អតិថជនក្រុមហ៊ុនអចលនទ្រព្យពិភពដីមាសខ្លះ អះអាងថាពួកគេកំពុងប្រឈមនឹងបំណុលវ័ណ្ឌក ទោះដឹងថាប្រធានក្រុមហ៊ុន ឧកញ៉ា ហ៊ី គឹមហុង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសពាក់ព័ន្ធនឹង«បទឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់» ក្ដី។
លោក សារីម អាយុ៤០ឆ្នាំ និយាយថា គាត់កំពុងប្រឈមមុខនឹងបំណុលវ័ណ្ឌក និងបានដាក់លក់គ្រឿងអលង្ការប្រពន្ធជាបន្តបន្ទាប់ដើម្បីយកប្រាក់បង់ធនាគារ ក្រោយលោកនិងអ្នកខេត្តកំពតជិត១ពាន់នាក់ផ្សេងទៀតចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ប្រាក់រាប់លានដុល្លារ។
ជាពលរដ្ឋរស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លោក ម៉ា សារីម បន្តថា លោកបង់ប្រាក់ឱ្យធនាគារជិត១ពាន់៦រយដុល្លារ ជារៀងរាល់ខែ ។
លោកថា ប្រាក់ដែលសងត្រឡប់ទៅធនាគារនោះ គាត់បានលក់រថយន្ត ខ្សែក ខ្សែដៃ និងចិញ្ចៀន សម្រាប់យកប្រាក់បង់ធនាគារ ដោយថាគាត់បានខ្វីប្រាក់ពីធនាគារចំនួន៤ម៉ឺន៥ពាន់ដុល្លារ ដើម្បីវិនិយោគជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យពិភពដីមាសកន្លងទៅ។
លោកថា៖ «ឡានប្រភេទតាកូមា(Tacoma)០១។ លក់បានជិត៧ពាន់ដុល្លារ។ លក់៣ខែ[ហើយ]។ លក់ដើម្បីយកលុយបង់ធនាគារឱ្យរូចពីមួយខែទៅមួយ[ខែ]។ ក្រោយមកលក់ ខ្សែក ខ្សែដៃ ចញ្ចៀន ឱ្យរួចមួយខែទៅមួយខែ»។
លោក សារីម ឱ្យដឹងទៀតថា តាមពាក្យបណ្តឹងពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មឆបោកនេះ មានជិត៧០០នាក់ ក្នុងខេត្តកំពតនេះ ។ លោកថា ពេលនេះអ្នកដែលគ្មានលទ្ធភាពបង់លុយត្រឡប់ទៅធានាគារវិញ ខ្លះរត់ចេញពីផ្ទះមួយទៅផ្ទះមួយ ដើម្បីគេចវេះអំឡុពេលបុគ្គលិកធនាគារមកទារប្រាក់់ និងខ្លះទៀតបានធ្វើចំណាកស្រុក ទៅប្រទេសថៃ ដើម្បីរកលុយសងបំណុលធនាគារ។
ក្រៅពីនេះពលរដ្ឋរងគ្រោះបានលក់ឡាន ម៉ូតូ គោ ក្របី និងខ្ចីប្រាក់ពីសាច់ញាតិ សម្រាប់ដោះបំណុលនៅចំពោះមុខ។
លោកថា៖« ធនាគារ គាត់មកតាមដល់ផ្ទះយើងរាល់ថ្ងៃ។[…]គាត់[ពលរដ្ឋ]អត់មានលុយ ហើយធនាគារមកតាមដល់ផ្ទះរាល់ថ្ងៃចឹង គាត់ចំណាកស្រុកមួយរយៈសិន»។
កាលពីថ្ងៃទី៧ខែសីហានេះ អាជ្ញាធរបានឃាត់ខ្លួន លោក ហ៊ី គឹមហុង ជាអគ្គនាយកក្រុមហ៊ុនពិភពដីមាស ដែលមានគោរមងារជាអ្នកឧកញ៉ា នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឱ្យដឹងនៅថ្ងៃទី៨សីហានេះថា អាជ្ញាធរបានបញ្ជូន ឧកញ៉ារូបនោះ និងអង្គរក្ស១៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញទាក់ទិននឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។
បើតាម លោក សុខសីហា មានប្រជាពលរដ្ឋរាប់រយនាក់បានដាក់ពាក្យបណ្ដឹងក្រុមហ៊ុនពិភពដីមាសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកថា៖«ពាក់ព័ន្ធនឹងបទល្មើសមួយចំនួនដូចជា អំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងទាក់ទងការសម្អាតប្រាក់»។
ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀតគឺ អ្នកស្រី កែវ រី ជាកសិកររស់នៅ ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និយាយថា កាលពីខែឧសភាកន្លងទៅ អ្នកស្រីបានលក់ម៉ូតូ [ហុងដាឌ្រីម០១៣] មួយគ្រឿងដើម្បីយកប្រាក់បង់ធនាគារ។
ស្រ្តីអាយុ ៦១ឆ្នាំ រូបនេះ បន្ថែមថា ជារៀងរាល់ខែគាត់បង់ធនាគារចំនួន៥០០ដុល្លារ ហើយប្រាក់លក់ម៉ូតូបានជាង១ពាន់ដុល្លារ អាចបង់បាន២ខែប៉ុណ្ណោះ។
អ្នកស្រីថា៖«លក់ម៉ូតូយូរដែរហើយ លក់បាន៣ខែហើយ លែងបានលុយ[ភាគលាភ៤%ក្នុងមួយខែ]ពីក្រុមហ៊ុនចេះតែលក់ទៅ គោលបំណងបង់ធនាគារ»។
អ្នកស្រីនិយាយថា បើប្រធានក្រុមហ៊ុនត្រូវបានចាប់ខ្លួន ហើយក្រុមហ៊ុនមិនដំណើរការឡើងវិញធម្មតា តើអ្នកណាចេញមុខសងលុយពួកគាត់ ដែលគាត់បានបង់រួចហើយឱ្យទៅក្រុមហ៊ុនអចលទ្រព្យពិភពដីមាសនេះ។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍ថា ដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋកំពុងផុងខ្លួនក្នុងបំណុលនេះ គឺត្រូវរងចាំការសម្រេចរបស់តុលាការជាមុនសិន ថាតើនឹងចាត់ចែងទ្រព្យសម្បត្តិក្រុមហ៊ុនយ៉ាងដូចម្ដេច។
លោកថា៖«ពាក់ព័ន្ធការសងការអីទៅលើប្រជាពលរដ្ឋនេះគឺ អាស្រ័យលើតុលាការគាត់នឹងពិនិត្យមើលសំណុំរឿង។ ហើយគាត់នឹងពិនិត្យមើលទ្រព្យរបស់ក្រុមហ៊ុនហ្នឹងតើត្រូវដោះស្រាយជូនប្រជាពលរដ្ឋរបៀបម៉េច នេះជាចំណាត់ការរបស់តុលាការ»។
បើតាមមន្ត្រីរដ្ឋាភិបាលដដែល គិតត្រឹមថ្ងៃអង្គារនេះ មានប្រជាពលរដ្ឋរស់នៅខេត្តកំពតដាក់ពាក្យបណ្ដឹងលើក្រុមហ៊ុនពិភពដីមាសចំនួន ៦៩៨គ្រួសារ និងទំហំទឹកប្រាក់សរុប ១២លាន៦សែនដុល្លារ។
នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។ លោកថា បើពុំនោះទេ ពលរដ្ឋនឹងប្រឈមការលក់ទ្រព្យសម្បត្តិ ដី ផ្ទះសម្បែង ដើម្បីដោះបំណុល។
លោក ចាត់ទុកថា ករណីក្រុមហ៊ុនពិភពដីមាសនេះ ជាមេរៀនសម្រាប់អាជ្ញាធរ មុនពេលផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មឱ្យក្រុមហ៊ុនណាមួយគួរសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។
លោកថា៖ «អាជ្ញាធរដែលពាក់ព័ន្ធគួររិះរកមធ្យោបាយសម្របសម្រួលណាមួយឱ្យប្រជាពលរដ្ឋ»។
បើតាមអតិថជនការដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ ក្រុមហ៊ុនពិភពដីមាសបានសន្យាថា ជាមួយអ្នកដាក់លុយថា នឹងទទួលបានប្រាក់ភាគលាភចំនួន៣%ឬ៤% នៃទំហំទឹកប្រាក់ដាក់វិនិយោគ ត្រលប់ទៅវិញជារៀងរាល់ខែ និងមានថេរវេលារយៈពេល២ឆ្នាំ បន្ទាប់ពីចប់កុងត្រា ក្រុមហ៊ុននឹងទទួលទិញដីឡូតិ៍នោះក្នុងតម្លៃដើមវិញ។
ករណីនេះ ជំរុញឱ្យពួកគេ ខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីបានប្រាក់ មកធ្វើវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស។
សារព័ត៌មាន Newsroom Cambodia ព្យាយាមសុំការអត្ថាធិប្បាយពីភាគីតំណាងក្រុមហ៊ុនពិភពដីមាស តាមរយៈលេខទូរសព្ទលើទំព័រហ្វេសប៊ុក ប៉ុន្តែការហៅចូល ពុំមានអ្នកលើក ។
ស្នងការនគរបាលខេត្តកំពត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តនេះ បានព្រមានស្នើសុំដីកាឃាត់ខ្លួនពីស្ថាប័នតុលាការ ប្រសិនបើពួកគេនៅតែមិនព្រមចូលខ្លួនបំភ្លឺតាមការកោះហៅជាលើកទី២។ដោយឡែកទំព័រហ្វេសប៊ុក ក្រុមហ៊ុន ពិភពដីមាស បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនាលោក ប្រាក់ ពិន តំណាងឱ្យក្រុមហ៊ុន ពិភពដីមាស បានធ្វើការបកស្រាយជូនស្នងការដ្ឋាននគរបាលខេត្តកំពត និងប្រជាពលរដ្ឋដែលដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលតែងតែគិតអំពីផលប្រយោជន៍របស់ពលរដ្ឋដែលដាក់វិនិយោគ និងក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុន ពិភពដីមាស បានអះអាងថា ថ្វីដ្បិតក្រុមហ៊ុន ប្រគល់ភាគលាភមានការយឺតយ៉ាវពុំតាមការកំណត់ ប៉ុន្តែក្រុមហ៊ុនមិនបានបោកប្រាស់ប្រជាពលរដ្ឋនោះទេ។
ប្រភពដដែល បន្តថា ក្រុមហ៊ុនកំពុងរៀបចំការប្រគល់ភាគលាភឱ្យប្រជាពលរដ្ឋជាបន្តបន្ទាប់ចាប់ពីចុងខែមិថុនា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៣។
ជុំវិញករណីនេះ អ្នកជំនាញហិរញ្ញវត្ថុ ចាត់ទុកថា ជាទម្រង់អាជីវកម្មខុសច្បាប់ ជ្រកក្រោមស្លាកអាជ្ញាបណ្ណអចលនទ្រព្យ ប៉ុន្តែដើរអូសទាញប្រជាពលរដ្ឋដាក់វិនិយោគ។