រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងអំពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់អ្នកដែលខកខានមិនទាន់បានបង់ក្នុងខែកក្កដា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សាលារាជធានីបានប្រាប់ដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងមក សូមរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែកក្កដា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងនោះ ប្រជាពលរដ្ឋអាចប្រើប្រាស់លេខសំគាល់អតិថិជន ឬID មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក តាមទូរស័ព្ទដៃ ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា ហត្ថា កាណាឌីយ៉ា ក.អ វឌ្ឍនៈ ប្រៃសណីយ៍កម្ពុជា ក.អ ABA WING AMK FTB Woori Birk Prry Bak, Phillip Bank ស្ថាបនា ប្រាសាក់ អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY TrueMONEY CoolCash/ Tang Kung Pay លីហួរវេរលុយ ឬ PP។
ក្នុងករណីនៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងតាមការកំណត់ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការមួយចំនួនដូចជា បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
គួររំឮកផងដែរថា កាលពីខែមុនៗ ទំព័រហ្វេសប៊ុករបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ តែងតែចេញសេចក្ដីជូនដំណឹងដូចៗគ្នានេះដែរ សម្រាប់ប្រជាពលរដ្ឋណា ម្ចាស់អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សូមឲ្យបង់ទាន់ពេលវេលាដែលបានកំណត់នោះផងដែរ៕