លោក ហ៊ុន ម៉ាណែត បានទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាដោយទទួលបាន ១២៣សម្លេង ក្នុងចំណោម១២៥ កាល​ពី​ថ្ងៃ​អង្គារ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ បន្ទាប់ពីលោក ហ៊ុន សែន បាន​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​របស់​លោក​ក្រោយ​កាន់អំណាច ៣៨ ឆ្នាំ។

ក្នុងឳកាសក្នុងកិច្ចប្រជុំនៃរដ្ឋសភា លោកហ៊ុន​ ម៉ាណែតលោកបានថ្លែងសុន្ទរកថា អំពីកម្មវិធីនយោបាយ ដោយផ្អែកលើ កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣ ដល់ ២០២៨។

លោកហ៊ុន ម៉ាណេត លោកបានលើកឡើងអំពី កម្មវិធីនយោបាយសម្រាប់កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានការធានា ៥ចំណុចសំខាន់ៗ។ ទី១ ការធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាពស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីនៃផ្ទៃប្រទេស ព្រមទាំងការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីឲ្យបានគង់វង្សជ័យដែលកាលមិនឲ្យកម្លាំងណាមកបំពានឬបំផ្លាញបានឡើយ។

ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់និងកែលម្អជីវភាពរបស់ប្រជាជន។ ទី៤ ការធានានូវសុវត្ថិភាពសង្គមនិងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្នក៏ដូចជាទៅអនាគតនិង ទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចិរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនោះដែរលោកក៏បានបន្ថែមថា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលនឹងត្រូវបានដាក់ឲ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣នេះរួមមាន ទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។

ទី៤ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងអាចទទួលផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសម្រាប់លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។ ទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសនិងការរៀបចំឲ្យមានសមាគមកសិករនៅតាមទីជនបទ៕