លោក រ៉ូ វណ្ណៈ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បាននិយាយថាការចាប់អារម្មណ៍នយោបាយ មានតិចតួច និងមិនចាប់អារម្មណ៍សោះបានប្រហែល ៨២ភាគរយ ដោយសារកង្វះខាតនៃការយល់ដឹង ការមិនខ្វល់ខ្វាយ និងយុវជនមួយចំនួនយល់ថាការធ្វើនយោបាយអាចបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។

លោក រ៉ូ វណ្ណៈបានបន្តថាការជជែកពិភាក្សានៃរឿងនយោបាយនៅមានកម្រិតនៅឡើយ ជាក់ស្ដែងមានតែយុវជនមួយភាគតួចប៉ុណ្ណោះដែលហ៊ានជជែករឿងនយោបាយនៅក្នុងគ្រួសារ។

លោក រ៉ូ វណ្ណៈបានយោងតាមរបាយការណ៍របស់អង្គការតម្លាភាពឆ្នាំ២០២២ ក្នុងវេទិកាយុវជនថ្នាក់ជាតិ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅ ថ្ងៃទី១១ ខែសីហា នៅរាជធានីភ្នំពេញ។

វេទិកាយុវជននេះមានការរៀបចំកិច្ចពិភាក្សាក្រុមតូចទៅតាមប្រធានបទ ៤ផ្សេងៗគ្នាទាក់ទងនឹងបញ្ហាប្រឈម ឱកាស ផ្លូវឆ្ពោះទៅមុខ និងអំពីការពង្រីកលំហនយោបាយសម្រាប់ការចូលរួមរបស់យុវជន ទស្សនៈរបស់យុវជនចំពោះអំពើពុករលួយ បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម និងទស្សនៈរបស់យុវជនលើវិស័យការងារ។

សម្រាប់ឧបសគ្គធំបំផុតដែលរារាំងពួកគាត់មិនឱ្យចូលរួមរឿងនយោបាយមាន កង្វះឱកាសចូលរួមបញ្ចេញមតិដោយសេរី កង្វះយល់ដឹងពីផលប្រយោជន៍នៃការចូលរួម កង្វះសមត្ថភាព និងធនធាននៃការចូលរួម។

នៅក្នុងការស្ទង់មតិនោះយុវជនចំនួន ១៣០០នាក់ រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់មនុស្សសម័យបច្ចុប្បន្ន ទៅលើការចូលរួមនយោបាយ ការបញ្ចេញមតិ ឬពិភាក្សារឿងនយោបាយ ផ្ទុយទៅវិញក្នុងរបាយការណ៍ដដែលរកឃើញថាយុវជនមិនសូវចាប់អារម្មណ៍ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការសំដែងមតិយោបល់ ឬចែករំលែក ពិភាក្សារឿងនយោបាយនោះទេ។

តាមការបកស្រាយរបស់វាគ្មិន កញ្ញា ស៊ន់ សុខផាន់ណា ដើម្បីបង្កើតបរិយាបន្ននៃលំហនយោបាយ យើងត្រូវធ្វើយ៉ាងណាឱ្យមនុស្សគ្រប់រូបចូលរួមបាន គឺជំរុញគាត់ចូលរួមក្នុងសកម្មភាពនានា ទទួលបានឱកាសសម្រេចចិត្ត និងបញ្ចេញបតិផ្សេងៗទៅលើគោលនយោបាយ សេដ្ឋកិច្ច ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទទួលយកការសម្រេចចិត្តរបស់គាត់ ផ្ដល់សិទ្ធិដល់ពូកគាត់ក្នុងការទទួលបានព័ត៌មាន យល់ដឹងពីកិច្ចប្រជុំថវិកាជាតិជាដើមទាំងថ្នាក់ជាតិនិងក្រោមជាតិ មានសមភាព និងគណនេយ្យភាព សម្រាប់ប្រជាជនទាំងអស់គ្នា។

«ត្រង់ចំណុចនឹងត្រូវជំរុញគាត់ឲ្យទទួលបាននូវសិទ្ធគោលនយោបាយនៅក្នុងការសម្រេចចិត្ត ហើយទាក់ទងនឹងសមភាព គណនេយ្យ ភាពទាំងប្រជាជននៅក្នុងសាធារណៈ និងអ្នកសហការជាមួយស្ថាប័នឯកជនផ្សេងៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ»។

ទស្សនៈផ្ទាល់របស់លោក ឃឿន កំសត់ សម្រាប់តួនាទី អ្នកពាក់ព័ន្ធ ស្ថាប័ននិងភាគីពាក់ព័ន្ធ ត្រូវបង្កភាពងាយស្រួលដល់យុវជន និងយុវជនខ្លួនឯងផ្ទាល់ត្រូវមានភាពក្លាហាន និងស្វែងយល់បន្ថែមទៀតទៅលើអ្វីដែលខ្លួនឯងស្រលាញ់និងអាចចូលរួមបាន ហើយអាណាព្យាបាលក៏ជាផ្នែកមួយក្នុងការជួយជំរុញ និងតម្រង់ទិសដក់ពួកគាត់ ហើយអង្គការក្រៅរដ្ឋាភិបាលសូមនៅតែបន្តគៀងគរយុវជនក្នុងការចូលរួមសកម្មភាពនានា កាន់តែសំខាន់ទៀតនោះគឺ រាជរដ្ឋាភិបាល ត្រូវផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមបញ្ចេញមតិទស្សនៈក្នុងកិច្ចអភិវឌ្ឍសហគមន៍។

«ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលបានគោរពទៅតាមគោលការណ៍មួយចំណុចនឹងល្អមែនទែន សម្រាប់យើងដែលយើងអាចហ៊ានបញ្ចេញទស្សនៈ មិនថាជាមួយយុវជនគ្នាឯង ជាមួយឪពុកម្ដាយក្នុងគ្រួសាររបស់យើង ជាពិសេសជាងគេរាល់ថ្ងៃនឹងយើងឃើញថាយុវជនគឺប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន បើសិនពួកយើងអាចបង្ហាញ គំនិតយោបល់របស់យើងកាន់តែល្អប្រសើរ»។

តាមសម្ដីរបស់វាគ្មិន កញ្ញា ឡុង គន្ធា គ្រប់គ្នានិយាយថានយោបាយគឺជារឿងគ្រោះថ្នាក់ មិនហ៊ានក្នុងការធ្វើនយោបាយនោះទេ ប៉ុន្តែនៅពេលដែលយើងដឹងស្វែងយល់ថាអ្វីជានយោបាយហើយនយោបាយគឺវាផ្សារភ្ជាប់ជាមួយយើងរាល់ថ្ងៃរហូត នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយវាមិនសំដៅទៅលើតែអ្នកធ្វើនយោបាយ ឬគណបក្សនយោបាយនោះទេ គឺវាពាក់ព័ន្ធទាំងអស់គ្នាហើយមនុស្សគ្រប់គ្នាគឺរស់នៅជាមួយនឹងនយោបាយរហូតដូចនេះមិនគួរខ្លាចក្នុងការធ្វើនយោបាយនោះទេ។

«ពេលខ្លះយើងខ្លាចខ្មោច តែយើងអត់ដែលឃើញខ្មោចមិចទេ រូបរាងខ្មោចមិចយើងអត់ដឹងតែយើងនាំគ្នាខ្លាចខ្មោច វាអត់ខុសពីយើងខ្លាចនយោបាយទាំងដែលមិនដែលដឹងថាអ្វីជានយោបាយមានន័យថាមិច ហើយក៏វាអត់ខុសគ្នាពីការខ្លាចពន្ធនាគារតែយើងអត់ដែលបានចូលពន្ធនាគារដែរ។»

មនុស្សគ្រប់រូបមានកាតព្វកិច្ចតាំងពីកំណើតក្នុងការចូលរួមសកម្មភាពសង្គមនានា ចូលរួមខ្វល់ខ្វាយ ឈឺឆ្អាលចំពោះប្រទេសជាតិ ការចូលរួមយល់និងធ្វើនយោបាយគឺវាសំខាន់សម្រាប់ប្រទេសជាតិយើងមិនអាចយកវាសនាប្រទេសជាតិទៅពឹងលើតែមនុស្សមួយឬពីរនាក់នោះទេ វាសនាប្រទេសជាតិគឺពឹងទៅលើប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការចូលរួម រួបរួមគ្នា ឆ្ពោះទៅរកសន្តិភាព និងប្រជាធិបតេយ្យ៕