អគ្គនាយកដ្ឋានពន្ធដារបានកែសម្រួលអាត្រាអាករពិសេសដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា អាត្រាអាករពិសេសសម្រាប់ផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុកត្រូវបានកែសម្រួល និងកំណត់យក ១៥% លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ហើយ ៥% លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួនរួមមាន៖ ភេសជ្ជៈបន្ថែមទឹកដោះគោដែលឆ្លងកាត់កម្តៅអ៊ុលត្រាខ្ពស់ ទឹកសណ្តែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលមានបន្ថែមរសជាតិកាហ្វេ ភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ។
នៅក្នុងសេចក្តីជូនដំណឹងបានបន្ថែមថា សម្រាប់ភេសជ្ជៈគ្មានជាតិសុរា ក្រៅពីភេសជ្ជៈដែលបានរៀបរាប់ខាងលើគឺត្រូវកំណត់អាករ១០%។
អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា មូលដ្ឋានគិតអាករពិសេសត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុកដូចដែលបាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕