នៅជាប់នឹងរង្វង់មូលផ្លូវបែកជាប់បួនខាងកើតផ្សារអូរឫស្សី ជាញឹកញាប់គេសង្កេតឃើញមានឡានម៉ូតូ បើកបរយ៉ាងមមាញឹក ស្ទើរតែគ្មានផ្លូវសម្រាប់ដើរដោយថ្មើរជើងឡើយ។ កំឡុងពេលមនុស្សម្នាធ្វើដំណើរច្រើនកុះករនៅលើដងផ្លូវនៅក្បែរនោះ គេឃើញមានស្ត្រីម្នាក់ មានមាឌធំ សក់ស្កូវមួយៗ ហើយសាច់ឈាមស្លេកស្លាំង ពេលខ្លះឃើញអង្គុយ និងពេលខ្លះទៀតឃើញក្រោកឈរដើរទៅសុំលុយពីអ្នកដំណើរ។
ស្ត្រីម្នាក់នោះមានឈ្មោះថា នា ណាមេត មកពីខេត្តព្រៃវែង។ អ្នកស្រីបាននិយាយទាំងទឹកភ្នែកហូរថា លោកស្រីសម្រេចចិត្តមកទីនេះ ដើម្បីសុំទានគេ ដោយសង្ឃឹមថានឹងបានថវិកាខ្លះទិញបាយហូប ខណៈដែលអ្នកស្រីពុំមានមុខរបរ ហើយមានជំងឺឈឺសន្លាក់ ដើរច្រើនពុំកើត លើកអ្វីធ្ងន់ពុំបាននិងមានសភាពឆាប់ហត់ និងអស់កម្លាំង។ អ្នកស្រីថា បញ្ហានេះ ដោយសារតែអ្នកស្រីពុំសូវមានអាហារបរិភោគគ្រប់គ្រាន់ ហើយពេលខ្លះសុំលុយគេមិនបាន ក៏ដើររើសចំណីដែលគេបោះចោលនៅលើសំរាម យកមកបរិភោគគ្រាន់បញ្ឈប់ការស្រេកឃ្លានមួយគ្រា។
ស្ត្រីវ័យ៥៨ឆ្នាំរូបនេះ រៀបរាប់ទៀតថា ជាញឹកញាប់ អ្នកស្រីរស់នៅតាមសំយាបផ្ទះគេខ្លះ និងតាមរបងវត្តខ្លះ ព្រោះពុំមានទីលំនៅច្បាស់លាស់ហើយរាល់ថ្ងៃរស់នៅដោយពឹងលើការដើរសុំទានគេ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ទោះស្ថិតក្រោមកម្ដៅថ្ងៃខ្លាំង និងដំណក់ទឹកភ្លៀងក៏ដោយ។ អ្នកស្រីមានកូនចំនួន ៥នាក់ ប៉ុន្តែកូនទាំងនោះបានបែកបាក់គ្នាអស់ ធ្វើឱ្យអ្នកស្រីរស់នៅតែម្នាក់ឯងតែលតោលគ្មានទីពឹង។
ស្របពេលដែលកំពុងមានជីវភាពក្រខ្សត់ អ្នកស្រី នា ណាមេត ទទូចឱ្យរដ្ឋាភិបាលជួយគិតគូរដល់ពួកគាត់ដែលគ្មានមុខរបរ តាមរយៈការផ្ដល់កិច្ចគាំពារសង្គមផ្សេងៗ ដូចជា ផ្ដល់ប័ណ្ណក្រីក្រ ទីលំនៅសមរម្យ និងផ្ដល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ។
អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «សព្វថ្ងៃ ខ្ញុំមិនដឹងជាអ្វីទេដើម្បីចិញ្ចឹមជីវិត ក្រៅពីដើរសុំតាមដងផ្លូវ។ អ៊ុំពិបាកណាស់ក្មួយ រកល្ងាចខ្វះព្រឹករកព្រឹកខ្វះល្ងាច ហើយខ្លួនក៏ឈឺដើរពុំរួច មានតែប្រឹងសុំគេ។ ខ្ញុំសូមឱ្យរដ្ឋាភិបាលជួយពួកខ្ញុំផង ផ្ដល់ប័ណ្ណក្រីក្រ និងទីលំនៅសមរម្យនឹងគេផង»។
ស្ទើរតែគ្រប់កន្លែងនៅក្នុងរាជធានីភ្នំពេញ គេតែងសង្កេតឃើញមានកុមារ មនុស្សពេញវ័យ ស្ត្រីមានកូនខ្ចី អ្នកគ្មានកាយសម្បទាគ្រប់គ្រាន់ និងមនុស្សវ័យចំណាស់ជាដើម បានដើរសុំទាននៅតាមដងផ្លូវ តាមផ្សារ និងតាមភោជនីយដ្ឋានផ្សេងៗ។ អ្នកសុំទានទាំងនោះ ភាគច្រើនជាក្រុមមនុស្សដែលពុំមានទីលំនៅច្បាស់លាស់ ឬជាក្រុមអនាថាដែលសង្គមទុកចោល។
កំពុងអង្គុយបញ្ឈរជង្គង់ដោយដាក់ដៃពីលើ ក្នុងទឹកមុខស្រពាប់ស្រពោនផងនោះ លោក ពៅ ផល ជាអ្នកសុំទានម្នាក់ទៀត បាននិយាយថា លោកបានដើរសុំទានពីអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ អស់រយៈពេលជិត ២ឆ្នាំមកហើយ ដោយសារតែលោកមានវ័យចំណាស់ និងមានជំងឺប្រកាយ ដែលពុំអាចរកមុខរបរអ្វីផ្សេងក្រៅពីនេះ។
បុរសវ័យ៥០ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងរូបនេះ លើកឡើងទៀតថា លោកមកអង្គុយសុំទានគេនៅរង្វង់មូលផ្លូវបែកជាបួន នៅមុខផ្សារថ្មី ចាប់ពីម៉ោង៧ព្រឹក រហូតដល់យប់ ដោយសារតែជីវភាពខ្វះខាត។ លោកបន្តថា ក្នុងមួយថ្ងៃ លោកទទួលបានលុយពីសប្បុរសជនដែលអាណិតរូបគាត់ បានចន្លោះពី ២ម៉ឺនរៀល(២០ ០០០រៀល) ទៅ ៣ម៉ឺនរៀល(៣០ ០០០រៀល) ហើយថវិកាដែលទទួលបាននោះ លោកបានយកទៅទិញបាយហូប និងចិញ្ចឹមម្ដាយឈឺ។
លោកបន្តថា ចាប់តាំងពីលោកដើរសុំទានអស់រយៈពេលជិត ២ឆ្នាំនេះ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនមណ្ឌលព្រៃស្ពឺ ដែលជាមណ្ឌលសង្គមកិច្ចស្ថិតនៅខេត្តកណ្ដាល ចំនួន ២លើកមកហើយ ហើយក៏បានដោះលែងវិញ ក្រោយធ្វើកិច្ចសន្យា ហាមពួកគេមិនឱ្យដើរសុំទានទៀត។
ទោះយ៉ាងណា លោក ពៅ ផល ថារូបលោកពុំអាចបញ្ឈប់សកម្មភាពដើរសុំទាននេះបានទេ ព្រោះលោកពុំមានថវិកាទិញបាយហូប ខណៈរាល់ថ្ងៃ លោកដើរដេកតាមសំយាបផ្ទះគេនៅក្បែរៗផ្សារថ្មី។
បុរសសម្បុរខ្មៅស្រអែមរូបនេះ ស្នើអាជ្ញាធរពាក់ព័ន្ធ ជួយគិតគូរផ្តល់មុខរបរចិញ្ចឹមជីវិតដល់រូបលោក និងអ្នកមានជីវភាពខ្វះខាតផ្សេងទៀត ព្រមទាំងជួយព្យាបាលជំងឺដោយឥតគិតថ្លៃចំពោះពលរដ្ឋក្រីក្រដូចរូបលោកផងដែរ។
លោកលើកឡើងដោយសម្ដីមួយៗថា៖ «សព្វថ្ងៃមិនសូវហ៊ានដើរសុំគេ ផ្ដេសផ្ដាសទេ ខ្លាចអាជ្ញាធរគេចាប់បញ្ជូនទៅមណ្ឌលឃាំង។ តែធ្វើម៉េច បើមិនមានអីហូប បើមិនសុំគេមានតែដេកស្លាប់។ ខ្ញុំចង់បានឱ្យសម្ដេច ជួយខ្ញុំផង ជួយព្យាបាលជំងឺខ្ញុំ ដើម្បីអាចធ្វើការនឹងគេ បានលុយចិញ្ចឹមជីវិត»។
របាយការណ៍ចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ហៅកាត់ថា អង្គការ UNDP និងអង្គការ OxfordPoverty andHuman Development Initiative ហៅកាត់ថា OPHI កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣បង្ហាញថា ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជាមានជាង ១៦ភាគរយ ឬគិតជាតួលេខមានប្រមាណជាង ២លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ១៦លាននាក់ ( ១៦,៨លាននាក់)។
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ អង្គការលីកាដូ ចេញរបាយការណ៍រកឃើញថា មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលកំពុងឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២ ហើយមានមនុស្សជាង ១០នាក់ បានស្លាប់នៅក្នុងមណ្ឌល នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២ ។
របាយការណ៍ដដែលបង្ហាញថា មនុស្សដែលត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ភាគច្រើន គឺជាក្រុមមនុស្សដែលមិនត្រូវបានគេអើពើ ដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទ ជាដើម ហើយពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ប្រាប់Newsroom Cambodia យ៉ាងខ្លីថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយរួចហើយ។ លោកបន្តថា មានតែមនុស្សតិចតូចប៉ុណ្ណោះ ដែលពួកគាត់ពុំព្រមទៅនៅមណ្ឌលសង្គមកិច្ចដែលអាជ្ញាធររៀបចំឱ្យ។
លោកមានប្រសាសន៍ថា៖ «បញ្ហា[ករណីពលរដ្ឋដើរសុំទាន]នេះ មកពីពួកគាត់មិនព្រមទៅនៅមណ្ឌលសង្គមកិច្ចដែលអាជ្ញាធររៀបចំឱ្យខ្លួនឯងទេ។ យើងពុំចង់ឱ្យមានករណីដើរសុំតាមទីសាធារណៈបែបនេះ វាអាក្រក់មើល»។
Newsroom Cambodia ពុំអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះថាតើមកដល់ពេលនេះ មានមណ្ឌលសង្គមកិច្ចចំនួនប៉ុន្មាន និងមានចំនួនអ្នករស់នៅក្នុងមណ្ឌលទាំងនោះប៉ុន្មាននាក់នៅឡើយទេ ដោយលោកចុចបិទទូរស័ព្ទ។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលថ្មី លោក ប៉ែន បូណា ពុំអាចទាក់ទង ដើម្បីបកស្រាយរឿងនេះបានទេនៅនៅថ្ងៃទី៣១ ខែសីហា ដោយទូរស័ព្ទចូលជាច្រើនលើក ពុំមានអ្នកទទួល។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា បញ្ហានេះ អាជ្ញាធរពាក់ព័ន្ធ រួមនិងក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន និងយុវនីតិសម្បទា បានដោះស្រាយជាបណ្ដើរៗហើយ។ជាមួយគ្នានេះដែរ លោកថា គណបក្សប្រជាជនកម្ពុជា ដោយមានលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏នឹងបន្តប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ឱ្យមានជីវភាពប្រសើរ ជាពិសេសនៅតាមជនបទ។
លោកបន្តថា៖ «ក្មួយត្រូវដឹងថា សព្វថ្ងៃនេះក្រសួងគេបានរៀបចំហើយ លើពលរដ្ឋមួយចំនួន ដែលដើរសុំទានតាមទីសាធារណៈនោះ។ ប៉ុន្តែ បញ្ហានៅត្រង់មានក្រុមទុច្ចរិតមួយចំនួន វាខូច ដើរសុំអាណាធិបតេយ្យ បែរជាយកមុខរបរនេះជាអាជីព។ កន្លងទៅ អាជ្ញាធរគេបានរៀបចំឱ្យពួកគាត់នៅមណ្ឌលព្រៃស្ពឺ ហើយមានអាហារបរិភោគគ្រប់គ្រាន់ និងមានវគ្គបណ្ដុះបណ្ដាលជំនាញខ្លីផងដែរ»។
ចំណែកអ្នកឃ្លាំមើលសង្គមវិញ សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធពុំបានគិតគូរ ក្នុងការផ្តល់កិច្ចគាំពារសង្គមមួយសមរម្យដល់ពួកគេឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ អ្នកឃ្លាំមើលយល់ឃើញថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរគួរតែផ្ដល់ដីសម្បទានសង្គមកិច្ចមួយសមរម្យជូនពួកគេ ដើម្បីអាចសង់ទីលំនៅបាន ហើយរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញណាមួយដែលពួកគាត់អាចរកចំណូលចិញ្ចឹមជីវិតបាន ដូចជា ជំនាញកសិកម្ម និងជំនាញផ្សេងៗ ជាដើម។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង លើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែមានដំណោះស្រាយមួយសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងគ្មានមុខរបរ។ លោកបន្តថា រដ្ឋពុំអាចប្រើប្រាស់អំណាចដើម្បីគាបសង្កត់ពួកគាត់ដោយពុំមានតម្លាភាព ឬយុត្តិធម៌នោះទេ ព្រោះថាបញ្ហានេះបើសិនជាអាជ្ញាធររដ្ឋពុំបានដោះស្រាយឱ្យត្រឹមត្រូវទេ ឬយកពួកគាត់ទុកចោល គឺស្មើនឹងការរំលោភសិទ្ធិមនុស្ស។
លោកលើកឡើងថា៖ «នៅក្នុងកតិកាសញ្ញា អនុសញ្ញាស្តីពីសិទ្ធិមនុស្សអីហ្នឹង សិទ្ធិរស់រៀនមានជីវិតទាំងនេះ គឺរដ្ឋជាអ្នកធានា។ អ៊ីចឹងចំពោះបញ្ហាអស់ហ្នឹង ការធានារបស់រដ្ឋ អាចគិតគូរតាមរយៈកិច្ចគាំពារសង្គមកិច្ច ជាពិសេសការធានាការហូបចុក និងការរស់នៅមានលំនៅឋានសមរម្យ»។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការ បានចេញរបាយការណ៍មួយអំពីខ្សែបន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រឆ្នាំ២០១៩-២០២០ ដោយរបាយការណ៍នោះ បង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៧ភាគរយ (១៧.៨%) នៅទូទាំងប្រទេស កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ ស្របពេលពលរដ្ឋនៅតំបន់ជនបទមានអត្រាភាពក្រីក្រខ្ពស់ជាងគេ។
របាយការណ៍នេះ ស្រដៀងគ្នានឹងការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) កាលពីខែតុលា ឆ្នាំ២០២០ ដែលថា វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនដល់ ១៧,៥៨ភាគរយ (១៧,៥៨%)។ តែយ៉ាងណា អត្រានៃភាពក្រីក្រ បានធ្លាក់ចុះ បើប្រៀបធៀបកាលពីឆ្នាំ២០១៨ ដែលអង្គការនេះបានរកឃើញថា ពលរដ្ឋខ្មែររហូតដល់ទៅ ៣៥ភាគរយ ឬ ៥,៦លាននាក់ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រ៕