រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែសីហា ដោយតបតាមការអញ្ជើញរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះលោក វ៉ាង យី បានជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសពីរ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានខាងលើ។
ទាក់ទងនឹងបញ្ហានេះលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានទំនាក់ទនងចិន-កម្ពុជា លើកឡើងថា ប្រទេសចិនជាប្រទេសសំខាន់ដែលតែងតែគាំទ្រជម្រើសឯករាជ្យរបស់កម្ពុជានៃការអភិវឌ្ឍ ហើយបានគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់កម្ពុជា។
លោក គិន ភា បន្ថែម៖ «ក្នុងបរិបទនេះ លោក ហ៊ុន ម៉ាណែត ទំនងជារក្សាគោលនយោបាយបច្ចុប្បន្នចំពោះប្រទេសចិនដែលឈរលើចំណងមិត្តភាពប្រពៃណី ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះៗ»។
ក្រៅពីកម្ពុជា លោក វ៉ាង យី ក៏ទៅបំពេញទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ានពីរទៀតដែរ គឺប្រទេសម៉ាលេស៊ី និងសិង្ហបុរី នៅក្នុងសប្តាហ៍ជាមួយគ្នានេះ៕