ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថាស្ថាប័នតុលាការនៅកម្ពុជា នៅតែត្រូវបានអ្នកមានអំណាចបន្តប្រើ ដើ​ម្បី​គំរាមកំហែងពលរដ្ឋក្រីក្រមិនឱ្យតស៊ូមតិប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ ពាក់ព័ន្ធនឹងការរំ​លោ​ភ​បំពានដីធ្លី ។

ការរិះគន់នេះ ក្រោយសាលាដំបូងខេត្តកោះកុង បានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនដីធ្លីខេត្តកោះ​កុ​​​ង​ចំនួន១០នាក់ ឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងបង់ប្រាក់ ៤០លានរៀល ទៅឱ្យឧកញ៉ា ហេង ហ៊ុយ​​ ករណីជ​​ម្លោះដីដ្លីដែលអូសបន្លាយជិត២០ឆ្នាំ។

តែយ៉ាងណា តុលាការមិនបានចេញដីការបង្គាប់ឱ្យឃុំខ្លួនពួកគេទាំង១០នាក់នោះ ក្នុងពន្ធនាគារ ដូចអ្នកត​វ៉ា​ដីធ្លី៩នាក់ផ្សេងទៀត ដែលត្រូវបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ស​ក​ម្ម​​​ជ​នដី​ធ្លី ​តែង​តែរ​ងគ្រោះក្រោ​មកា​រ​រំលោ​ភយកដី​ធ្លីពីឧក​ញ៉ាមួយ​ចំនួន ​ហើយ​ពួក​គេ​បាន​ព្យាយា​មរ​កយុ​ត្តិធ​​​ម៌​ពី​ស្ថាប័ន​តុ​លា​ការ​។​ប៉ុន្តែ​ថា បែ​រ​ជាត្រូ​វ​ចា​ញ់ក្តី​ជាបន្ត​បន្ទាប់ទៅ​វិ​ញ។​

​លោ​​​ក​ចាត់ទុ​កថា កា​រ​កា​ត់ក្តីដែល​​ទាក់ទិ​នរឿង​ដីធ្លី​អូសប​ន្លាយ​​​ជិត​២​០​ឆ្នាំ​ជា​មួយ​ឧកញ៉ា​ ហេង ហ៊ុយជារឿ​ង​អយុត្តិធម៌និងជាការធ្វើទុក្ខបុកម្និញ លើព​លរ​ដ្ឋ​មិ​នឱ្យងើបតវ៉ា​ទាមទារ​រកយុត្តិ​ធម៌។

លោកបន្តថា៖ «យើងឃើញថា​ករណីនេះ ជារឿងមួយការដាក់បន្ទុក សម្រាប់ប្រជាពលរដ្ឋ សម្រាប់សហគន៍បន្ថែមទៀត។បើយើងនិយាយទៅអានេះ ជាការគំរាមគំហែងបំបាក់ស្មារតីទៅលើតំណាងសហគមន៍តែម្តង។ រឿងដីធ្លី ដែលយើងមើលទៅថា បញ្ហាដីធ្លី មិនទាន់ត្រូវបានដោះស្រាយឱ្យបានចប់ ប៉ុន្តែផ្ទុយទៅវិពួកគាត់បែរជារងនូវបណ្តឹងទៅតុលាការជាបន្តបន្ទាប់ ជាប់ជាប់គ្នា»

សាលាដំបូង​ខេត្ត​កោះ​កុង​ ​កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ​​បាន​ចោទ​ប្រកាន់ សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ពីបទ«បរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គ»​ដោយពួកគេប្រឈមជាប់ពន្ធនាគារចំនួន១ឆ្នាំនិងត្រូវបង់ប្រាក់ចំនួន៤០លានរៀល ទៅឱ្យឧកញ៉ា ហេ​ង ហ៊ុយ ដែលជាដើមបណ្តឹង។ ​

សកម្មជនដីធ្លីទាំង១០ នាក់នោះ រួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេត ហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ។

ជាមួយគ្នានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការសោកស្តាយចំពោះសាលក្រមរបស់សាលាដំបូងខេត្តកោះកុង ដោយថាការកាត់សេចក្តីនេះមិនមានតម្លាភាព។

បន្ថែ​មលើនេះ លោកថា ស្ថាប័នតុលាការដែលគេចាត់ទុកថា​ជាស្ថាប័នឯករាជ្យ ហាក់បានដើរតួនាទីគំរាមគំហែ​ងពលរដ្ឋ និងបម្រើឱ្យតែអ្នកមានអំនាចទៅវិញ។ 

លោកថា៖«នៅក្នុងប្រព័ន្ធ​យើងបច្ចុប្បន្ននេះ ទាំងប្រព័ន្ធយុត្តិធម៌ ទាំងអាជ្ញាធរ ហាក់បីដូចជាមានការរៀ​​​​ចំមួយជាលក្ខណៈប្រព័ន្ធអ៊ីចឹង។ អ្នករងគ្រោះ នៅតែបន្តការរងគ្រោះដដែល»។

យ៉ាងណាក្តី សកម្មជនដីធ្លីដែលចាញ់ក្តីទាំង ១០នាក់នេះ​ បានអះអាងថា ពួកគេនឹងបន្តប្តឹងជំទាស់ទៅកាន់សា​លាឧទ្ធរណ៍ ដោយសង្ឃឹមថា នឹងអាចរកយុត្តិធម៌ឱ្យពួកគេបាន។

តំណាងសកម្មជនដីធ្លី អ្នកស្រី កើត នៅ រស់នៅភូមិតានី ប្រាប់ថា គាត់បានខិតខំរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋជាច្រើនលើក ក្រោយបាត់បង់ដីចំនួន ៤ហិកតា ពាក់ព័ន្ធជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ ក្នុងឆ្នាំ២០០៧។

អ្នកស្រីបន្ថែមថា អំឡុងពេលនោះ ឧកញ៉ារូបនេះ បានសន្យាដោះដូរដីឱ្យគាត់ និងប្រជាសហគមន៍ផ្សេងទៀត ប៉ុន្តែជិត២០ឆ្នាំទៅហើយ មិនមានដំណោះស្រាយឱ្យប្រជាសហគមន៍នោះទេ បែរជា ត្រូវតុលាការឱ្យពួកគាត់ជាប់ទោសទៅវិញ។

ស្រ្តីវ័យ៣៨ឆ្នាំរូបនេះ និយាយថា គាត់មិនអាចទទួលយកការសម្រេចសាលក្រមរបស់សាលាដំបូងខេត្តកោះកុងបានទេ ដោយថា ជារឿងអយុត្តិធម៌។

អ្នកស្រីថា៖ «ពួកយើងជាជនរងគ្រោះដីធ្លី ពិតប្រាកដ ហេតុអីតុលាការគាត់ កាត់ទោសឱ្យយើងជាប់ពន្ធនា​​គារ ហើយបង់ប្រាក់ពិន័យទៅ លោក ហេង ហ៊ុយ​ វិញអញ្ជឹង! ខ្ញុំប្រជាពលរដ្ឋជាជនរងគ្រោះដីធ្លី ខ្ញុំឈឺចាប់ខ្លាំងមែនទែន»។

ចំណែក សកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី អិប តឹង ប្រាប់ថា គាត់នឹងប្តឹងទាស់ទៅកាន់សាលាទ្ធរណ៍បន្តទៀត ដើម្បីទាមទាររកយុត្តិធម៌ ក្រោយចាញ់ក្តីនៅសាលាដំបូងនេះ។

ប្រភពបន្តថា គាត់បាត់បង់ដីចំនួន ១១ហិកតា ទៅកាន់ក្រុមហ៊ុន របស់លោកឧកញ៉ា ហេង ហ៊ុយ ហើយថា ក្រោយពេលបាត់បង់ដីនេះ ធ្វើឱ្យក្រុមគ្រួសារគាត់ប្រឈមបញ្ហាជីវភាពខ្លាំង។

អ្នកស្រីថា៖«បញ្ហាទី១ ខ្វះខាត​​ គឺអត់មានដីអាស្រ័យផល សម្រាប់ធ្វើស្រែហូបទេ គឺយើងធ្វើស្រែ​ហូបអត់ឆ្អែទេ។ដើរប្រវាស់ស្រែគេធ្វើ ធ្វើស្រែណាដែលម្ចាស់ស្រែគេធ្វើ​ ដើរសុំគេធ្វើ»

បើតាមអ្នកស្រី អិប តឹង ឱ្យដឹងថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្ត​កោះកុងនេះ ប៉ះពាល់ ពលរដ្ឋជិត ២០០គ្រួសារ(១៩៧) លើផ្ទែដីចំនួន ១ ២០០ ហិកតារ ជាមួយក្រុ​មហ៊ុ​​​នលោក ឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហ​គ​​ម​​ន៍​ តាំងពីអំឡុងឆ្នាំ២០០៧មកម្លេះ។

ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បាន ឆ្លើយតបតាមប្រ​ព័ន្ធ​តេលេ​ក្រាម ដោយខ្លីថា ការសម្រេចរបស់សាលាដំបូងឱ្យសកម្មជនដីធ្លីជាប់ព​ន្ធនាគារ១ឆ្នាំនេះ ព្រោះពួក​​គេ​បានធ្វើសកម្មភាពខុសច្បាប់។

លោកថា៖ «ការធ្វើសកម្មភាពផ្ទុយច្បាប់ នឹងត្រូវទទួលទោស និងការពិន័យតាមច្បាប់កំណត់»

ចំណែក អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថន បានឆ្លើយតបថា អ្នកស្រីមិនមានអំណាចលូកលាន់ការសម្រេចរបស់តុលាការបាននោះទេ។

អ្នកស្រីថា៖«ខ្ញុំអត់ដឹងដែរប្រព័ន្ធតុលាការ ជាសិទ្ធិរបស់តុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិ [សម្រេច] អីដែរ»។

មុនការប្រកាសសាលក្រមនេះ ពោលគឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ក្នុងខេត្តកោះកុង ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់តំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់ផ្សេងទៀត។

ក្នុ​ងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង ក៏បានសម្រេចឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ផ្សេងទៀត ក្រោ​ម​​​បទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទា​​ក់​ទង​វិវាទ​ដីធ្លី​នៅ​ខេត្តកោះកុង​នេះ​ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងកា​​ររួមមួយ ចាត់ទុកថា ការឃុំខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេ​​ញទៅ​លើប្រ​ជា​ព​លរដ្ឋដើម្បីមិនឱ្យពួកគេចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។

អ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានបដិសេធឆ្លើយតប សំនួរ របស៉ Newsroom Camb​odi​a​ តាម​​បណ្តាញសង្គមតេលេក្រាម ជុំវិញការរិះគន់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកសរសេរថា៖«អធ្យាស្រ័យយើងអាចផ្តល់ព័ត៌ដល់តែបណ្តាញសារព័ត៌មានដែលចុះបញ្ជីនិងទទួលស្គា​​​​ល់​ដោយក្រសួងតែប៉ុណ្ណោះ»។

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជា​ង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។

ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺ​​ននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។

ប្រ​ភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំ​​នួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី។ របា​យការណ៍​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌៕