អាហារូបករណ៍រេដបូក ( REDD+ ) បានគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការសិក្សាកម្រិតឧត្តមសិក្សារបស់និស្សិតជនជាតិដើមភាគតិចព្នង និងជាដើមទុនដ៏សំខាន់ក្នុងការជំរុញទឹកចិត្ត ដល់យុវជនក្នុងការដឹកនាំអភិរក្សធនធានធម្មជាតិ អភិវឌ្ឍន៍ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍ដែលពួកគេរស់នៅ។

គម្រោងអាហារូបករណ៍រេដបូកដែនជម្រកសត្វព្រៃកែវសីមាជាគម្រោងរបស់ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ ( WCS ) ដែលបានប្រកាសផ្តល់ជូននិស្សិតជនជាតិដើមភាគតិចកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

កាលពីថ្ងៃទី០៩ ខែសីហា កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការជនជាតិដើមភាគតិចកម្ពុជា ( CIPO ) និងអង្គការ WCS បានសហការគ្នាប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «យុវជនជនជាតិដើមភាគតិចគឺជាភ្នាក់ងារនៃការផ្លាស់ប្តូរដោយសិទ្ធិស្វ័យសម្រេច»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្នុងពិធីនេះមានបញ្ចូលនូវកម្មវិធីសម្តែងបែបប្រពៃណីជនជាតិដើមភាគតិច សិទ្ធិរបស់ជនជាតិដើមភាគតិច និងបង្ហាញអំពីតួនាទីរបស់យុវជនជនជាតិដើមភាគតិចក្នុងការផ្លាស់ផ្លាស់ប្តូរសហគមន៍របស់ពួកគេតាមរយៈការអប់រំ។ ហើយក្នុងពិធីខាងលើក៏បានរំលេចឡើងវិញនូវកម្មវិធីអាហារូបករណ៍រេដបូកដែរ។

កញ្ញា ព្យិញ ដើក ដែលទទួលបានអាហារូបករណ៍របស់គម្រោងរេដបូក ហើយកំពុងសិក្សាជំនាញ រៀបចំដែនដី និងរដ្ឋបាលដីធ្លី នៅរាជធានីភ្នំពេញ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើថា៖« នាងខ្ញុំជ្រើសរើសមុខជំនាញនេះពីព្រោះនាងខ្ញុំចង់ដោះស្រាយបញ្ហាវីវាទដីធ្លីដែលកើតមានឡើងក្នុងសហគមន៍ ក៏ដូចជាប្រើចំណេះជំនាញដីធ្លីរបស់នាងខ្ញុំដើម្បីជួយកសាងសមត្ថភាពសហគមន៍នៅក្នុងតំបន់នាងខ្ញុំ»។

លោក នេត វិបុល នាយករងអង្គការ WCS ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា អាហារូបករណ៍នេះមិនត្រឹមតែជាជំនួយផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែជាការវិនិយោគលើយុវជនដ៏សំខាន់ប្រកបដោយចីរភាពនៅថ្ងៃអនាគត។

លោក វិបុល៖« អាហារូបករណ៍ទាំងនេះនឹងជួយពង្រីកដល់ការយល់ដឹងបន្ថែមដល់នាក់ដឹកនាំវ័យក្មេងយើង»។
នៅក្នុងប្រទេសកម្ពុជាមានសហគមន៍ជនជាតិដើមភាគតិចចម្រុះប្រមាណ២៤ ក្រុមផ្សេងៗគ្នា ហើយអង្គការ WCS យល់ពីតម្លៃនៃប្រពៃណីដ៏ផូរផង់ជាមួយនឹងការអប់រំបែបទំនើបរបស់សហគមន៍ជនជាតិដើមភាគតិចនេះ។ ការណ៍ទាំងនេះបានធ្វើឱ្យក្រុមយុវជនជនជាតិដើមភាគតិចចូលរួមបង្កើយដំណោះស្រាយតាមបែបវប្បធម៌ និងប្រពៃណីពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាដើម្បីការពារទឹកដីដូនតារបស់ពួកគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ WCS។

អ្នកស្រី សួត ភានី ប្រធានសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិស្រែល្វី ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលបានចូលរួមផ្ទាល់នៅក្នុងថ្ងៃប្រារព្ធពិធីនេះ បានលើកឡើងថា កាលណាយុវជនកាន់តែមានការយល់ដឹងអំពីសិទ្ធិដីធ្លី សហគមន៍នឹងកាន់តែរឹងមាំក្នុងការការពារសិទ្ធិដីធ្លី និងអាចការពារកេរ្តិ៍តំណែលពីដូនតា សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

អ្នកស្រី ស្រួត ភានី បានបន្ថែមថា៖​ «យុវជននៅក្នុងសហគមន៍របស់ខ្ញុំគឺតែងតែមានសកម្មភាពចូលរួមការពារព្រៃឈើ និងសកម្មភាពទាក់ទងនឹងគម្រោងរេដបូក ដែលសកម្មភាពទាំងនេះគឺជាវិធីសាស្រ្តនាំឱ្យពួកគេការពារព្រៃឈើ និងអភិរក្សប្រពៃណីរបស់ជនជាតិយើងឱ្យនៅគង់វង្ស»។

គួររម្លឹកផងដែរថា នៅមានសហគមន៍ជនជាតិដើមភាគតិចចំនួន៤៥០សហគមន៍ទៀតដែលពុំទាន់ទទួលបានកម្មសិទ្ធិដីសមូហភាពនៅឡើយ។ សមិទ្ធផលសម្រេចបានដោយគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាគឺជាសមិទ្ធផលដំបូងគេបង្អស់ដោយសហគមន៍ជនជាតិដើមភាគតិចបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ហើយសកម្មភាពនេះបានបង្ហាញអំពីតម្រូវការចាំបាច់ក្នុងការពង្រីកសិទ្ធិទាំងនេះបន្ថែមទៀតនៅពេលដែលយើងគោរពឱ្យតម្លៃ និងរក្សាសិទ្ធិទាំងនេះ គឺយើងបានគាំទ្រសហគមន៍ជនជាតិដើមភាគតិចដើម្បីបង្កើតតំបន់មួយដែលធម្មជាតិ និងមនុស្សរីកចម្រើនជាមួយគ្នា។ នេះបើយោងតាមខ្លឹមសារដើមរបស់សេចក្ដីប្រកាសព័ត៌មានរបស់ WCS ដដែល៕