ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឃគាំទ្រអង្គការហ្វារពន្លឺសិល្បៈ បានដាក់ឱ្យដំណើរការគម្រោងសិល្បៈ ដែលមានលក្ខណៈបង្កើតថ្មីនៅខេត្តបាត់ដំបងក្នុងគោលបំណងរំលេចឲ្យឃើញពីបញ្ហាប្រឈម និងចក្ខុវិស័យតាមរយៈទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតនៃសិល្បៈ នៅកណ្តាលក្រុងបាត់ដំបង ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខ។
យោងតាមសេចក្តីប្រកាសចេញនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ថា គម្រោងខាងលើទទួលបានការគាំទ្រពីមូលនិធិ Metis ដែលជាគំនិតផ្ដួចផ្ដើមតែមួយគត់បង្កើតឡើងដោយទីភ្នាក់ងារ AFD នៅឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់សិល្បៈនិងការអភិវឌ្ឃក៏ដូចជាដើម្បីលើកកម្ពស់អត្ថប្រយោជន៍នៃគម្រោងនានាដែលដាក់ឲ្យគម្រោងនេះដំណើរការដោយ AFD។
ជាមួយសមិទ្ធផលយ៉ាងត្រចះត្រចង់នេះ គម្រោងខាងលើនឹងជួយលើកស្ទួយស្នាដៃសិល្បៈទាំងនេះថែមមួយកម្រិតទៀត។ ក្នុងន័យនេះ ពិពរណ៍មួយនឹងត្រូវរៀបចំឡើងនៅក្នុងឱកាសមហោស្រពមួយរយៈពេលនៅកណ្តាលក្រុងបាត់ដំបងក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខ។
ក្នុងអំឡុងមហាស្រពនេះ នឹងមានការដាក់បង្ហាញស្នាដៃសិល្បៈចំនួន៥ និងការសម្តែងទស្សនីយភាពសៀកជូនប្រជាពលរដ្ឋទស្សនា។
សេចក្តីប្រកាសដដែលបន្តថា «គម្រោងនេះមានទិសដៅបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់ខេត្តបាត់ដំបងតាមរយៈការលើកស្ទួយតម្លៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពរស់រវើកនៃសិល្បៈរបស់ខេត្តមួយនេះ»។
គួររំលឹកផងដែរថា គម្រោងខាងលើបានចាប់ផ្តើមដោយការរៀបចំសិក្ខាសាលាមួយឈ្មោះថា Phare Design Lab នៅខេត្តបាត់ដំបងកាលពី ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចូលរួមពីសំណាក់សិស្សសាលាហ្វារពន្លឺសិល្បៈ។
សិក្ខាសាលារយៈពេលមួយសប្ដាហ៍នេះបានជួយបង្កើតឲ្យមានស្នាដៃសិល្បៈចំនួន៧ ដែលត្រូវបានដាក់បង្ហាញនៅក្នុងឧទ្យានស្ថានទូតបារាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារ AFD នៅក្នុងប្រទេសកម្ពុជា៕