បើកលទ្ធភាពឱ្យលោកបានបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរ ដើម្បីប្រយោជន៍នៃកម្ពុជា។
គូបញ្ជាក់ថា លោកហ្សង់ ហ្វ្រង់ស័រ តាន់គឺអ្នកកាសែតនិង អ្នកវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីល្បាញមួយរូប នៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា ប្រចាំនៅកម្ពុជា៕