ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត ៥៣ គីឡូម៉ែត្រ តម្លៃ ៤៦០ លានដុល្លារ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធជាផ្លូវការនូវសំណង់ដែលគាំទ្រដោយរដ្ឋាភិបាលចិន ខណៈលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ក៏បានចូលរួមក្នុងពិធីបើកផងដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ក្រុងថ្មី គឺជាផ្នែកនៃផែនការកាត់បន្ថយការកកស្ទះ ជំរុញការតភ្ជាប់ និងរួមបញ្ចូលតំបន់ជំរុញពាណិជ្ជកម្ម។
លោកបានបន្ថែមថា៖ «ការសាងសង់ត្រូវចំណាយពេល៥២ខែ ហើយត្រូវបានបញ្ចប់ក្នុងខែមិថុនា ដោយចំណាយថវិកាសាងសង់សរុបជាង៤៦០លានដុល្លារ ២៧៣លានដុល្លារជាកម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងការចូលរួមនឹងថវិការបដិភាគពីសំណាក់រដ្ឋាភិបាល»។
លោក ហ៊ុន សែន ថា៖ «ផ្លូវនេះជាដង្ហើមនៃសក្ដានុពលថ្មីសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល»។
បណ្តាញផ្លូវថ្នល់ត្រូវបានតភ្ជាប់ទៅបណ្តាញផ្លូវធំ ដែលនឹងបង្កើនសក្តានុពលនៃការដឹកជញ្ជូនទំនិញបន្ថែមទៀត ជាពិសេសនៅក្នុង និងចេញពីកំពង់ផែស្វយ័តភ្នំពេញ។ វាក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ នេះអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងសន្សំសំចៃពេលវេលាធ្វើដំណើរ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ៕