វិវាទដីធ្លីនៅក្នុងខេត្តកោះកុងរវាងពលរដ្ឋជិត២០០គ្រួសារ ជាមួយនិងក្រុមហ៊ុន២k ក្រុមដែលទទួលបានសិទ្ធិវិនិយោគក្រោមគោលការណ៍អភិវឌ្ឍន៍ បានបន្តអូសបន្លាយជិត២០ឆ្នាំមកហើយដោះស្រាយមិនចេញ បានជំរុញឱ្យសហគមន៍ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ និងមានអ្នកខ្លះត្រូវជាប់ឃុំ និងរង់ការចោទប្រកាន់តាមផ្លូវតុលាការជាដើម ក្នុងរយៈពេលចុងក្រោយនេះ។
ពលរដ្ឋដែលរស់នៅក្នុងស្រុកស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង ដែលមានវិវាទដីធ្លីជិត២០ឆ្នាំ ជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) អះអាងស្រដៀងគ្នាថា ការចេញមុខតវ៉ារបស់ពួកគេកន្លងទៅ គឺពុំមែនបង្កើតព្រឹត្តិការណ៍ ញុះញង់ ដូចតុលាការចោទប្រកាន់នោះទេ។ ពួកគេថា គោលបំណងតែមួយគត់ គឺដើម្បីជំរុញឱ្យអាជ្ញាធរជួយពន្លឿនដោះស្រាយវិវាទដីធ្លីឱ្យបានសមរម្យជូនពួកគេ។
ប្រពន្ធសកម្មជនដីធ្លីកំពុងជាប់ឃុំ លោក សុខ ជ័យ គឺលោកស្រី ប៉ែន ខា រស់នៅស្រុកស្រែអំបិល ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន ហេង ហុយ លើកឡើង ថា បច្ចុប្បន្នលោកស្រី និងពលរដ្ឋ១៩៦គ្រួសារ រស់នៅទាំងត្រដរ រកព្រឹកខ្វះល្ងាច គ្មានដីស្រែអាស្រ័យផលជាង១០ឆ្នាំមកហើយ ខណៈដែលប្ដីរបស់លោកស្រីក៏ជាប់ពន្ធនាគារអស់រយៈជាង១ខែហើយ ព្រោះតែ ចេញតវ៉ារកដំណោះស្រាយវិវាទដីធ្លី។
ការប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងរបស់អាជ្ញាធរពាក់ព័ន្ធមកលើពលរដ្ឋ ដើម្បីបញ្ឈប់ការតវ៉ារឿងដីធ្លីនេះ លោកស្រី ប៉ែន ខា មើលឃើញថាជាទង្វើមិនត្រឹមត្រូវ ហើយជាអំពើអយុត្តិធម៌ គ្មានតម្លាភាពមកលើពលរដ្ឋស្លូតត្រង់ ខណៈដែលពលរដ្ឋស្ទើរតែដាច់ស្បៀង ព្រោះគ្មានអ្វីបរិភោគប្រចាំថ្ងៃ។ លោកស្រីថា ចំណែកអ្នកមានលុយមានអំណាចដើរច្បាមយកដីពលរដ្ឋតាមតែអំពើចិត្ត បែរជាគ្មានកំហុស។
លោកបន្តថា៖«កាន់តែលំបាកខ្លាំងណាស់លោកគ្រូអើយ! ខ្ញុំមិនដឹងថាទៅរកស្អីបានទេរាល់ថ្ងៃ ព្រោះខ្ញុំអត់មានការងារអ្វីធ្វើផង។ ជួនកាល ទៅស៊ីឈ្នួលស្ទោងគេ ដើម្បីបានលុយឱ្យកូនរៀន។ កាលប្ដីខ្ញុំនៅគាត់បានដាក់លប(នេសាទត្រី) ដាក់អ៊ីចឹងហ្ន៎ា ដល់ពេលអត់ពីប្ដី អត់ហើយ» ។
កាលពីថ្ងៃទី២៩ មិថុនា ក្រុមសមត្ថកិច្ចខេត្ត កោះកុង ឃាត់ខ្លួនតំណាងពលរដ្ឋមានទំនាស់ដីធ្លីចំនួន១៣នាក់ បន្ទាប់ពីរារាំងរថយន្តដឹកពួកគេ ដែលព្យាយាមធ្វើដំណើរឡើងមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្នុងចំណោម១៣នាក់នោះ តុលាការបានដោះលែង៤នាក់ ឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹងពីតុលាការ។ ចំណែក៩នាក់ទៀត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រែកស្វាយ ខេត្តកោះកុង រហូតដល់ពេលនេះបានជាង១ខែហើយ ក្រោមបទចោទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ចំណែកពលរដ្ឋម្នាក់ទៀត នៅស្រុកស្រែអំបិល គឺ លោក ធី លាង ត្រូវជាប្ដីលោកស្រី យី គន្ធា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លើកឡើងថា ចាប់តាំងពីប្រពន្ធរបស់លោកត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារមក លោកពុំសូវមានសុខភាពល្អនោះទេ ដោយសារតែគិតច្រើន ហើយត្រូវចិញ្ចឹមកូនពីរនាក់នៅក្នុងបន្ទុក។
លោកទទូចឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើប្រពន្ធរបស់លោក និងពលរដ្ឋ៨នាក់ទៀត ឱ្យមានសេរីភាពឡើងវិញ។លោកបន្តថា បើសិនជាតុលាការនៅតែបន្តចោទប្រកាន់ និងធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋបែបនេះទៀត គឺពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រ មិនដឹងត្រូវទៅពឹងអ្វីនោះទេ ខណៈដែលដីក៏អស់គ្រួសារក៏បែកបាក់ឆ្ងាយប្រពន្ធកូន។ លោកបន្តថា ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ ពុំមែនជាដំណោះស្រាយ ត្រឹមត្រូវនោះឡើយ។
លោកបន្តថា៖«យើងជាអ្នកក្រីក្រ អ្នករង់គ្រោះដីធ្លី ហើយបែរជាចាប់ពួកគាត់ដាក់ពន្ធនាគារ។ និយាយទៅប្រព័ន្ធតុលាការនៅស្រុកខ្មែរអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ អ្នកក្រីក្រ មិនដោះស្រាយឱ្យពួកគាត់បែរជាចាប់គាត់ទៅដាក់គុក ដាក់ចង្វាក់វិញ» ។
ចំណែក ប្រជាពលរដ្ឋ ៨៤៣គ្រួសារ មានដីសរុប ជាង១ម៉ឺនហិកតារ (១ ៧២៧,៦) ហិកតារ ស្ថិតក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ក៏ត្រូវបានក្រុមហ៊ុន កោះកុងស៊ូហ្គើ ( Koh Kong Sugar ) និងកោះកុងផ្លេនថេសិន(Koh Kong Plantation Industry) របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦ផងដែរ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ២០២១ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ប្រជាពលរដ្ឋជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ)រងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំជាង៥លានហិកតារ (៥២ ៦០១,៨៧ហិកតា)។ ចំណែកពលរដ្ឋ១៥៧នាក់ កំពុងជាប់បណ្ដឹងក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
តំណាងពលរដ្ឋ៨៤៣គ្រួសារ រស់នៅស្រុកបុទុមសាគរ លោក ឈឹម សាផាន ដែលកំពុង ជាប់ពាក្យបណ្ដឹងពីតុលាការខេត្តកោះកុង ជាង១ឆ្នាំ ក្រោយពីលោក ចេញតវ៉ាដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន លី យ៉ុងផាត។ លោកឡើងថា ការមិនអើពើពីសុខទុក្ខរបស់ពលរដ្ឋ ហើយបន្តធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធជាហូរហែនេះ គឺបង្ហាញពីអសមត្ថភាពដោះស្រាយវិវាទដីធ្លី។
លោកបន្តថា៖«ទី១ នៅពេលខាងមុខសូមឱ្យរដ្ឋាភិបាលអាណត្តិថ្មីដែលនាយករដ្ឋមន្ត្រីថ្មី លើកលែងការចោទប្រកាន់ដល់ប្រជាសហគមន៍ដីធ្លីទាំងអស់ហ្នឹង។ ទី២ សូមឱ្យដោះស្រាយដីធ្លីឱ្យពួកខ្ញុំតាមការស្នើសុំ បានដាក់លិខិតជូនដែលអាជ្ញាធរភូមិឃុំចុះហត្ថលេខាទទួលស្គាល់។»
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា ប្រាប់ Newsrom Cambodia នៅថ្ងៃទី០៧ ខែសីហាយ៉ាងខ្លីថា ការចោទប្រកាន់របស់ពលរដ្ឋទាំងនោះជារឿងមិនពិត ព្រោះអ្វីដែលតុលាការសម្រេចឃុំខ្លួន និងធ្វើការចោទប្រកាន់គឺអនុវត្តទៅតាមច្បាប់ត្រឹមត្រូវ។
លោកបន្តថា៖ «ចេះតែថាហើយ អ្វីដែលតុលាការ គេធ្វើស្របទៅតាមច្បាប់ ពុំមានលំអៀង ឬខ្វះតម្លាភាពអ្វីនោះទេ។ បើសិនជាបងប្អូនថា ការឃាត់ខ្លួនទាំងនោះ មិនមានតម្លាភាព ឬអយុត្តិធម៌ណាមួយ ដាក់ពាក្យបណ្ដឹងទៅ»។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេធករណីនេះ ដោយលោកឱ្យទៅសួរអាជ្ញាធរពាក់ព័ន្ធនៅខេត្តកោះកុង មុននឹងត្រូវចុចផ្តាច់ទូរស័ព្ទ។
លោកបន្តថា៖ «បញ្ហានេះ គឺសូមសូមប្អូន ទាក់ទងទៅខាងអាជ្ញាធរពាក់ព័ន្ធនៅខេត្តកោះកុង អាចដឹងរឿងនេះច្បាស់។ ក៏ប៉ុន្តែ ប្អូនត្រូវដឹងថា អ្វីដែលជាការសម្រេចរបស់តុលាការ គឺស្របតាមច្បាប់»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថ្លែងថា ករណីអាជ្ញាធរខេត្តកោះកុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដោះស្រាយវិវាទដីធ្លីនេះ គឺជាការបង្ហាញពីការអនុវត្តច្បាប់ ដោយពុំមានតម្លាភាព និងយុត្តិធម៌។ លោកបន្តថា វិធានការនេះ បង្កនូវគំរូអាក្រក់នៅក្នុងសង្គម។ លោកអះអាងថា ការយកតុលាការជារនាំង បើគ្រាន់តែដើម្បីការពារអ្នកមានលុយមានអំណាច ទង្វើនេះ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌។
លោកបន្តថា៖«ពិសេសគឺតុលាការគួរតែពិនិត្យឡើងវិញ ចំពោះដើមចមនៃបញ្ហាជៀសវាងយើងប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការនេះទៅដាក់ទោសទណ្ឌគាត់ នេះជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ។ហើយដែលយើងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋបញ្ចេញមតិ ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទុកកង្វល់របស់ពួកគាត់បែរជាទៅជាប់ចោទផ្សេងៗទៅវិញ នេះជារឿងអយុត្តិធម៌ណាស់»។
ទាក់ទងវិវាទដីធ្លីនៅខេត្តកោះកុងនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ ស្ថាប័ន កាលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានចាត់ទុកការប្រើប្រាស់ប្រព័ន្ធតុលាការរបស់អាជ្ញាធរខេត្តកោះកុង ដើម្បីចោទប្រកាន់ពលរដ្ឋពី«បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ធ្វើឡើងមិនផ្អែកលើមូលដ្ឋានច្បាស់លាស់ ដែលដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
ជាក់ស្ដែងកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកោះកុង បានប្រើប្រព័ន្ធតុលាការ ឃាត់ខ្លួនសកម្មជនដីធ្លីចំនួន១៣នាក់ មកពីសហគមន៍ចំនួន៣ នៅក្នុងខេត្តកោះកុង ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ក្រោយពីពួកគេចេញតវ៉ា និងឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា ពលរដ្ឋទាំងនោះមិនបានប្រព្រឹត្តកំហុសឆ្គងអ្វីនោះទេ។ពួកគេបានលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ស្របតាមច្បាប់ ដើម្បីការពារដីធ្លី និងសមាជិកសហគមន៍របស់ពួកគេ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីឱ្យបានត្រឹមត្រូវ ទម្លាក់ការចោទប្រកាន់ និងដោះលែងពលរដ្ឋឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ បើពុំដូច្នេះទេពលរដ្ឋកាន់តែជួបការលំបាក គ្មានចំណូលចិញ្ចឹមជីវិត ព្រោះបាត់បង់ដីធ្លីអាស្រ័យផល៕