ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីបង្ហាញក្ដីបារម្ភថារដ្ឋាភិបាលថ្មីមិនអាចដោះស្រាយបញ្ហាស្រ្តីគ្រប់ជ្រុងជ្រោយបានទេ ស្របពេលដែលមន្រ្តីជាន់ខ្ពស់នៅក្នុងអាណត្តិទី៧នេះភាគច្រើនជាបុរសដែលពួកគេទំនងនឹងមើលមិនឃើញពីសេចក្តីត្រូវការចាំបាច់ និងទុក្ខលំបាករបស់ស្រ្តីបានគ្រប់ច្រកល្ហក និងស៊ីជម្រៅនោះឡើយ។
ការព្រួយបារម្ភបែបនេះ ក្រោយរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានតែងតាំមន្រ្តីនយោបាយមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុបចំនួន ១,៤៤៧នាក់ ដែលមានស្រ្តី១៥ភាគរយ បើធៀបនឹងចំនួនបុរសនៅក្នុងវិស័យនយោបាយ និងកិច្ចការដទៃទៀតដែលមាននៅក្នុងស្ថាប័នរដ្ឋ។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃ ខុមហ្រ្វែល លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា បញ្ហារបស់ស្រ្តីជាច្រើននឹងនៅបន្តកើតមានក្នុងសង្គម រួមមានអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទជាដើមក្រោយមន្រ្តីរដ្ឋាភិបាលស្ថិតក្នុងមុខតំណែងដែលអាចធ្វើការសម្រេចចិត្តគឺជាបុរសច្រើនលើសលប់។
បន្ថែមពីលើនេះ លោកស្រី ថា ការបង្កើតច្បាប់ និងគោលនយោបាយដែលការចូលរួមធ្វើសេចក្តីព្រាងច្បាប់ ឬក៏ការសម្រេចចិត្តដែលសុទ្ធសឹងតែជាបុរស អាចនឹងមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមរបស់ស្រ្តីឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ជាក់ស្ដែង លោកស្រី សិរីលក្ខណ៍ លើកឡើងថា មានស្រ្តីមួយចំនួនបានរង់ការបៀតបៀនផ្លូវភេទនៅនឹងកន្លែងការងារ ដោយសារចំនួនស្រ្តីបម្រើការងារជាមួយគ្នាមានមិនសមាមាត្រ ហើយពួកគេមានភាពអៀនខ្មាសក្នុងការនិយាយ ឬពុំអាចលើកយកការបៀតបៀននេះទៅកាន់ថ្នាក់ដឹកនាំដែលជាបុរសបាន។
លោកស្រីបន្តថា៖ «ការមើលឃើញពីទុក្ខលំបាកស្រ្តី គេសិក្សាមើលឃើញថាមានតែស្រ្តីខ្លួនឯងទេ ដឹងថាបញ្ហាអ្វីខ្លះ។បើស្រ្តីនៅកន្លែងធ្វើការមាន៥០ភាគរយចឹងសកម្មភាពនេះនឹងកាត់បន្ថយដោយសារមានចំនួនស្រ្តីច្រើន។គាត់(ស្រ្តី)អាចពិភាក្សានិងមិនមានរឿងនេះកើតឡើង។[…]សុខភាពស្រ្តី ស្រ្តីមិនអាចពិភាក្សាជាមួយបុរសទេ គាត់អាចពិភាក្សាជាមួយថ្នាក់ដឹកនាំស្រ្តីច្រើនជាង»។
លោកស្រី បន្តថា ការតែងតាំងមន្រ្តីនយោបាយភាគច្រើនជាបុរសនេះ អាចជារូបភាពមួយជំរុញឱ្យមានការបំបាក់ទឹកចិត្តក្មេងស្រីជំនាន់ក្រោយហើយក៏កាត់ផ្តាចឱកាសការងាររបស់ពួកគេ ពាក់ព័ន្ធនឹងវិស័យនយោបាយដែរ។
យ៉ាងណាក៏ដោយ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងលើកកម្ពស់ការចូលរួមរបស់ស្រ្តីបន្ថែមទៀត ដោយការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងដែលអាចមានការសម្រេចចិត្តទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តគោលនយោបាយទាក់ទិននឹងស្រ្តីប្រកបដោយប្រសិទ្ធិភាព។
មិនខុសគ្នាទេ នាយិកាប្រតិបត្តិ នៃអង្គការបន្ទាយស្រី លោកស្រី ស្ដើង ភារ៉ុង ក៏ឯកភាពដែរថា អំពើហិង្សានិងការចាប់រំលោភស្រ្តីនៅតែបន្តកើតមាននៅតាមមូលដ្ឋានដែលទាមទារឱ្យរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់ និងរកដំណោះស្រាយ។
លោកស្រី ភារ៉ុង ជឿថា ប្រសិនបើរដ្ឋាភិបាលមានស្រ្តីជាមន្រ្តីជាន់ខ្ពស់កើនឡើង នោះពួកគេនឹងយល់ដឹងពីសុខទុក្ខចំពោះស្រ្តី បញ្ហាប្រឈម និងតម្រូវការដូចគ្នាបានច្រើនជាងបើធៀបទៅនឹងបុរស។
លោកស្រីបន្តថា៖«យើងឃើញថាផ្នត់គំនិតដាក់បន្ទុកថាបញ្ហារបស់ស្រ្តីនៅតែមាន មន្រ្តីមួយចំនួនថាជារឿងរបស់ស្រ្តីទុកឱ្យស្រ្តីដោះស្រាយ» ។
គេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត ដែលបង្ហោះកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣ បានបង្ហាញពីបញ្ជីឈ្មោះមន្ត្រីនយោបាយក្នុងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងនានារបស់រដ្ឋាភិបាលថ្មី បង្ហាញថា ស្ថាប័នទាំងនោះមានបុរសភាគច្រើនស្ថិតនៅក្នុងមុខតំណែងកំពូលៗ។
ប្រភពដដែលឱ្យដឹងថា នៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់កំពូលៗទាំងនោះ គឺស្ត្រីមានប្រមាណ១៥ភាគរយ បើធៀបនឹងចំនួនបុរសដែលមានតួនាទី នៅតាមស្ថាប័នសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
តាមគេហទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដដែលក្នុងនោះសម្រាប់ក្រសួងការពារជាតិមានស្រ្តីប្រមាណ៤,៧ភាគរយ បើធៀបនឹងក្រសួង និងស្ថាប័នដទៃទៀត ក្រសួងការពារជាតិនេះ មានចំនួនស្រ្តីបម្រើការងារនៅទាបជាងគេនៅឡើយ។ក្រៅពីនេះ
គេហទំព័រកំណត់ត្រា ដែលចេញកាលពីពាក់កណ្តាលខែ សីហាឆ្នាំ២០២៣ រកឃើញថា គ្រប់បណ្ដាក្រសួង ចំនួនស្ត្រីស្ថិតនៅក្រោម២៥ភាគរយលើកលែងតែក្រសួងពីរដែលមានស្រ្តីច្រើនជាងគេសម្រាប់អាណត្តិទី៧នេះ រួមមានក្រសួងកិច្ចការនារី និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
ដោយឡែក ប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា មានប្រសាសន៍ថា កង្វះធនធានមនុស្សជាស្រ្តីទើបជាហេតុនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការបង្កើនចំនួនស្រ្តីជាមន្រ្តីជាន់ខ្ពស់ ហើយរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការពង្រឹងសមត្ថភាពចំពោះស្រ្តីបន្ថែមទៀតដែរ។
យ៉ាងណា លោក បូណា កត់សម្គាល់ថា បើទោះបីជាចំនួនស្រ្តីក្នុងវិស័យនយោបាយមានតិចក៏ដោយ ក៏មានស្រ្តីជាច្រើនបានចូលរួមនៅក្នុងវិស័យផ្សេងទៀតដូចជាវិស័យជំនួញនៅកម្ពុជាដែរ។
លោកលោកថា៖ «ខ្ញុំគិតថាបញ្ហាធំ គឺធនធានមនុស្សរបស់ស្រ្តី យើងត្រូវពិនិត្យដើម្បីឱ្យធនធានមនុស្សស្រ្តីសម្បូរបែប។ គាត់មានប្រជាប្រិយភាពក្នុងចំណោម[មនុស្ស]ទទួលកិច្ចការងារ[ទូ]ទៅ ខ្ញុំគិតថាចំនួនស្រ្តីនឹងឡើងជាងនេះ» ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ ប្រាប់គេហទំព័រ Newsroom Cambodia ថ្ងៃនេះថានេះជាការបានបរាជ័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់់ស្រ្តីឱ្យកាន់មុខតំណែងដែលអាចមានការសម្រេចចិត្តនៅក្នុងជួររដ្ឋាភិបាល។
លោកបន្តថាករណីនេះនឹងបណ្ដាលឱ្យគោលនយោបាយនានាលើកឡើងដោយរដ្ឋាភិបាលអាចមិនសូវឆ្លើយតបទៅនឹងបញ្ហាស្រ្តីនោះទេ ដោយសារគ្មានតំណាងរបស់ពួកគេ។
លោកបន្តថា៖ «ការបាត់បងឪកាសនេះ វាអាចប៉ះពាល់ទៅដល់ការបង្កើតគោលនយោបាយ ការសម្រេចចិត្ត និងការអនុវត្តគោលនយោបាយ។ វាអាចមិនសូវលើកកម្ពស់ឬក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅក្នុងសង្គមដែលមានចំនួនច្រើនជាងបុរស ក្នុងប្រទេសកម្ពុជាយើងផងដែរ »។
ការវិភាគទិន្នន័យដែលចេញដោយ គេហទំព័រកំណត់ត្រា កាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថាក្រសួងកិច្ចការនារីមានមន្ត្រីជាន់ខ្ពស់៩៣ភាគរយគឺជាស្ត្រី។ប៉ុន្តែក្រសួងនេះទទួលបានថវិកាប្រចាំឆ្នាំកម្រិតទាបទីពីរ ដើម្បីដោះស្រាយបញ្ហានៃការផ្ដល់តម្លៃលើស្ត្រី។
ជាងនេះទៀត បើគេពិនិត្យពីតួនាទីស្រ្តីសម្រាប់ដំណែងដែលខ្ពស់បំផុត គឺឧបនាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី៧នេះវិញ មិនមានស្រ្តីណាម្នាក់ត្រូវបានតែងតាំងនៅក្នុងមុខតំណែងកំពូលនេះទេ ស្របពេលដែលរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំង ២៩រូប គេសង្កេតឃើញមានតែស្រ្តីម្នាក់ទេ ត្រូវបានគេផ្តល់តួនាទី នៅក្នុងមុខតំណែងមួយនេះ។
បើតាមគេហទំពរកំណត់ត្រា ដដែលបង្ហាញថាសម្រាប់សមាជិកសភាចំនួន១២៥រូប មានតែ១៦នាក់ទេដែលជាស្ត្រី ឬស្មើ ១៣ភាគរយ នៅក្នុងអាណត្តិនេះ ខណៈដែលសមាជិកគណៈរដ្ឋមន្ត្រីទាំង៥៤រូប មានស្រ្តី៣នាក់ ឬស្មើប្រមាណ៥,៦ភាគរយ ជាស្រ្តីត្រូវបានគេផ្តល់មុខងារឱ្យ នៅក្នុងតួនាទីមួយនេះ៕