លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជានាយកវិទ្យុបារាំងអន្តរជាតិ (RFI) ប្រចាំនៅកម្ពុជា នឹងលាឈប់ពីតួនាទីរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។

កាលពីថ្ងៃទី១៥ មីនា កន្លងទៅ លោកបានជូនដំណឹងការចាកចេញដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ននេះ តែលោកស្រីបានសុំគាត់បន្តកិច្ចការរហូតចុងខែសីហាខាងមុខនេះដើម្បីកំណែទម្រង់ការផ្សព្វផ្សាយរបស់វិទ្យុបារាំងជាខេមរភាសា តាមប្រព័ន្ធឌីជីថល។

យោងតាមទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក លោក​បានសម្តែងភក្តីភាពចំពោះអ្នកគាំទ្រពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ ដែលបានតាមដានស្តាប់វិទ្យុ RFI តាមរលកធាតុអាកាសមធ្យម OM និង ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ មានអ្នកតាមដានស្តាប់វិទ្យុ RFI តាមរលកធាតុ​អាកាស FM។

ទន្ទឹមគ្នានេះដែរ លោកបាននឹករឮកដឹកគុណចំពោះបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់ មានដូចជា លោក វ៉ាន់ឌី កាអុន លោក សុទ្ធ ប៉ូលីន ជាដើម ដែលជួយផ្នែកភាសាខ្មែរ និងអរគុណដល់សហការី ទី ២ដល់ ទី៤ ជំនាន់ នៅប៉ារីស និងភ្នំពេញ។

បន្ថែមពីនេះពីឆ្នាំ១៩៩៣មក លោកក៏សូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិ ចំពោះទំនុកចិត្តបន្តបន្ទាប់ដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFI បើកលទ្ធភាពឱ្យលោកបានបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរ ដើម្បីប្រយោជន៍នៃកម្ពុជា។

គូបញ្ជាក់ថា លោកហ្សង់ ហ្វ្រង់ស័រ តាន់គឺអ្នកកាសែតនិង អ្នកវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីល្បាញមួយរូប នៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា ប្រចាំនៅកម្ពុជា៕