អគ្គនាយកដ្ឋានពន្ធដារបានរំលឹកជាលើកទី២ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ដែលមានជាប់កាតព្វកិច្ចពន្ធដីទំនេរមិនបានប្រើប្រាស់ឆ្នាំ២០២៣ មេត្តារួសរាន់ទៅបង់ឱ្យបានមុនថ្ងៃផុតកំណត់ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចៀសវាងរងទណ្ឌកម្មរដ្ឋបាល។

តាមរយៈសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា ដើម្បីជំរុញប្រមូលពន្ធលើអចលនទ្រព្យ និងឬដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់និងចៀសវាងនូវការកកស្ទះ។

ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃផុតកំណត់ ដែលនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចមេត្តារួសរាន់បង់ឱ្យបានទាន់ពេលនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធានាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ឬធនាគារវឌ្ឍនៈ ឬធនាគារ កម្ពុជាសាធារណៈភីអិលស៊ី ឬធនាគារជេត្រាស់ រ៉ូយ៉ាល់ ឬធនាគារ ប្រៃណីយ៍កម្ពុជា ឬធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញបានពី App Store ឬ Play Store។

«ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលទ្រព្យទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕