ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣ ថាមានកូនផ្សោតញីមួយក្បាលមានអាយុ ២ខែត្រូវបានស្លាប់ដោយសារជាប់មងនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល។

យោងទៅតាមសេចក្តីប្រកាសនៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថាមានកូនផ្សោតញីមួយក្បាលដែលមានប្រវែង១,០១ម៉ែត្រទម្ងន់១៤,៤គីឡូក្រាមអាយុប្រមាណ២ខែបានស្លាប់ដោយសារជាប់មង។

ក្រសួងបានបញ្ជាក់ផងដែរថានៅរដូវទឹកឡើងសត្វផ្សោតតែងតែផ្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងសត្វត្រី តាមការស្រាវជ្រាវលក្ខណៈជីវសាស្រ្ត កូនផ្សោតរស់នៅជាមួយមេប៉ៅទឹកដោះរយៈពេល១ឆ្នាំ។

ហេតុនេះកូនផ្សោតដែលប្រទះឃើញស្លាប់ ទំនងជាបានផ្លាស់ទីតាមមេចេញទីទន្លេមេគង្គលើក្នុងភូមិសាស្រ្តខេត្តក្រចេះមកដល់ខេត្តកណ្តាលទើបបណ្តាលអោយជាប់មងស្លាប់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថាបើគិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រងនិងកាពារសត្វផ្សោត រហូតមកដល់បច្ចុប្បន្នសត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុប៩២ក្បាល៕