ការផ្តល់សញ្ជាតិខ្មែរឱ្យទៅជនបរទេស ចំពេលការសិក្សានានារកឃើញកម្ពុជានៅ​​​មា​​​​នអំពើពុករលួ​​យខ្ពស់ និងនីតិរដ្ឋទាបនៅឡើយ ជាផ្នែកមួយជំរុញឱ្យអ្នកឃ្លាំមើល​​បារ​ម្ភដល់ហានិភ័យសង្គមទៅថ្ងៃអ​​​​​នា​គ​ត បើ​​​​មេ​ដឹកនាំខ្វះឆន្ទៈពង្រឹងប្រព័ន្ធនីតិរដ្ឋ ។

ក្តីបារម្ភ ក្រោយពីមានសេចក្តីរាយការណ៍នានា កាលពីសប្តាហ៍មុនថា អាជ្ញាធរសាំងហ្គាពួចាប់បានជនជាតិចិន៣នាក់​ ចូលសញ្ជាតិខ្មែរ ក្នុងចំណោមឧក្រិដ្ឋជន១០នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ឬលុយខុ​សច្បាប់ ខណៈឧកញ៉ាខ្លះ បានបង្ហោះលេខទូរសព្ទ ដើម្បីរត់ការចូលសញ្ជាតិខ្មែរ។

បន្ថែមពីនេះ ក្រោយពីសហរដ្ឋអាមេរិក ដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែន អំឡុងឆ្នាំ​២០២២រួចមក ក្រសួងមហាផ្ទៃតាមរយៈ លោក ស ខេង បានប្រកាសពីវិធានការចុះបង្ក្រាបបាន បទឧ​​ក្រិ​ដ្ឋគ្រឿងញៀន ការចាប់ជំរិត ជួញដូរអាវុធ និងបទឧក្រិដ្ឋឆរបោកតាមអនឡាញជាដើម ដែលភាគច្រើនជាប់ពាក់ព័​​ន្ធនិងជនជាតិចិន។

អ្ន​កសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា និតីវិធីនៃការសម្រេចផ្តល់សញ្ជាតិខ្មែរឱ្យ​ទៅជនណាម្នាក់ គេត្រូវពិនិត្យយ៉ាងហ្មត់ចត់ទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គល តាមច្បាប់កម្ពុជា ដើម្បីកុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកសុវត្ថិភាព ។

លោកបន្តថា៖«យើងចេះតែផ្តល់សញ្ជាតិដោយសំអាងថាអ្នកហ្នឹងមានលុយមកវិនិយោគអីជាដើម អាហ្នឹងអាចជាហានីភ័យនិងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ»

លោកគូសបញ្ជាក់ថា បើពិនិត្យទៅលើការវាយតម្លៃនានាពាក់ព័ន្ធនឹងកម្រិតអំពើពុករលួយ និងនីតិរដ្ឋទាបនៅកម្ពុជា លោកថា ការផ្តល់សញ្ជាតិខ្មែរឱ្យទោជនបរទេសបច្ចុប្បន្ន ជាចំនុចព្រួយបារម្ភពីហានីភ័យខ្លាំងទៅដ​ល់​ស​​ង្គម សម្រាប់អនាគតកម្ពុជា ប្រសិនបើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ។

 បន្ថែមពីនេះលោកថា នៅកម្ពុជាបច្ចុប្បន្នជនជាតិចិន និងវៀតណាម ឈានមុខគេក្នុងការទទួលបានការផ្តល់សញ្ជាតិខ្មែរ បើធៀបនឹងជនជាតិដទៃទៀត ។

លោកថា៖«ខ្ញុំបារម្ភ[]ពេលខ្លះយើងថែមទាំងឃើញអ្នកមានមុខមាត់នៅក្នុងសង្គមយើងផុសផ្សព្វផ្សាយអំពីការរត់ការ ដើម្បីទទួលបានសញ្ជាតិថែមទៀត។ រឿងសញ្ជាតិយើងនេះដូចជារឿងទិញលក់ដូរ ត្រី សាច់ជ្រូក សាច់គោហើយហ្នឹង»

ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើងបាន នៅក្នុងក​រណី​​ការទទួលសញ្ជាតិខ្មែរពីកំណើត ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ និង ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតិតូបនីយកម្ម)។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត ចាត់ទុកការផ្តល់សញ្ជាតិឱ្យបរទេស តាមរយៈអ្នករត់ការបង់លុយ មិនអនុវត្តតាមច្បាប់ ហើយថាវាក៏ជាការរំលោភនូវសេចក្តីទុកចិត្តរបស់ច្បាប់កម្ពុជា។

 មួយវិញទៀតលោកថា ការផ្តល់សញ្ជាតិតូបនីយកម្មមួយៗ ត្រូវមានការសិក្សាអំពីប្រវតិ្ត អំពីប្រភពចំណូឡឱ្យបានច្បាស់លាស់ មិនមែនត្រឹមតែថា ឱ្យតែគេមានលុយវិនិយោគ ឬក៏មានលុយជួយរដ្ឋាភិបាលអាចចូលសញ្ជាតិខ្មែរបានោះទេ។

លើសពីនេះ លោកថា ប្រសិនបើលុយទាំងអស់នោះ បានមកពីបទឧក្រិដ្ឋលាងលុយកង្វក់ ឬជួញដូរមនុស្ស ការផ្តល់សញ្ជាតិនឹងប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិ និងបង្កហា​និភ័យដល់សង្គមកម្ពុជា ។

លោកបន្តថា៖«កាលណាមិនអនុវត្តតាមល័ក្ខខណ្ឌនៃច្បាប់ផ្តល់សញ្ជាតិតូបនីយកម្មវាចូលរឿងអំពើមិនប្រក្រតីនៃការរត់ការ អំពើពុករលួយផ្សេងៗទៀតដែលវាធ្វើឱ្យប៉ះពាល់ទៅសង្គមជាតិ»

បើតាមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សង្គមតាមរយៈការផ្តល់សញ្ជា​តិ​ឱ្យទៅជនបរទេស មេដឹកនាំត្រូវទប់ស្កាត់អំពើពុករលួយ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

​ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីម្សិលម៉ិញ សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ ដោថាអស់សមត្ថកិច្ច ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាន ហើយបានជំរុញឱ្យទាក់ទងលោក ប៉ែន ប៉ុនណា ដែល Newsroom Cambodia មិនអាចទាក់ទងបាន។

ចំណែក អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនអាចទាក់ទងបាននៅថ្ងៃទី ២២ សីហានេះ ដោយទូរស័ទ្ទចូលជាច្រើនដងគ្មានអ្នកទទួល។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២​០​២២ ចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០២២ ជនបរទេសសុំចូ​លសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មសរុបចំនួន ២៥២៨នាក់។ ជនបរទេសទាំងនោះមានសញ្ជា​តិ​ដើ​មចំនួន៥០សញ្ជាតិ។

ដោ​យឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ប​​ញ្ជា​ក់ថា តាមប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសនៅទូទាំងប្រទេស មានជនបរទេសចំនួន ៣០.៨៣៤នាក់ ក្នុងនោះជនបរទេស ២.៤១៦នាក់ មកធ្វើការងារខុសច្បាប់គ្មានបណ្ណការងារនៅក្នុងប្រ​ទេសកម្ពុជា។

ពាក់ព័ន្ធនឹងការវាយតម្លៃពីកម្រិតអំពើពុករលួយវិញ បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ស​ក​ល ចេញផ្សាយដើមឆ្នាំ២០២៣ ​​បា​នរកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់​គ្នា ​ ​កម្ពុ​ជាជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យអាក្រក់ជិតបា​តតា​​រា​ង បើទោះបីកម្ពុជា មាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំ​ងអំពើពុក​រលួ​យរបស់ក​ម្ពុជា​​ប្រកាស​ឱ្យប្រើ​នៅថ្ងៃទី​១ ខែ​មេ​សា ​ឆ្នាំ២​០​១០ ​បញ្ជាក់ពីគោ​លបំ​ណងលើ​កក​ម្ព​ស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ​រ​ដ្ឋ​ច្រើ​ន​យ៉ា​ង។

 ក្នុ​ង​នោះមា​នទាំងការ​«​ពង្រឹង​អ​ភិបាល​កិច្ច​ និ​ងនីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និង ​ការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ »​។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា បើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជាបានបន្តញាំញីដោយអំពើពុករលួយធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងគំហុកនូវប្រព័ន្ធពង្រឹងនីតិរដ្ឋ ដោ​យសារតែក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្ន បាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច រវាងរដ្ឋសភា តុ​លាកា​​រ និងរដ្ឋាភិបាល។

ប៉ុន្តែលោកគិតថា កម្ពុជាអាចរើខ្លួនពីវិបត្តិនេះបាន បើរដ្ឋាភិបាលមានឆន្ទៈបង្ហាញនូវតម្លាភាព និង​គណ​​នេយ្យភា​ពក្នុងការដឹកនាំ រួមទាំងពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ តាមរយៈបង្កើតឱ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។

មួយវិញទៀតលោកថា បើរដ្ឋាភិបាលមានឆន្ទៈ ត្រូវបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ក្នុងការតាមដានការអនុវត្តច្បាប់ បង្កើតឱ្យមានប្រព័ន្ធសុវត្ថិភាព និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នករាយការណ៍ ឬហ៊ានលាតត្រដាងពីអំពើពុករលួយ ដែលថា នេះជាការរួមចំណែកជំរុញឱ្យវិធានការទប់ស្កាត់អំពើពុករលួយដើរទៅមុខ។