វិចិត្រសាលជាតិអូស្ត្រាលីនឹងប្រគល់បដិមាសំរឹទ្ធចំនួន ០៣ ឱ្យកម្ពុជាវិញក្រោយលទ្ធផលនៃការស៊ើបអង្កេតដែលចំណាយរយៈពេលប្រហែលមួយទសវត្សរ៍ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរដើម្បីកំណត់ទីកន្លែងដើមនៃស្នាដៃសិល្បៈទាំងនោះ។

បដិមាសំរឹទ្ធទាំងបីនោះមានដូចជា ព្រះពោធិសត្វអវលោកេស្វរៈទ្រផ្កាឈូក និងបដិមាករអមចំនួន០២ទៀត រចនាបថសតវត្សទី៩-១០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិចិត្រសាលជាតិអូស្ត្រាលីដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Nick Mitzevich នាយកវិចិត្រសាលជាតិអូស្ត្រាលីបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​ខាងលើថា ការសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍បដិមាករទាំងនេះមកកម្ពុជាគឺជាចំណុចបញ្ចប់​នៃការស្រាវជ្រាវជាច្រើនឆ្នាំ នឹងមិនអាចទៅរួចទេបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌កម្ពុជា​ លោក Bradly Gordon អ្នកស្រាវជ្រាវនៅ Edenbridge Asia និងលោកស្រី Nawapan Kriangsak ដែលជាកូនស្រីរបស់លោក Douglas Latchford។

លោក Nick Mitzevich បញ្ជាក់ថា​៖ «យើងមានសេចក្តីអំណរគុណចំពោះការគាំទ្ររបស់ពួកគាត់ក្នុងការកំណត់អត្តសញ្ញាណទីកន្លែងដើមនៃរូបបដិមាវប្បធម៌សំខាន់ៗទាំងនេះ ហើយយើងរីករាយ ឥឡូវនេះយើងអាចប្រគល់បដិមាទាំងនេះទៅមាតុភូមិវិញ»។

នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលអូស្ត្រាលីប្រគល់បេតិកភណ្ឌវប្បធម៌របស់កម្ពុជាមកប្រទេសកំណើតវិញ។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំអូស្ត្រាលីលើទំព័រហ្វេសប៊ុករបស់ខ្លួន។

កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានជួបតំណាងរដ្ឋាភិបាល​អូស្ត្រាលីរួមមានលោកស្រី Susan Templeman បេសកជនពិសេសសម្រាប់សិល្បៈ និងលោក Nick Mitzevich ក្នុងពិធីប្រគល់ជាផ្លូវការនូវបដិមាករទាំង០៣នោះមកកម្ពុជាវិញ។

លោក ជឺនបូរាណ ច័ន្ទបូរី លើកឡើងក្នុងពិធីខាងលើថា វាជាឱកាសប្រវត្តិសាស្រ្ត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែតម្រូវភាពអយុត្តិធម៌ពីអតីតកាល ការពង្រឹងតម្លៃនៃសម្បត្តិវប្បធម៌ ការទទួលស្គាល់សារៈសំខាន់នៃការថែរក្សា និងការការពារបេតិកភណ្ឌវប្បធម៌។

ស្នាដៃសិល្បៈទាំងនេះ នឹងបន្តដាក់បង្ហាញនៅវិចិត្រសាលជាតិអូស្ត្រាលីរហូតដល់ឆ្នាំ២០២៦ ដោយលក្ខខណ្ឌកម្ចីក្រោយពីមានការយល់ព្រមពីភាគីប្រទេសទាំងពីរ ហើយកម្ពុជានឹងរៀបចំកន្លែងថ្មីដើម្បីទទួលការធ្វើមាតុភូមិនិវត្តន៍របស់បរិមាករខាងលើ។

លោក ច័ន្ទបូរី បន្ថែមថា៖ «ការដាក់តាំងបង្ហាញ និងថែរក្សារូបចម្លាក់នៅវិចិត្រសាលជាតិ និងការធ្វើមាតុភូមិនិវត្តន៍ជាយថាហេតុបង្ហាញពីថាមពលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀតបង្ហាញពីទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-អូស្ត្រាលីដ៏រឹងមាំដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរបស់យើង»។

រូបបដិមាព្រះពោធិសត្វអវលោកេស្វរៈទ្រផ្កាឈូក និងបដិមាករអមចំនួន០២ទៀត ដែលជាវត្ថុបុរាណជនជាតិចាមក្នុងសតវត្សទី៩-១០ ត្រូវបានគេទិញក្នុងតម្លៃ ១.៥លានដុល្លាអាមេរិក កាលពីឆ្នាំ២០១៦ ពីលោក Douglas Latchford។ តាំងពីឆ្នាំ២០១៦មក លោក Latchford បានជាប់ពាក់ព័ន្ធក្នុងការជួញដូរវត្ថុបុរាណខុសច្បាប់ ហើយលោកក៏ត្រូវរងការចោទប្រកាន់ក្នុងការជួញដូរ និងលួចវត្ថុបុរាណខ្មែរក្នុងឆ្នាំ២០១៩ ផងដែរ។

លោក Latchford បានស្លាប់កាលពីខែសីហាឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិចិត្រសាលជាតិអូស្ត្រាលីដដែល៕