រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងអំពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់អ្នកដែលខកខានមិនទាន់បានបង់ក្នុងខែកក្កដា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹង​​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣ សាលារាជធានី​បានប្រាប់ដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងមក សូមរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែកក្កដា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

បើតាម​សេចក្តី​ជូន​ដំណឹង​នោះ ប្រជាពលរដ្ឋ​អាចប្រើប្រាស់លេខសំគាល់អតិថិជន ឬID មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក តាមទូរស័ព្ទដៃ ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា ហត្ថា កាណាឌីយ៉ា ក.អ វឌ្ឍនៈ ប្រៃសណីយ៍កម្ពុជា ក.អ ABA WING AMK FTB Woori Birk Prry Bak, Phillip Bank ស្ថាបនា ប្រាសាក់ អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY TrueMONEY CoolCash/ Tang Kung Pay លីហួរវេរលុយ ឬ PP។

ក្នុងករណីនៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង​តាមការកំណត់​ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការមួយចំនួនដូចជា បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

គួររំឮកផងដែរថា កាលពីខែមុនៗ ទំព័រ​ហ្វេសប៊ុក​របស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ តែងតែចេញសេចក្ដីជូនដំណឹងដូចៗគ្នានេះដែរ សម្រាប់ប្រជាពលរដ្ឋណា ម្ចាស់អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សូមឲ្យបង់ទាន់ពេលវេលាដែលបានកំណត់នោះផងដែរ៕