មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងដល់សាធារណជនទាំងអស់ក្នុងខេត្តព្រះវិហារថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួន ពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យពលរដ្ឋពីរនាក់ប្តីប្រពន្ធបានស្លាប់បាត់បង់អាយុជីវិត។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ចេញថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំបរិភោគរុក្ខជាតិ ឬសត្វល្អិត ដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និងអាចឲ្យបាត់បង់អាយុជីវិតបាន។

ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់ បានបរិភោគសត្វកំភេមខ្មោច ដោយបុរសជាប្តីបរិភោគចំនួនបីក្បាល និងស្ត្រីជាប្រពន្ធបានបរិភោគចំនួនប្រាំក្បាល។ បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណជា១០នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតផងដែរ។

គួររំលឹកថា កន្លងមកមន្ទីរសុខាភិបាលក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានទទួលរងគ្រោះថ្នាក់ដោយសារបរិភោគរុក្ខជាតិដូចជា ផ្សិត ឬក៏សត្វល្អិត ដែលបណ្តាលឲ្យពុលអ្នកខ្លះអាចជួយសង្គ្រោះបាន និងអ្នកខ្លះទៀតមិនអាចជួយសង្គ្រោះបាន។ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពីថ្ងៃទី៥ និងបុរសជាប្តីបានស្លាប់នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣៕