សេរីភាពសារព័ត៌មាននៅកម្ពុជា បានក្លាយជាចំណោទដែលស្មុគស្មាញសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យមួយនេះ ដែលពួកគេយល់ឃើញផ្សេងគ្នារវាងស្ថាប័នរដ្ឋាភិបាល និងអង្គភាពមិនមែនរដ្ឋាភិបាលផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទាក់ទិនលំហសេរីភាពសារព័ត៌មាន នៅក្នុងដំណាក់កាលចុងក្រោយនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី ១៧ សីហា ២០២៣ ថាប្រទេសកម្ពុជាបានទទួលស្គាល់សិទ្ធិរបស់អ្នកសារព័ត៌មានដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មានដោយពេញលេញ។លោកបន្តថា អ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ក្នុងការចុះយកព័ត៌មានដោយអនុវត្តឱ្យស្របទៅតាមវិជ្ជាជីវៈរបស់ខ្លួន ហើយបំពេញការងាររបស់ពួកគេ ធ្វើឡើងដោយគ្មានការគាបសង្កត់ ឬគំរាមគំហែងណាមួយនោះទេ។
លោកបន្តថា៖«សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានធានានិងការពារដោយច្បាប់។ដោយមិនមានការរើសអើង ការគំរាមគំហែងនិងការរឹតត្បិតដូចការលើកឡើងរបស់ក្រុមមួយចំនួននោះទេ» ។
បើតាមមន្រ្តីរូបនេះ ក្រសួងព័ត៌មានតែងអនុវត្តតាមគោលការណ៍ច្បាប់ចំពោះស្ថាប័នណាដែលមិនគោរពវិជ្ជាជីវៈសារព័ត៌មាន ឬក្រមសីលអ្នកសារព័ត៌មានត្រូវតែដកសិទ្ធិ ឬចាត់វិធានការច្បាប់ភ្លាមៗបើរកឃើញថាមានកំហុសផ្នែកវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ក៏ប៉ុន្តែការអនុវត្តបែបនេះមិនមែនមានន័យថាជាការគំរាមគំហែង និងរឹតត្បិត ឬរំលោភសិទ្ធិសេរីភាព នៃការបញ្ជេញមតិនោះទេ វាជាការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលមានជាធរមាន។
លោកបន្តថា៖«ប្រសិនបើការបិទឬក៏ការចាត់វិធានការណាមួយទៅលើសារព័ត៌មានដែលខុសច្បាប់ សារព័ត៌មានដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលគ្មានសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន។ តើនោះជាការរំលោភសិទ្ធិសេរីសារព័ត៌មានឬក៏ធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះឬយ៉ាងណា!។កាលដែលសារព័ត៌មានមួយចំនួនដែលទទួលការអនុវត្តវិធានការរដ្ឋបាល ក៏ដូចជាវិធានការច្បាប់ហ្នឹងគឺផ្អែកទៅលើការអនុវត្តវិជ្ជាជីវៈរបស់គាត់ គ្មានក្រមសីលធម៌ ខ្វះការទទួលខុសត្រូវផ្ទុយទៅនឹងច្បាប់ វាមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មានទេ»។
ផ្ទុយពីការលើកឡើងនេះ នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី រកឃើញថាចាប់តាំងពីឆ្នាំ២០១៧មកស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទទ្វារជាបន្តបន្ទាប់ជាពិសេសស្ថាប័នព័ត៌មានដែលហ៊ានរិះគន់ទៅលើសកម្មភាព អសកម្មភាពនានារបស់រដ្ឋាភិបាល ឬក៏ស្ថាប័នព័ត៌មានទាំងនោះ ព្យាយាមផ្សាយអំពីព័ត៌មានរស៊ើបផ្សេងៗរបស់ថ្នាក់ដឹកនាំ។
លោកបន្តថា បើផ្អែកលើរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែន ក៏ធ្លាប់បានបង្ហាញពីការធ្លាក់ចុះនៃកម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជាដែរកាលពីប៉ុន្មានឆ្នាំមុននេះ។
លោកបន្តថា៖«ចន្លោះឆ្នាំ២០១៧យើងឃើញមានការបិទជាបន្តបន្ទាប់តាំងពីកាសែត The Cambodia Daily មានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅភ្នំពេញប៊ុស្តិ៍ មានការបិទការិយាល័យនៅស្រុកខ្មែរនៃវិទ្យុអាស៊ីសេរី។ហើយយើងឃើញចុងក្រោយនេះមានការបិទសារព័ត៌មានវីអូឌីជាដើម»។
ប្រភពដដែលអះអាងទៀតថាសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនូវការរឹតត្បិត និងការការគំរាមគំហែងជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ។បើតាមលោក ណុប វី មិនតែប៉ុណ្ណោះអាជ្ញាធរតែងតែហាមឃាត់និងរារាំងអ្នកសារព័ត៌មានឯករាជ្យមិនឱ្យចុះទៅផ្តិតយករូបភាពនៅកន្លែងកើតហេតុផ្ទាល់ក៏មានដែរ ដូចជាករណីកូដកម្មនៅទីតាំងបន់ល្បែង ណាហ្គាវើលដ៍ជាដើម។
លោកបន្តថា៖«បច្ចុប្បន្នលំហរនៃសេរីភាពសារព័ត៌មាននៅមានកម្រិតណាស់។ការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានពិតជាមានការរឹតត្បិតហើយនឹងមានការគំរាមគំហែង»។
កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បង្ហាញពីក្តីបារម្ភនៃការយាយី និងការររួមតូចនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
តាមរយៈលិខិតនេះស្ថាប័នផ្នែកប្រព័ន្ធផ្សព្វផ្សាយទាំងនោះសង្កេឃើញថាមួយរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងហានិភ័យ ដោយសារលំហរសេរីភាពត្រូវបានរឹតត្បិត ក្រោមហេតុផលថា ការបំពេញការងារតាមបែបវិជ្ជាជីវៈត្រូវរង់ការចោទប្រកាន់ថា «ញុះញង់ និងបរិហាកេរ្តិ៍» ជាដើម។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចចិត្តបិទទ្វារ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មដោយលើកឡើងថាស្ថាប័នមួយនេះ អនុវត្តការងារខ្វះវិជ្ជាជីវៈ និងផ្សាយព័ត៌មានខុសពីការពិត ទាក់ទងករណីកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
បើទោះជាបែបណា ការបិទទ្វារវិទ្យុ សំឡេងប្រជាធិបតេយ្យ វីអូឌី នេះបានបង្ខំឱ្យអង្គការសម្ព័ន្ធភាពសកលតាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា CIVICUS បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីតាមដានរបស់ខ្លួន។
អង្គការអន្តរជាតិដែលមានការិយាល័យកណ្តាលនៅ South Africa ដែលមានសមាជិកច្រើនជាង ៩,០០០ សមាជិក ក្នុងចំណោមប្រទេសជាង ១៧៥ ប្រទេសនៅលើពិភពលោកនេះ លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ការដាក់បញ្ជីនៃការតាមដាននេះ ដោយសារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងលំហសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្លាក់ចុះ និងរឹតត្បិតក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។
ក្រោយមានការរិះគន់ អំពីសិទ្ធិសេរីភាព និងដំណើរការប្រជាធិបតេយ្យ មិនអាចដើរទៅមុខបាន ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងអាល្លឺម៉ង់ ជាដើម បានប្រតិកម្មដោយចំៗ និងមិនលាក់លៀមដែលពុំធ្លាប់មាន ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បិទបញ្ចប់ថា ការបោះឆ្នោតនេះ គ្មានយុត្តិធម៌ និងមិនអាចទទួលយកបាន។
សហគមន៍អន្តជាតិទាំងនោះ លើកឡើងដូចៗគ្នាថា នៅមុនការបោះឆ្នោតមកដល់ សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានរដ្ឋាភិបាលដកហូត។ក្រៅពីការបិទផ្លូវដូចនេះហើយ កាតព្វកិច្ចជាអន្តរជាតិដែលកម្ពុជាមាននាទីត្រូវអនុវត្ត ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម រដ្ឋាភិបាលមិនបាបំពេញតាមកិច្ចសន្យារបស់ខ្លួនទេ។
ដោយឡែក នាយកស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ក៏ឯកភាពដែរថា អង្គភាពព័ត៌មានគឺជាស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំណុះឱ្យរដ្ឋ ឬមិនមាននិន្នាការគណបក្សនយោបាយ។មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជនដែលត្រូវទទួលបានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ វិជ្ជាជីវៈ និងជឿទុកចិត្ត។
បើតាមលោក អ៊ិត សូធឿត ផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាខ្លាចចំពោះការរិះគន់ និងមិនហ៊ានបង្ហាញការពិតពីស្ថានភាពសង្គមឱ្យមនុស្សទូទៅបានដឹងពីភាពចន្លោះប្រហោងនៃបញ្ហាដែលត្រូវដោះស្រាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ។
លោកបន្តថា៖«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកលំបិនដោយសារតែអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារិះគន់ឬក៏បង្ហាញពីចំនុចអសកម្ម ចំនុចអវិជ្ជមានរបស់រដ្ឋាភិបាលគឺតែងតែជួបនូវបញ្ហាការរារាំងក៏ដូចជាការគំរាមគំហែងជាបន្តបន្ទាប់។អ្នកសារព័ត៌មានឯករាជ្យនៅតែរងការយាយីឬក៏ការរារាំងពីសំណាក់អាជ្ញាធរខណៈពេលដែលពួកគាត់បំពេញការងារ»។
លើសពីនេះទៅទៀត ក្នុងនាមស្ថាប័នឯករាជ្យព្យាយាមអនុវត្តជានិច្ចនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ហើយតែងផ្សព្វផ្សាយព័ត៌មានដែលឈរលើការពិតជាដរាប។មិនតែប៉ុណ្ណោះ ការបាត់បង់នូវស្ថាប័នសារព័ត៌មានឯករាជ្យនឹងនាំឱ្យមានកង្វះនៃតម្លាភាពជាពិសេសការទទួលខុសត្រូវជុំវិញការអនុវត្តការងាររបស់មន្រ្តីរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបន្តថា៖«យើងបានព្យាយាមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ប៉ុន្តែនូវតែពិបាកក្នុងការទទួលបានអាជ្ញាប័ណ្ឌ ហើយដំណើរការនៃការរំលាយឬដកអាជ្ញារប័ណ្ឌនោះទៀតសោត វាដូចមិនទាន់ជាដំណើរមួយដែលមានតម្លាភាពនិងច្បាស់លាស់ទេ» ។
បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រតិកម្មចំពោះជំហរសហគន៍អន្តរជាតិ ជាញឹកញាប់ថា កម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យត្រឹមត្រូវ។ការបន្តរិះគន់ពីសហគមន៍អន្តរជាតិនេះ គឺមានន័យថាជាការជ្រៀតជ្រែកផ្ទៃក្នុងកិច្ចការកម្ពុជា។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលប្រមាណ១០ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដោយទទូចស្នើឱ្យរដ្ឋាភិបាលបើកលំហរសេរីភាព និងសុវត្ថិភាពពេញលេញដល់អ្នកសារព័ត៌មានដើម្បីអាចឱ្យពួកគេបំពេញការងារប្រកបដោយវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច។
ជាងនេះទៀត ស្ថាប័នព័ត៌មានទាំងនោះ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទប្រឆាំងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាអសកម្មផ្សេងៗនៅក្នុងសង្គម និងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ជាពិសេសបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដាក់ទោសទណ្ឌលើអ្នកសារព័ត៌មាន៕