សេរីភាពសារព័ត៌មាននៅកម្ពុជា បានក្លាយជាចំណោទដែលស្មុគស្មាញសម្រាប់​​ភាគីពាក់ព័ន្ធនៅក្នុងវិស័​​យ​​មួ​​យ​​នេះ ដែលពួកគេយល់ឃើញផ្សេងគ្នារវាងស្ថាប័នរដ្ឋាភិបាល និងអង្គភាពមិនមែនរដ្ឋាភិបាលផ្នែក​​ប្រព័​​ន្ធ​​​​ផ្សព្វ​ផ្សាយ ទាក់ទិនលំហសេរីភាពសារព័ត៌មាន នៅក្នុងដំណាក់កាលចុងក្រោយនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់គេហទំព័រ Newsroom Cambodia  នៅថ្ងៃទី ១៧ សី​​ហា ២០២៣ ថាប្រទេសកម្ពុជាបានទទួលស្គាល់សិទ្ធិរបស់អ្នកសារព័ត៌មានដែលត្រូវបានធានាដោ​យ​​​​រដ្ឋ​​ធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មានដោយពេញលេញ។លោកបន្តថា អ្នកសារព័ត៌មានទាំ​​ងអស់នៅក្នុងប្រទេសកម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ក្នុងការចុះយកព័ត៌មានដោយអនុវត្តឱ្យស្របទៅតាម​វិជ្ជាជីវៈរបស់ខ្លួន ហើយបំពេញការងាររបស់ពួកគេ ធ្វើឡើងដោយគ្មានការគាបសង្កត់ ឬគំរាមគំហែងណាមួយនោះទេ​​។

លោកបន្តថា«សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានធានានិងការពារដោយច្បាប់។ដោយមិនមានការរើសអើង ការគំរាមគំហែងនិងការរឹតត្បិតដូចការលើកឡើងរបស់ក្រុមមួយចំនួននោះទេ»

បើតាមមន្រ្តីរូបនេះ ក្រសួងព័ត៌មានតែងអនុវត្តតាមគោលការណ៍ច្បា​​ប់ចំពោះស្ថាប័នណាដែលមិនគោរពវិជ្ជា​​ជីវៈសារព័ត៌មាន ឬក្រមសីលអ្នកសារព័ត៌មានត្រូវតែដកសិទ្ធិ ឬចាត់វិធានការច្បាប់ភ្លាមៗបើរកឃើញ​​ថា​​មានកំហុសផ្នែកវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ក៏ប៉ុន្តែការអនុវត្តបែបនេះមិនមែនមានន័យថាជាការគំរាមគំហែ​​ង និងរឹត​​ត្បិត ឬរំលោភសិទ្ធិសេរីភាព នៃការបញ្ជេញមតិនោះទេ វាជាការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលមានជាធរមាន។

លោកបន្តថា«ប្រសិនបើការបិទឬក៏ការចាត់វិធានការណាមួយទៅលើសារព័ត៌មានដែលខុសច្បាប់ សារព័​​ត៌​​មានដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលគ្មានសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន។ តើនោះជាការរំ​​លោ​ភសិទ្ធិសេរីសារព័ត៌មានឬក៏ធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះឬយ៉ាងណា!។កាលដែលសារព័ត៌មានមួយចំនួនដែលទទួលការអនុវត្តវិធានការរដ្ឋបាល ក៏ដូចជាវិធានការច្បាប់ហ្នឹងគឺផ្អែកទៅលើការអនុវត្តវិជ្ជាជីវៈរ​​ប​ស់​គាត់ គ្មានក្រមសីលធម៌ ខ្វះការទទួលខុសត្រូវផ្ទុយទៅនឹងច្បាប់ វាមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពសា​​រព័ត៌មានទេ»។

ផ្ទុយពីការលើកឡើងនេះ នាយក​ប្រ​តិ​បត្តិ​​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJA) លោក ណុប វី រក​​ឃើ​ញថាចាប់តាំងពីឆ្នាំ២០១៧មកស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទទ្វារជាបន្តបន្ទាប់ជាពិសេសស្ថាប័នព័ត៌មានដែលហ៊ានរិះគន់ទៅលើសកម្មភាព អសកម្មភាពនានារបស់រដ្ឋាភិបាល ឬក៏ស្ថា​​ប័​ន​​ព័ត៌​​មានទាំងនោះ ព្យាយាមផ្សាយ​​អំពីព័ត៌មានរស៊ើបផ្សេងៗរបស់ថ្នាក់ដឹកនាំ។

លោកបន្តថា បើផ្អែកលើរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែន ក៏ធ្លាប់បានបង្ហាញពីការធ្លាក់ចុះ​​នៃកម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជាដែរកាលពីប៉ុន្មានឆ្នាំមុននេះ។

លោកបន្តថា៖«ចន្លោះឆ្នាំ២០១៧យើងឃើញមានការបិទជាបន្តបន្ទាប់តាំងពីកាសែត The Cambodia D​​​​a​​ily មានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅភ្នំពេញប៊ុស្តិ៍ មានការបិទការិយាល័យនៅស្រុកខ្មែរនៃវិទ្យុអាស៊ីសេរី។ហើយយើងឃើញចុងក្រោយនេះមានការបិទសារព័ត៌មានវីអូឌីជាដើម»។

ប្រភពដដែលអះអាងទៀតថាសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនូវការរឹតត្បិត និងការការគំរាមគំហែ​​ង​​​ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ។បើតាមលោក ណុប វី មិនតែប៉ុណ្ណោះអាជ្ញាធរតែងតែហាមឃាត់និងរារាំងអ្នកសា​​រ​​ព័ត៌​​មា​​​​នឯករាជ្យមិនឱ្យចុះទៅផ្តិតយករូបភាពនៅកន្លែងកើតហេតុផ្ទាល់ក៏មានដែរ ដូចជា​​ក​​រ​​ណី​​កូដកម្មនៅទីតាំងបន់ល្បែង ណាហ្គាវើលដ៍ជាដើម។

លោកបន្តថា៖«បច្ចុប្បន្នលំហរនៃសេរីភាពសារព័ត៌មាននៅមានកម្រិតណាស់។ការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានពិតជាមានការរឹតត្បិតហើយនឹងមានការគំរាមគំហែង»។

កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បង្ហា​​ញ​​ពី​ក្តី​​​​បារម្ភនៃការយាយី និងការររួមតូចនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។

តាមរយៈលិខិតនេះស្ថាប័នផ្នែកប្រព័ន្ធផ្សព្វផ្សាយទាំងនោះសង្កេឃើញថាមួយរយៈពេលចុងក្រោយនេះ អ្នក​​សារព័ត៌មានក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងហានិភ័យ ដោយសារលំហរសេរីភាពត្រូវបានរឹតត្បិត ក្រោ​​​មហេតុផលថា ការបំពេញការងារតាមបែបវិជ្ជាជីវៈត្រូវរង់ការចោទប្រកាន់ថា «ញុះញង់ និងបរិហាកេរ្តិ៍» ជា​​ដើម។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចចិត្តបិទទ្វារ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មដោយលើកឡើងថាស្ថាប័នមួយនេះ អនុវត្តការ​​ងារខ្វះ​​វិជ្ជា​​ជីវៈ​​ និងផ្សាយព័ត៌មានខុសពីការពិត ទាក់ទងករណីកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

បើទោះជាបែបណា ការបិទទ្វារវិទ្យុ សំឡេងប្រជាធិបតេយ្យ វីអូឌី នេះបានបង្ខំឱ្យអង្គការ​​សម្ព័ន្ធ​​ភាពសកល​​តា​​​ម​​​​ដា​នសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា CIVICUS បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីតាមដានរបស់ខ្លួន។

អង្គការអន្តរជាតិដែលមានការិយាល័យកណ្តាលនៅ South Africa ដែលមានសមាជិកច្រើនជាង ៩,០០០ សមាជិក ក្នុងចំណោមប្រទេសជាង ១៧៥ ប្រទេសនៅលើពិភពលោកនេះ លើកឡើងនៅក្នុងរបាយការ​​ណ៍​​​​របស់​​ខ្លួនថា ការដាក់បញ្ជីនៃការតាមដាននេះ ដោយសារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងលំហសេរី​​ភា​​ព​​ផ្នែ​​កប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្លាក់ចុះ និងរឹតត្បិតក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។

ក្រោយមានការរិះគន់ អំពីសិទ្ធិសេរីភាព និងដំណើរការប្រជាធិបតេយ្យ មិនអាចដើរទៅមុខបាន ទាំង​​ស​​ហរ​​ដ្ឋ​​អាមេរិក សហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងអាល្លឺម៉ង់ ជាដើម បានប្រតិកម្មដោយចំៗ និងមិនលាក់​​លៀ​ម​​​​ដែ​ល​​​​​ពុំធ្លាប់​​មាន ក្រោយ​​ការ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បិទបញ្ចប់ថា ការបោះឆ្នោតនេះ គ្មានយុត្តិ​​ធម៌ និងមិនអាចទទួលយកបាន។

សហគមន៍អន្តជាតិទាំងនោះ លើកឡើងដូចៗគ្នាថា នៅមុនការបោះឆ្នោតមកដល់ សិទ្ធិជាមូលដ្ឋាន​​របស់​​ព​​ល​​​​រដ្ឋ គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានរដ្ឋាភិបាលដកហូត។​​ក្រៅពីការបិទផ្លូវដូច​​នេះ​​ហើ​​យ កាតព្វកិច្ចជាអន្តរជាតិដែលកម្ពុជាមាននាទីត្រូវអនុវត្ត ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម រដ្ឋាភិបាលមិនបាបំពេញតាមកិច្ចសន្យារបស់ខ្លួនទេ។

ដោយឡែក នាយកស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ លោក អ៊ិត សូធឿត ក៏ឯក​​ភា​ព​​ដែ​រ​ថា អង្គភាពព័ត៌មានគឺជា​​ស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំ​​ណុះឱ្យរដ្ឋ ឬមិនមាននិន្នាការគណបក្សនយោបា​​យ​​​។មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជនដែលត្រូវ​​ទ​​ទួ​ល​បានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ វិជ្ជាជីវៈ និងជឿទុកចិត្ត។

បើតាមលោក អ៊ិត សូធឿត ផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាខ្លាចចំពោះការរិះគន់ និងមិនហ៊ានបង្ហាញការពិតពីស្ថានភាពសង្គមឱ្យមនុស្សទូទៅបានដឹងពីភាពចន្លោះប្រហោងនៃបញ្ហាដែលត្រូវដោះស្រាយ តាមរយៈ​​ប្រ​​ព័​​ន្ធ​​ផ្ស​​ព្វផ្សាយឯករាជ្យទេ។

លោកបន្តថា៖«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកលំបិនដោយសារតែអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារិះគន់ឬក៏បង្ហាញពីចំនុចអសកម្ម ចំនុចអវិជ្ជមានរបស់រដ្ឋាភិបាលគឺតែងតែជួបនូវបញ្ហាការរារាំងក៏ដូចជាការគំរាមគំហែងជាបន្តបន្ទាប់។អ្នកសារព័ត៌មានឯករាជ្យនៅតែរងការយាយីឬក៏ការរារាំងពីសំណាក់អាជ្ញាធរខណៈពេលដែលពួកគាត់បំពេញការងារ»។

លើសពីនេះទៅទៀត ក្នុងនាមស្ថាប័នឯករាជ្យព្យាយាមអនុវត្តជានិច្ចនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌​​មាន ហើយតែងផ្សព្វផ្សាយព័ត៌មានដែលឈរលើការពិតជាដរាប។មិនតែប៉ុណ្ណោះ ការបាត់បង់នូវស្ថាប័ន​​សា​​​​រព័ត៌មានឯករាជ្យនឹងនាំឱ្យមានកង្វះនៃតម្លាភាពជាពិសេសការទទួលខុសត្រូវជុំវិញការអនុវត្តការងាររប​​​​ស់មន្រ្តីរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកបន្តថា៖«យើងបានព្យាយាមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ប៉ុន្តែនូវតែពិបាកក្នុងការទទួលបានអាជ្ញាប័ណ្ឌ ហើយដំណើរការនៃការរំលាយឬដកអាជ្ញារប័ណ្ឌនោះទៀតសោត វាដូចមិនទាន់ជាដំណើរមួយដែលមានតម្លាភាពនិងច្បាស់លាស់ទេ»

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រតិកម្មចំពោះជំហរសហគន៍អន្តរជាតិ ជាញឹក​​ញា​ប់​​​​ថា កម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យត្រឹមត្រូវ។ការបន្តរិះគន់ពីសហគមន៍អន្តរជាតិនេះ គឺមានន័​​យ​​ថា​​ជាការ​​ជ្រៀតជ្រែកផ្ទៃក្នុងកិច្ចការកម្ពុជា។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលប្រមាណ១០ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដោយទទូចស្នើឱ្យរដ្ឋាភិបាលបើកលំហរសេរីភាព និងសុវត្ថិភាពពេញលេញដល់អ្នកសារព័ត៌មានដើម្បី​​អា​​ច​​​​ឱ្យ​​ពួក​​គេ​​បំពេ​​ញ​​ការងារប្រកបដោយវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច។

ជាងនេះទៀត ស្ថាប័នព័ត៌មានទាំងនោះ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទប្រ​​ឆាំងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាអសកម្មផ្សេងៗនៅក្នុងសង្គ​​ម និងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ជាពិសេសបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដាក់ទោសទណ្ឌលើអ្នកសារព័ត៌មាន៕