នៅ​ជាប់​នឹង​រង្វង់​មូល​ផ្លូវ​បែក​ជាប់​បួន​​ខាង​កើត​ផ្សារ​អូរឫស្សី ជា​ញឹកញាប់​​គេ​សង្កេត​​ឃើញ​​មាន​​ឡាន​​ម៉ូតូ​ ​បើក​បរ​យ៉ាង​មមាញឹក ស្ទើរ​តែ​គ្មាន​ផ្លូវ​សម្រាប់​​​ដើរ​​ដោយ​ថ្មើរ​ជើង​​ឡើយ។​​ កំឡុងពេល​មនុស្ស​ម្នា​​ធ្វើ​ដំណើរ​ច្រើន​​កុះករ​នៅ​លើ​ដងផ្លូវ​​​នៅ​ក្បែរ​នោះ គេ​​ឃើញ​មាន​ស្ត្រី​ម្នាក់​ មាន​មាឌធំ​ សក់​ស្កូវ​មួយៗ​ ហើយ​សាច់​ឈាម​ស្លេក​ស្លាំង ពេល​​​​ខ្លះ​ឃើញ​អង្គុយ ​និង​ពេល​ខ្លះ​ទៀត​ឃើញ​​​ក្រោក​ឈរដើរទៅសុំលុយពី​អ្នកដំណើរ។

ស្ត្រីម្នាក់នោះមានឈ្មោះថា នា ណាមេត មក​ពី​ខេត្ត​ព្រៃវែង​។ អ្នកស្រីបាន​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ថា​​ លោកស្រីសម្រេច​ចិត្ត​មក​ទី​នេះ​ ដើម្បី​​សុំ​ទាន​គេ​ ​ដោយ​សង្ឃឹមថា​នឹងបាន​​ថវិកា​​​ខ្លះ​ទិញ​បាយ​ហូប​ ខណៈ​ដែល​អ្នកស្រីពុំមានមុខរបរ ហើយ​មានជំងឺឈឺ​សន្លាក់ ដើរច្រើន​​ពុំ​កើត ​លើក​អ្វី​ធ្ងន់​ពុំ​បាននិងមានសភាពឆាប់ហត់ និងអស់កម្លាំង​។ អ្នក​​ស្រី​​ថា បញ្ហា​នេះ​ ដោយ​សារ​តែអ្នកស្រី​​ពុំ​សូវ​មាន​អាហារ​បរិភោគ​គ្រប់​​គ្រាន់​ ហើយ​ពេល​ខ្លះ​​​​សុំ​លុយ​គេ​មិន​បាន​ ក៏​ដើរ​រើស​ចំណី​​ដែល​គេ​បោះចោល​នៅ​លើ​សំរាម​​​ យក​មក​​បរិភោគ​គ្រាន់​​បញ្ឈប់​ការ​ស្រេក​ឃ្លាន​មួយ​គ្រា​។

ស្ត្រី​វ័យ​​៥៨​ឆ្នាំ​រូប​នេះ រៀបរាប់ទៀតថា ជាញឹកញាប់​ ​អ្នក​​ស្រី​រស់​នៅ​តាម​សំយាប​ផ្ទះ​គេ​ខ្លះ និង​តាម​របង​វត្ត​ខ្លះ​ ព្រោះ​ពុំ​មាន​ទី​លំ​នៅ​ច្បាស់​លាស់​​​ហើយ​រា​ល់​​ថ្ងៃ​​រស់​​នៅ​ដោយ​​ពឹង​​លើ​​ការ​​ដើរ​​សុំ​ទាន​​គេ​ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទោះ​​ស្ថិត​​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​​ និង​ដំណក់​ទឹក​ភ្លៀង​​ក៏​ដោយ​។​ អ្នក​ស្រី​មាន​កូន​ចំនួន ៥នាក់​​​ ប៉ុន្តែ​កូន​ទាំង​នោះ​បាន​បែក​បាក់​គ្នា​អស់ ធ្វើ​ឱ្យ​អ្នក​​ស្រី​រស់​នៅ​តែ​ម្នាក់​ឯង​តែលតោល​គ្មាន​ទី​ពឹង។ ​​​​​​​​​​​​​​​​​​​​

​ស្របពេលដែលកំពុងមានជីវភាពក្រខ្សត់​ អ្នកស្រី នា ណាមេត ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​​គិត​គូរ​ដល់​ពួក​គាត់ដែលគ្មានមុខរបរ​ តាម​រយៈការ​​ផ្ដល់​​កិច្ច​​គាំពារ​​សង្គម​​ផ្សេងៗ ដូច​​ជា ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ ទី​លំនៅ​សមរម្យ​ និង​ផ្ដល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​​។ 

អ្នកស្រី​​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា៖ ​«សព្វ​ថ្ងៃ​ ខ្ញុំ​មិន​ដឹង​ជា​អ្វី​ទេ​ដើម្បី​ចិញ្ចឹមជីវិត​​ ក្រៅ​ពី​ដើរ​សុំ​តាម​ដង​ផ្លូវ​។ អ៊ុំ​ពិបាក​ណាស់​ក្មួយ រក​ល្ងាច​ខ្វះ​ព្រឹក​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ខ្លួន​ក៏​ឈឺ​ដើរ​ពុំ​រួច​ មាន​តែ​ប្រឹង​សុំ​គេ​។ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ពួក​ខ្ញុំ​ផង​ ផ្ដល់​ប័ណ្ណ​ក្រីក្រ និង​ទី​លំនៅ​សមរម្យ​នឹង​​គេ​ផង​»

ស្ទើរ​តែ​គ្រប់​កន្លែង​នៅ​ក្នុង​រាជធានី​​ភ្នំពេញ គេ​​តែង​សង្កេត​​​ឃើញ​មាន​កុមារ មនុស្ស​ពេញ​​វ័យ ស្ត្រី​មាន​កូនខ្ចី អ្នក​​​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់ និង​មនុស្ស​វ័យ​ចំណាស់ជាដើម​ បាន​ដើរ​​សុំ​ទាន​​​នៅ​តាម​ដង​ផ្លូវ តាម​ផ្សារ​ និង​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​។ អ្នក​​​សុំ​​ទាន​​ទាំង​នោះ​ ​ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​ពុំ​មាន​ទី​លំនៅ​ច្បាស់​​លាស់​​ ឬ​ជា​ក្រុម​​អនាថា​​​ដែល​សង្គម​ទុក​ចោល​។

​កំពុង​អង្គុយ​បញ្ឈរ​ជង្គង់​​ដោយ​ដាក់​ដៃ​ពី​​លើ ក្នុងទឹកមុខស្រពាប់ស្រពោនផងនោះ លោក ពៅ ផល ជាអ្នកសុំទាន​ម្នាក់ទៀត បាននិយាយថា លោកបានដើរសុំទានពីអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ អស់រយៈពេលជិត ២ឆ្នាំ​មកហើយ ដោយសារតែលោកមានវ័យចំណាស់ និងមានជំងឺប្រកាយ​ ដែលពុំអាចរកមុខរបរអ្វីផ្សេងក្រៅពីនេះ។​ ​​

បុរស​វ័យ​៥០​​ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង​​​រូប​នេះ​ លើក​ឡើងទៀត​​ថា​ លោក​​មក​អង្គុយ​សុំ​ទាន​គេ​នៅ​រង្វង់​មូល​ផ្លូវ​បែក​ជា​បួន​ នៅ​មុខ​​ផ្សារ​ថ្មី ចាប់​​​​​ពី​​ម៉ោង​៧ព្រឹក​ រហូត​ដល់​យប់​​ ដោយ​សារ​តែ​ជីវភាព​ខ្វះខាត​។ លោក​បន្ត​ថា ក្នុងមួយថ្ងៃ លោក​​​​ទទួល​​បានលុយ​​ពី​សប្បុរសជន​​​​​ដែលអាណិតរូបគាត់ ​​បានចន្លោះពី ​២ម៉ឺន​រៀល​​(២០ ០០០រៀល​​) ទៅ​ ៣ម៉ឺន​រៀល​(៣០ ០០០រៀល)​ ​ហើយថវិកា​ដែលទទួលបាន​នោះ លោកបានយកទៅទិញ​​បាយ​ហូប​ និង​ចិញ្ចឹម​ម្ដាយ​ឈឺ​​។

លោក​បន្ត​ថា​ ចាប់​តាំង​ពី​លោក​ដើរ​សុំ​ទាន​អស់​រយៈ​ពេល​ជិត ​២​ឆ្នាំ​នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​មណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ជា​មណ្ឌល​សង្គមកិច្ច​ស្ថិត​នៅ​​ខេត្ត​កណ្ដាល​ ចំនួន​ ២​​លើកមកហើយ​​ ហើយ​ក៏​បាន​ដោះលែង​វិញ ក្រោយធ្វើ​​​កិច្ច​សន្យា ​ហាម​ពួក​គេ​មិន​ឱ្យ​ដើរ​សុំ​ទាន​ទៀត​។ 

ទោះ​យ៉ាង​ណា​ លោក ពៅ ផល ថារូបលោក​ពុំ​អាច​បញ្ឈប់​សកម្មភាព​ដើរ​សុំ​ទាន​នេះ​​បាន​​ទេ ព្រោះ​លោក​ពុំ​មាន​ថវិកា​ទិញ​បាយ​ហូប​ ខណៈ​​រាល់​ថ្ងៃ លោក​ដើរ​​ដេក​តាម​​សំយាប​​ផ្ទះ​គេ​​​នៅ​ក្បែរៗ​ផ្សារ​ថ្មី​។​ 

បុរស​សម្បុរ​ខ្មៅ​​ស្រអែម​រូប​នេះ​ ស្នើ​​​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​គិត​គូរផ្តល់មុខរបរចិញ្ចឹមជីវិត​​ដល់រូបលោក និងអ្នកមានជីវភាពខ្វះខាត​ផ្សេងទៀត ព្រមទាំ​ងជួយ​​ព្យាបាល​ជំងឺដោយឥតគិតថ្លៃចំពោះ​ពលរដ្ឋក្រីក្រដូចរូបលោក​ផងដែរ។

លោក​លើក​ឡើង​ដោយ​សម្ដី​មួយៗថា៖ «សព្វ​ថ្ងៃ​មិន​សូវ​ហ៊ាន​ដើរ​សុំ​គេ ផ្ដេសផ្ដាស​ទេ​ ខ្លាច​អាជ្ញាធរ​គេ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ឃាំង​។ តែ​ធ្វើ​ម៉េច បើ​មិន​មាន​អី​ហូប បើ​មិន​សុំ​គេ​មាន​តែ​ដេក​ស្លាប់។ ខ្ញុំ​ចង់​បាន​ឱ្យ​សម្ដេច ជួយ​ខ្ញុំ​ផង​ ជួយ​ព្យាបាល​ជំងឺ​ខ្ញុំ ដើម្បី​អាច​ធ្វើ​ការ​នឹង​គេ​ បាន​លុយ​ចិញ្ចឹម​ជីវិត​»

របាយការណ៍​ចេញ​ផ្សាយ​ដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ហៅកាត់​ថា អង្គការ UNDP និង​អង្គការ OxfordPoverty andHuman Development Initiative ហៅកាត់ថា OPHI កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ ឆ្នាំ២០២៣​បង្ហាញ​​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅកម្ពុជា​​មាន​ជាង ១៦ភាគ​រយ​ ឬ​​គិត​ជា​តួ​លេខ​មាន​​ប្រមាណ​ជាង ​២លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ​១៦លាននាក់ ( ១៦,៨លាននាក់)។ 

កាល​ពី​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០២២ ​អង្គការ​លីកាដូ​​ ចេញ​របាយការណ៍​​រក​ឃើញ​ថា មនុស្ស​ ២​នាក់​​​ បាន​​​ស្លាប់​​បាត់​បង់​ជីវិត​ ​នៅ​ពេល​​​កំពុង​​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​មនុស្ស​ជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​ ​។​ 

របាយការណ៍​ដដែល​បង្ហាញ​ថា​ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​ គឺ​ជា​ក្រុម​​មនុស្ស​​ដែល​​មិន​​ត្រូវ​​បាន​គេ​អើពើ​ ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ជាដើម​ ​ហើយ​​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ណា​មួយ​​ទេ។​ 

​តែយ៉ាងណា​ ​អ្នក​នាំ​​ពាក្យ​ក្រសួងសង្គមកិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា លោក តូច ចាន់​នី ប្រាប់Newsroom Cambodia យ៉ាង​ខ្លី​ថា ករណី​នេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​​បាន​ដោះស្រាយ​រួច​ហើយ​។ លោក​បន្ត​ថា មាន​តែ​មនុស្ស​តិច​តូច​ប៉ុណ្ណោះ ដែល​ពួក​គាត់​ពុំ​ព្រម​ទៅ​នៅ​មណ្ឌល​សង្គម​​កិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​[ករណីពលរដ្ឋដើរសុំទាន]នេះ មក​ពី​ពួក​គាត់​មិន​ព្រម​ទៅ​នៅ​មណ្ឌល​សង្គមកិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ខ្លួន​ឯង​ទេ។ យើង​ពុំ​ចង់​ឱ្យ​មាន​ករណី​ដើរ​សុំ​តាម​ទី​សាធារណៈ​បែប​នេះ​ វា​អាក្រក់​មើល»។ 

Newsroom Cambodia ​ពុំ​អាច​សុំការ​បញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះថា​តើ​មក​ដល់ពេល​នេះ​ មាន​​មណ្ឌល​សង្គម​កិច្ច​​ចំនួន​ប៉ុន្មាន​ និងមាន​ចំនួនអ្នករស់នៅក្នុងមណ្ឌលទាំងនោះប៉ុន្មាននាក់​នៅឡើយទេ​ ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​​។​​ 

ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្មី​ លោក​ ប៉ែន បូណា​ ពុំ​អាច​ទាក់ទង​ ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ​នៅ​នៅថ្ងៃទី៣១ ខែសីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​ ពុំ​មាន​អ្នក​ទទួល​។​

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បញ្ហា​នេះ​​ អាជ្ញាធរ​ពាក់ព័ន្ធ រួម​និង​​ក្រសួង​សង្គម​កិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ។ជាមួយគ្នានេះដែរ លោក​ថា គណ​បក្ស​ប្រជាជនកម្ពុជា​ ដោយមាន​លោក​​​​​ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ​ ក៏​​នឹង​​បន្ត​ប្រឹង​ប្រែង​កាត់​​បន្ថយ​​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ ​ឱ្យ​មាន​ជីវភាព​ប្រសើរ​ ​ជា​ពិសេស​​នៅ​តាម​ជន​បទ​។ 

លោក​បន្ត​ថា «ក្មួយ​ត្រូវ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ក្រសួង​គេ​បាន​រៀបចំ​ហើយ លើ​ពលរដ្ឋ​មួយ​ចំនួន ​ដែល​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ​នោះ​។ ​ប៉ុន្តែ បញ្ហា​នៅ​ត្រង់​មាន​ក្រុម​ទុច្ចរិត​មួយ​ចំនួន​​ វា​ខូច ដើរ​សុំ​​​អាណា​ធិបតេយ្យ​​ បែរ​ជា​យក​មុខ​របរ​នេះ​ជា​អាជីព។ កន្លងទៅ អាជ្ញាធរ​គេ​បាន​រៀបចំ​ឱ្យ​ពួក​គាត់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ហើយ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ និង​មាន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លី​ផង​ដែរ»​​

ចំណែក​អ្នក​ឃ្លាំ​មើល​សង្គមវិញ សង្កេតឃើញ​​​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​បាន​គិតគូរ​ ក្នុងការផ្តល់​កិច្ចគាំពារ​សង្គម​មួយ​សមរម្យ​​ដល់​ពួក​គេ​ឱ្យ​មាន​​ប្រសិទ្ធភាពនៅឡើយ​ទេ​​។ អ្នកឃ្លាំមើលយល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​មួយ​សមរម្យ​ជូន​​​ពួក​​គេ ដើម្បី​អាច​សង់​​​ទី​លំនៅ​បាន​ ហើយ​រៀបចំ​​​​វគ្គ​បណ្ដុះបណ្ដាល​​​ជំនាញ​ណា​មួយ​ដែល​ពួក​គាត់​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ ដូច​ជា​ ជំនាញ​កសិកម្ម​ និង​ជំនាញ​​ផ្សេងៗ​ ជា​​ដើម។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យ៉ង់ គិមអេង លើក​ឡើង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​ដំណោះស្រាយ​មួយ​សមរម្យសម្រាប់ប្រជាពលរដ្ឋ​ក្រីក្រ និងគ្មានមុខរបរ​។ លោក​បន្ត​ថា រដ្ឋ​​ពុំ​អាច​ប្រើ​ប្រាស់​អំណាច​ដើម្បី​គាប​សង្កត់​ពួក​គាត់​ដោយ​ពុំ​មាន​តម្លាភាព​ ឬ​យុត្តិធម៌​នោះ​ទេ​ ​ព្រោះ​ថា​បញ្ហា​នេះ​បើ​សិន​ជា​អាជ្ញាធរ​រដ្ឋ​ពុំ​បាន​ដោះស្រាយ​ឱ្យ​ត្រឹម​ត្រូវ​ទេ ឬ​យក​ពួក​គាត់​ទុក​ចោល គឺ​ស្មើនឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។

លោក​លើក​​​ឡើង​​ថា៖ «នៅ​ក្នុង​កតិកាសញ្ញា អនុសញ្ញា​ស្តី​ពី​សិទ្ធិមនុស្ស​អី​ហ្នឹង សិទ្ធិ​រស់​រៀន​មាន​ជីវិត​ទាំងនេះ គឺ​រដ្ឋ​ជា​អ្នក​ធានា។ អ៊ីចឹង​ចំពោះ​បញ្ហា​អស់​ហ្នឹង ការ​ធានា​របស់​រដ្ឋ អាច​គិត​គូរ​តាម​រយៈ​កិច្ច​គាំពារ​សង្គមកិច្ច ជា​ពិសេស​ការ​ធានា​ការ​ហូបចុក និង​ការ​រស់​នៅ​មាន​លំនៅ​ឋាន​សមរម្យ»

កាល​​ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែន​ការ បាន​ចេញ​របាយការណ៍​​មួយ​អំពី​​ខ្សែបន្ទាត់​​​​ភាព​​ក្រីក្រ​ ​និង​អត្រា​ភាព​ក្រីក្រ​ឆ្នាំ២០១៩-២០២០​​ ដោយរបាយការណ៍នោះ​ បង្ហាញថា ប្រជា​ពលរដ្ឋ​​​ខ្មែរ​ជាង ១៧​ភាគរយ (​១៧.៨%)​ ​​នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​​បន្ទាត់​​ភាព​​ក្រីក្រ ស្របពេល​ពលរដ្ឋ​នៅ​តំបន់ជនបទ​​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាង​គេ។

របាយការណ៍​​នេះ​ ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​របស់​​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDP) កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ដែល​​ថា​ ​វិបត្តិ​ជំងឺ​​កូវីដ​-​១​៩​ ​​ធ្វើឱ្យ​​អត្រា​ភាព​ក្រីក្រ​​នៅ​កម្ពុជា​​​កើន​​ដល់​ ​១៧,៥​៨​​​​​ភាគរយ​ (១៧,៥​៨​%​)។ តែយ៉ាងណា​ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះ បើ​​ប្រៀប​ធៀប​​កាល​ពី​​ឆ្នាំ​២០១៨ ដែលអង្គការនេះ​បាន​​រកឃើញ​​ថា ពលរដ្ឋ​​ខ្មែរ​រហូត​​ដល់​​​ទៅ​ ៣៥​​ភាគ​​រយ ឬ ៥,៦​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​៕