ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមសត្វត្រចៀកកាំយកសំបុកលក់ កំពុងត្រូវបានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយកធ្វើជាអាជីព បន្ទាប់ពីមានទីផ្សារល្អ និងមានតម្លៃខ្ពស់នៅកម្ពុជា។
លោក ស្រី សុផល អាយុ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនត្រចៀកកាំអង្គរលើកឡើងថា លោកបានចាប់អាជីពជាអ្នកចិញ្ចឹមសត្វត្រចៀកកាំដើម្បីយកសំបុកលក់ តាំងពីឆ្នាំ២០០០មក ដោយសារអាចរកចំណូលបានច្រើន។
ហាងរបស់លោក ឈ្មោះថា Angkor Bird Nest ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២២៩ប ផ្លូវ ២៧១ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានី ក្បែរស្ពានអាកាស ៧មករា (មន្ទីរពេទ្យព្រះលោកសង្ឃ)។ លោកកំពុងអង្គុយកៅអីនិយាយដោយទឹកមុខស្មើថាខ្លួនមានបទពិសោធន៌ ២៣ឆ្នាំហើយក្នុងការចិញ្ចឹមសត្វត្រចៀកកាំ។
លោកបន្ថែមថាសត្វត្រចៀកកាំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់គាត់។ លោកមានប្រសាសន៍ថា «ការចិញ្ចឹមសត្វត្រចៀកកាំអាចមានផលប្រយោជន៍ច្រើនទី១ អភិរក្សសត្វព្រៃ កុំសម្លាប់វា ទី២បានជួយកាត់បន្ថយសត្វល្អិតមុនពេលសត្វត្រចៀកកាំកាន់តែច្រើន វាស៊ីសត្វល្អិតចឹងបានន័យថាវាមានលំនឹងធម្មតា ជាពិសេសទៅនោះចំណូលដល់ច្រើននោះ គឺយើងបានពីលក់សត្វសំបុកត្រចៀកកាំពីព្រោះការលក់សំបុកត្រចៀកកាំវាបានថ្លៃ លាមកសត្វត្រចៀកកាំយើងអាចយកទៅធើ្វជីបានជាប្រយោជន៍»។
លោកបានប្រាប់មកមកកាន់ Newsroom Cambodia បន្តទៀតថា៖ «ការចិញ្ចឹមសត្វត្រចៀកកាំទំហំផ្ទះដែលយើងចិញ្ចឹមល្អគឺ ៨ x ២០ គឺតូចតែវាល្អហើយវាមាន ១ជាន់, ២ជាន់, ៣ជាន់ តាមលទ្ធភាពដែលយើងធើ្វបានតែបើ ១ជាន់សើ្មដីអាចប្រមូលផលបាន ៧ ទៅ ៨ គីឡូដែលអាចលក់ ១គីឡូរ បាន៥០០$ ទៅ ៦០០$ ក្នុង១ខែអាចបាន ២០០០$ ទៅ ៣០០០$។»
លោកថាការចិញ្ចឹមសត្វត្រចៀកកាំក៏មានផលប៉ះពាល់ដែរប្រសិនបើចិញ្ចឹមនៅទីក្រុង។ លោកមានប្រសាសន៍ទៀតថា «ការចិញ្ចឹមសត្វត្រចៀកកាំក៏អាចមានផលប៉ះពាល់ប្រសិនជាចិញ្ចឹមនៅក្នុងទីក្រុង គឺវាប៉ះពាល់សំលេងនៅពេលបើកសំឡេងរំខានដល់អ្នកជិតខាង ហើយមួយទៀតបើអត់ថែសំអាតទេ វាអាចប៉ះពាល់បរិស្ថានព្រោះលាមកវាអាចក្លិនដាច់ខាតយើងត្រូវតែសំអាត បើអត់សំអាតទេ វាត្រូវប៉ះពាល់ទាំងសំឡេងនិងក្លិន»។
លោកបន្ថែមថា «ជាទូរទៅនៅពេលដែលចាប់ផ្តើមមុនដំបូងរយៈពេលតែ ២ ទៅ៣ខែ ហ្នឹងគឺមានសំបុកហើយមិនអាចទៅបេះបានទេ យើងអាចទុក ៩ ខែទៅ ១ឆ្នាំ ដើម្បីនៅអោយច្រើនបន្តិច ពេលយើងបេះទៅ អត់ផ្អើលនឹងអាចលក់បាន»។
លោកបានប្រាប់ព័ត៌មានទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមសត្វត្រចៀកកាំវិញត្រូវការលម្អិតបន្តិចវាមានច្រើនចំណុច ទី១គឺជ្រើសរើសយកទីតាំងឲ្យបានល្អិតល្អិន កន្លែងខ្លះមានផ្សែងពុល និងមានបច្ចេកទេសច្បាស់លាស់ មានក្លិនវាមិនអាចរស់នៅទេ។ បន្ទាប់មកត្រូវជ្រើសរើសអ្នកជំនាញខាងបច្ចេកទេសច្បាស់លាស់។
យ៉ាងវិញទៀតទាក់ទងនឹងសំណង់ធ្វើទៅតាមសំឡេង គឺមានការបែងចែកសំឡេងមានក្រៅ និងក្នុង។ ចំពោះការប្រមូលផលវិញ អ្នកទើបតែ លើកដំបូងអាចប្រមូល បីខែមួយដង ប្រសិនជាមានការប្រមូលផលបានច្រើនបន្តិចអាច មួយខែម្តងរហូតដល់ស្តង់ដារហើយអាច ប្រើរយៈពេល ១៥ថ្ងៃម្តង គុណភាពវាល្អហើយ យើងអាចស្រួលលក់។
រៀងរាល់ដែលយើងប្រមូលផលបាន យើងត្រូវតែសម្អាតកន្លែងវារស់នៅត្រូវលាងឲ្យបានស្អាត ដើម្បីកុំឲ្យវាមានសត្វល្អិត កុំអោយវាមានក្លិន។ កាលណា កន្លែងដែលសត្វរស់នៅទីនោះ មានទីធ្លារស្អាតរស់នៅហើយ នោះជាអត្រានៃជោគជ័យបានមួយកម្រិតថែមទៀត។
ប្រសិនជាមានសត្វល្អិតមានការរំខាននោះ ទៅថ្ងៃក្រោយវាមានភាពបរាជ័យក្នុងការចិញ្ចឹមវា។ កាលពីដំបូងប្រជាជនខ្មែរយើង ផ្អើលតែងតែធ្វើនៅតំបន់សមុទ្រ។ ប៉ុន្តែតាមការវិវត្តន៏ចុងក្រោយនេះ កន្លែងណាក៏មានចិញ្ចឹមបានដែរ។
ហើយតំបន់សមុទ្រអីលូវ ហាក់បីដូចជាមិនសូវ ល្អទីមួយចំនួនផ្ទះច្រើនពេក ទី២ ចំនួនសហគ្រាសធំៗ បានកើនឡើង ទីជម្រករបស់សត្វចាប់ផ្តើមប្តូរហើយ តំបន់ដែលជោគជ័យខ្លាំងបំផុតគឺ ទៅតាមបឹងទន្លេរសាប ជុំវិញបឹងទន្លេសាប ទន្លេមេគង្គ។
លោកបានបន្ថែមទៀតថាអាកាសធាតុដែលសត្វត្រចៀកកាំអាចរស់នៅបាន គឺប្រហាក់ប្រហែលគ្នានៅតាមតំបន់អាស៊ីអាគ្នេយ៍។ លោកមានប្រសាសន៍ថា៖ «អាកាសធាតុដែលសត្វត្រចៀកកាំអាចរស់នៅបាន គឺប្រហាក់ប្រហែលគ្នានៅតាមតំបន់អាស៊ីអាគ្នេយ៍ដែលអាចរស់បាននោះ អាចមានអាកាសធាតុក្តៅហើយសើម តំបន់ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី រីឯនៅប្រទេសថៃនិងវៀតណាម អាចចិញ្ចឹមនៅតំបន់ ខ្លះបាន»។
ចំពោះនៅប្រទេសកម្ពុជាវិញអាច ចិញ្ចឹមសត្វត្រចៀកកាំបាន ពេញគ្រប់ទីកន្លែងតែម្តង។ ការចិញ្ចឹមវាមិនមានការលំបាកនោះទេ ធ្វើទៅតាមបច្ចេកទេស យើងត្រូវតែមានភាពអត់ធ្ងត់ ឧស្សាហ៏ព្យាយាមប្រសិន ជាយើងមិនមានការថែដិតដល់នឹងមានកាបរាជ័យ។
បន្ថែមពីនេះ លោកបានរៀបរាប់ពីការធ្វើ ដើមទុនគឺអាស្រ័យទៅលើយើងដែរ បើយើងប្រើផ្ទះចាស់ដើមទុន មិនត្រូវការច្រើននោះទេ។ តែប្រសិនជាធ្វើតែម្តងអាច ត្រួវការថវិកាច្រើនដែលត្រូវតែសង់ផ្ទះ អោយសត្វត្រជាក់កាំរស់នៅ ត្រូវការផ្ទះ ៨២០ ស្មើនឹងបួនជាន់ និងចំណាយលើការទិញដី នឹងអាចចំណាយខ្ទង់ ៨ម៉ឺនដុល្លារជាង រីឯ ៨២២ អាចអស់ខ្ទង់ ៨ម៉ឺនដុល្លារជាង។
លោកបានប្រាប់ថាមូលហេតុនៃការជម្រុញធ្វើការអាជីវកម្មមួយនេះដែលលោកបានសិក្សាឃើញមាន passive income។
លោកនិយាយថា៖ «ការជម្រុញក្នុងការអាជីវកម្ម គឺលោកបានសិក្សាឃើញមាន passive income ដែលបកជាភាសារខ្មែរបានថា ចំណូលអសកម្ម គឺការចិញ្ចឹមសំបុកត្រចៀកកាំនឹងមានចំណូលខ្លាំងជាងគេ ហើយមិនជាពិបាកទៅលើមុខអាជីកម្មនោះទេ។ រាល់ថ្ងៃអាចលក់នៅទីផ្សារនៅក្នុងស្រុក មានខ្លះទៀតលក់ភ្ញៀវបរទេសគាត់មកលេងនៅស្រុក គាត់បានទិញនៅស្រុកខ្មែរ គាត់ទិញប្រើប្រាស់សម្រាប់ខ្លួនឯង»។
បន្ថែមពីទៀត រដ្ឋាភិបាលយើងកំពុងតែរៀបចំដើម្បីនាំចេញ។ លោកបានបញ្ជាក់ថា៖ «ចំពោះអាជីវកម្មគាត់ផ្ទាល់ចូលរួម Cambodia trade និង Alibaba ដើម្បីលក់ក្រៅស្រុក»។
លោក ស៊ុយ កុកធាន អាយុ 42 ឆ្នាំ ជាប្រធាន សមាគមន៍ត្រចៀកកាំខ្មែរ បានយល់ឃើញថាសម្រាប់ការចិញ្ចឹមសត្វត្រចៀកកាំ ពីព្រោះមានតម្រូវការទូរទាំងពិភពលោក មានបរិមាណលើកលប់បើយើងសិក្សាក្នុងសម័យកូវីដ១៩ តម្រូវការដែលក្នុងពិភពលោកព្រមទាំងប្រទេសចិនទាំងមូល នៅខ្វះរហូតដល់ ៥០%ទៀត គឺសើ្មនឹង ១០០០តោន នៅប្រទេសចិន។
អញ្ចឹងការចូលរួមចំណែកផលិតសំបុកត្រចៀកកាំរបស់ប្រទេសកម្ពុជាយើងគឺមានបន្តិចបន្តួចណាស់ ស្ទើតែមិនបាន១% នៃតម្រូវការប្រជាជននៅក្នុងប្រទេសចិន ប្រទេសកម្ពុជាកំពុងតែសហការជាមួយប្រទេសចិននាពេលចុងឆ្នាំនេះ។
លោកបានបន្ថែមទៀតថាដោយមូលហេតុដើម្បីរក្សានូវតម្លៃ គួរតែអ្នកចិញ្ចឹមត្រូវសហការគ្នា។ លោកបានប្រសាន៍ថា «ដើម្បីរក្សានូវតម្លៃ គួរតែអ្នកចិញ្ចឹមត្រូវសហការគ្នាប្រមូលផ្តុំអ្នកចិញ្ចឹមទាំងអស់ចូលផ្តល់ទិន្នន័យនិងបរិមាណជូនដល់សហគមន៍សត្វត្រចៀកកាំ ងាយស្រួលទាញយកទិន្នន័យផ្តល់ជូនដល់អ្នកកែច្នៃផងដែរ»។
លោកបន្តទៀតថា «កន្លងមកមានរោងចក្រជាច្រើនចង់ធើ្វការសហការកែច្នៃនៅប្រទេសកម្ពុជា ប៉ុន្តែគេមិនទាន់ក្តាប់ទិន្នន័យច្បាស់លាស់នៅប្រទេសកម្ពុជានៅឡើយទេ»។
លោកបញ្ជាក់ទៀតថាអំពីទិន្នន័យនៃការចិញ្ចឹមសត្វត្រចៀកកាំនៅប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់។ លោកបាននិយាយថា៖ «ចំពោះទិន្នន័យនៃការចិញ្ចឹមសត្វត្រចៀកកាំនៅប្រទេសកម្ពុជា មិនទាន់ដឹងជាក់លាក់ណាមួយឡើយហើយក៏មិនទាន់មានសេវាបែបវិទ្យាសាស្រ្តណាមួយឡើយ ប៉ុន្តែបានធ្វើការសន្និដ្ឋានអ្នកជំនាញនៅក្នុងវិស័យមួយហ្នឹង គឺប្រទេសកម្ពុជាយើងមាន ៥ពាន់ផ្ទះ និងអាចផលិតជាង ១ពាន់តោនក្នុង ១ឆ្នាំ ការនាំចេញមិនទាន់ជាមានបែបផ្លូវការនៅឡើយទេ។»
លោកវេជ្ជបណ្ឌិត ស្រី សុផល ជាម្ចាស់ក្រុមហ៊ុនត្រចៀកកាំអង្គរ នៅទីក្រុងភ្នំពេញ ជាចុងក្រោយលោកបានបន្ថែមទៀតថា «ខ្ញុំសំណូមពរដល់កាន់អ្នកចិញ្ចឹមសត្វត្រចៀកកាំ ទាំងអស់ឲ្យថែទាំត្រចៀកកាំឲ្យបានល្អ ដើម្បីបានផលច្រើន ហើយណាមួយយើងរួមចំណែក គ្នាដើម្បីព្យាយាមអាចរកទីផ្សាចេញទៅក្រៅប្រទេស តែបើយើងមិនសាមគ្គីគ្នាទេ ពុំអាចបានលក់នៅក្រៅប្រទេសទេ គេត្រូវការបរិមាណច្រើន»។
ហើយម្យ៉ាងវិញជួយអោយរដ្ឋាភិបាលជួយរកទីផ្សាអោយខាងយើងផង និងជួយរកស្តង់ដាណាមួយដែលអាចនាំចេញទៅកាន់ ប្រទេសគេបាន ព្រោះមិនទាន់ស្គាល់ពីស្តង់ដានៃការនាំចេញនោះនៅឡើយទេ។
លោកបន្តទៀតថាជួយបង្រៀនដល់អ្នកចិញ្ចឹម សត្វត្រចៀកកាំនឹងឲ្យគាត់យល់ពីស្តង់ដាសំបុកត្រចៀកកាំមួយ កុំអោយមានការធ្លាក់ថ្លៃទៀត ជាពិសេសយើងបានចំណូលដល់ច្រើនពីសំបុកត្រចៀកកាំពេលដែលលក់បានថ្លៃ លាមកសត្វត្រចៀកកាំយើងអាចយកទៅធើ្វជីផងដែរ៕