សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានព្រមានដាក់វិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រឺបុគ្គលពាក់ព័ន្ធ ក្រោយមានការចោទប្រកាន់ទាក់ទងនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុល ពីមន្ត្រីឥណទាននៃគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅក្នុងខេត្តរតនៈគិរី។
យោងតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាគមទាំងពីរមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើករណីចោទប្រកាន់ខាងលើនេះ។
សមាគមបាន និងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើរបៀបវារៈនៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនៅគោលការណ៍ការពារអ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ទាក់ទងនឹងករណីចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមនហិវញ្ញវត្ថុនៅកម្ពុជា បានស្នើឱ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់លើករណីចោទប្រកាន់ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថាចាំបាច់ និងមានការសើបអង្កេតឯករាជ្យមួយផ្សេងទៀត។
«ប្រើសិនបើពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រឺបុគ្គលពាក់ព័ន្ធ។ វិធានការដ៏ម៉ឺងមាត់នេះគឺជាការចាំបាច់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង»។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានសំដែងការអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលលើបញ្ហានេះ ហើយសមាគមទាំងពីរសង្ឃឹមថានៅពេលអនាគត យើងនឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។
សមាគមទាំងពីរនឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍របស់អតិថិជន ផលប្រយោជន៍របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕