នៅម៉ោងប្រមាណជាជាង៨ព្រឹក មានយុវជនប្រុសស្រីប្រមាណពី៤ ទៅ ៥នាក់ កំពុងឈរចាំកត់វត្តមានអ្នកចូលរួមនៅក្នុងសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ។ អ្នកចូលរួមគេសង្កេតឃើញម្នាក់ៗហាក់ មានទឹកមុខញញឹមអមដោយបរិយាកាសស្រស់ត្រកាល។ ប៉ុន្តែជាអកុសល ពិធីដែលរៀបចំឡើងដោយបណ្តាញយុវជនកម្ពុជា នៅទីនេះ មិនមែនស្រស់បំព្រងដូចដែលអ្នកចូលរួបានគិតនោះឡើយ។
លទ្ធផល នៃការស្រាវជ្រាវដែលបង្ហាញនៅក្នុងរបាយការណ៍ស្តីពីការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់ រកឃើញថាប្រភេទសត្វកម្រជាច្រើនប្រភេទ ត្រូវគេប្រមាញ់ជារៀងរាល់ថ្ងៃ ហើយប្រភេទសាច់សត្វទាំងនោះ ត្រូវគេយកទៅធ្វើអាជីវកម្មបើកលក់ដូរដោយចំហ នៅលើទីផ្សារក្នុងខេត្តមួយចំនួន ជុំវិញតំបន់ព្រៃឡង។
ដៃម្ខាងកំពុងកាន់ម៉ៃក្រូហ្វូន ធ្វើបទបង្ហាញនៅក្នុងអង្គពិធីដែលមានយុវជនចូលរួមប្រមាណជា ៤០នាក់ លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាដែលមានវ័យប្រមាណជា៣០ឆ្នាំ លោកមើលឃើញថាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជនៅតែមានការជួញដូរ ទោះបីជាមានការហាមឃាត់ការប្រមាញ់សត្វព្រៃក៏ដោយ ហើយលោករំពឹងថាព័ត៌មានដែលលោករកឃើញនៅក្នុងរបាយការណ៍នេះនឹងបានទៅដល់ដៃអាជ្ងាធរមានសមត្ថកិច្ចនៅក្នុងការពង្រឹងយន្តការរបស់ខ្លួនបន្តទៀត។
ថ្លែងនៅព្រឹកថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៣ លោក ហេង គឹមហុង ឱ្យដឹងថា ក្រៅពីការស្រាវជ្រាវទាក់ទងការជួញដូរប្រភេទព្រៃកម្រជិតផុតពូជនេះ ក្រុមការងាររបស់លោកក៏ធ្លាប់ជួបប្រទះដែរ ត្រីបបែលមួយប្រភេទដែលមានទម្ងន់ជាង១០គីឡូក្រាម ដែលជាត្រីកម្រ និងជិតផុតពូជនៅតាមដងទន្លេមេគង្គ។
លោកបន្តថា៖ «មុននឹងខ្ញុំធ្វើការសិក្សាស្រាវជ្រាវទៅលើរឿងនេះ ខ្ញុំបានបញ្ចប់ការសិក្សាមួយ រឿងទន្លេមេគង្គ យើងរកឃើញរហូតទៅដល់បបែល បបែលជាង ១០គីឡូមានការជួញដូរ ហើយបបែលនេះដាច់ខាតគឺមិនឱ្យនេសាទទាល់តែសោះ មិនឱ្យមានការជួញដូរទាល់តែសោះ »។
សមាគមបណ្តាញយុវជនកម្ពុជាបានរកឃើញការជួញដូរសាច់សត្វព្រៃ និងត្រីអភិរក្សខុសច្បាប់ចំនួន៥៧ សំណាក និងទីតាំងនៅជុំវិញតំបន់ព្រៃឡង់ក្នុងចន្លោះថ្ងៃទី២៥ មិថុនា ដល់២៥ សីហា ឆ្នាំ២០២៣
របាយការណ៍ការដដែលបង្ហាញទៀតថា សាច់សត្វព្រៃត្រូវបានដាក់លក់ និងធ្វើអាជីវកម្មដោយលួចលាក់ និងបើកចំហទាំងប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជដែលត្រូវបានអភិរក្ស និងហាមឃាត់ដោយច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅកម្ពុជា។
ក្នុងពេលធ្វើបទបង្ហាញអំពីរបាយការណ៍អង្កេតនេះ លោក ហេង គឹមហុង ក៏បានបង្ហាញអំពីក្តីព្រួយបារម្ភរបស់ខ្លួនជុំវិញបញ្ហាការប្រមាញ់សត្វព្រៃនៅតែបន្តមានបែបនេះ។
លោកបន្តថា៖ «ប្រើសនេះគឺត្រូវបានចាត់ទុកជាសត្វកម្រ ហើយហានិភ័យ ហើយយើងមានការព្រួយបារម្ភខ្លាំងមែនទែន ហើយនៅពេលដែលយើងរកឃើញថាការប្រមាញ់សត្វប្រើសនៅតែមាន ដូច្នេះអនាគតប្រើសនៅក្នុងតំបន់ការពារធម្មជាតិជាពិសេសនៅភាគខាងជើងហ្នឹង យើងមានការព្រួយបារម្ភ »។
ចំណែកឯ អ្នកសម្របសម្រួលបណ្តាញព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានការព្រួយបារម្ភទៅលើការជួញដូរសត្វព្រៃនេះ លោកថាពេលដែលលោកល្បាតព្រៃកាលពី១០ឆ្នាំមុន លោកតែងតែជួបសត្វព្រៃ ប៉ុន្តែបច្ចុប្បន្ននេះសូម្បីតែដានក៏លោកមិនដែលបានជួបដែរ។
លោកបន្តថា៖ «មានការព្រួយបារម្ភខ្លាំងទៅលើការជួញដូរសត្វព្រៃការបាត់បង់ជម្រកព្រៃ […] ១០ឆ្នាំមុនយើងធ្លាប់ចុះល្បាតនៅតំបន់ព្រៃឡង់ គឺវាអាចឃើញសត្វរត់កាត់នៅខ្លះ ជាពិសេសគឺសត្វជ្រូកដែលជាសត្វច្រើនជាងគេបំផុតនៅក្នុងព្រៃឡង់ […] ប៉ុន្តែឥលូវវិញសូម្បីតែដានជើងក៏យើងមិនបានឃើញវាផង»។
ក្រៅពីនេះ បុរសម្នាក់ដែលមានសម្បុរសណ្តែកបាយពាក់អាវដៃវែងពណ៌សអមជាមួយកន្សែងបង់កក្រឡាការ៉ូ លោក ខាក់ ភារិទ្ធិម៉ាស៊ី អាយុ ២៣ឆ្នាំជាជនជាតិដើមភាគតិចកួយ និងជាយុវជនដែលមកពីព្រៃព្រះរកា ខេត្តព្រះវិហារបាននិយាយថាលោកព្រួយបារម្ភប្រសិនបើការបរបាញ់សត្វព្រៃនៅតែមាន។លើសពីនេះទៀត ប្រសិនបើរបាយការណ៍ស្តីពីការអង្កេតនេះ បានផ្សព្វផ្សាយដឹងដល់ស្ថាប័នជំនាញ ហើយស្ថាប័នរដ្ឋទាំងនោះចាត់វិធានការ លោកសោមនស្ស ហើយក៏មានជំនឿថាបញ្ហាដែលកំពុងតែកើតឡើងនេះ ក្រសួងដែលពាក់ព័ន្ធទំនងនឹងមិននៅស្ងៀមទេ។
លោកបន្តថា៖ «ប្រសិនបើការបរបាញ់សត្វនៅតែមានទៀត ខ្ញុំពិតជាព្រួយបារម្ភមែនទែន ដោយសារបើសិនជាអស់សត្វហើយព្រៃ ដូចថាវាអត់មានជីវៈចម្រុះនៅក្នុងហ្នឹង បើមានព្រៃទាល់តែមានសត្វ កាលណាដែលយើងដូចថាចង់ទៅល្បាត ឬក៏ចង់ទៅទស្សនកិច្ចនៅក្នុងព្រៃ យើងចង់ឃើញពីសត្វពីរុក្ខជាតិផ្សេងៗដែលនៅក្នុងព្រៃហ្នឹង បានជាខ្ញុំព្រួយបារម្ភ។បើសិនជារបាយការណ៍ស៊ើបអង្កេតនេះលេចលឺ [បានលឺ] ដល់ក្រសួងពាក់ព័ន្ធខ្ញុំពិតជាសប្បាយចិត្ត និយាយត្រង់សប្បាយចិត្តមែន បើរបាយការណ៍នេះចេញមែនខ្ញុំគិតថាក្រសួងគាត់នឹងធ្វើការរឹតបន្តឹងនូវច្បាប់បន្ថែមទៀត »។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានផងដែរ ក៏ប៉ុន្តែបានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងដោយខ្លីថាទុកពេលវេលាសិក្សាស្រាវជ្រាវជាមួយភាគីដែលពាក់ព័ន្ធជាមុនសិន។
លោកបន្តថា៖ «ខ្ញុំសុំធ្វើការសិក្សាស្រាវជ្រាវជាមួយជំនាញពាក់ព័ន្ធសិន ខ្ញុំនឹងឆ្លើយជម្រាបជូននៅពេលខ្ញុំទទួលបានព័ត៌មានជាក់លាក់ »។
យ៉ាងនេះក្តី របាយការណ៍មួយផ្សេងទៀតរបស់ក្រសួងបរិស្ថាន ទាក់ទងនឹងយុទ្ធនាការអន្ទាក់សូន្យ បានបង្ហាញថានៅក្នុងឆ្នាំ២០២៣ អន្ទាក់ចំនួន១៤.៣២៥ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១នេះ ហើយកាលពីឆ្នាំ ២០២២ អន្ទាក់សរុបប្រមាណជាង៣៤.០០០ អន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ
របាយការណ៍ដដែលបង្ហាញទៀតថា តួលេខនៃការដាក់អន្ទាក់របស់ព្រានព្រៃបានថយចុះ បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានចំនួន៦១.៦១១អន្ទាក់។
ដោយឡែក សមាគមបណ្តាញយុវជនកម្ពុជា រកឃើញថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣ នេះ ក្រុមការងាររបស់សមាគមបានចុះល្បាតចំនួន៦លើក ហើយរកឃើញដោយចៃដន្យការជួញដូរសត្វព្រៃ និងលក់សាច់សត្វ ខេត្តនៅជាប់តំបន់ព្រៃឡង់។ជាពិសេសខេត្តដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បានបើកលក់សាច់សត្វព្រៃដោយចំហ និងជាប្រចាំ។
ក្នុងនាមជាអ្នកការពារបរិស្ថាន នៃបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្ឃឹមថាក្រោយពីចេញរបាយការណ៍នេះ អាជ្ញាធរនៅក្នុងតំបន់នឹងចូលរួមដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព និងបញ្ឈប់គ្រប់រូបភាព នៃការជួញដូរសាច់សត្វព្រៃនេះ។
លោកបន្តថា៖ « យើងចេញរបាយការណ៍នេះទៅ សង្ឃឹមថាអាជ្ងាធរខេត្តស្ទឹងត្រែងលោកយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពកុំឱ្យលក់ជាចំហពេក ធម្មតាវាអត់ល្អមើល […] កុំឱ្យរូបភាពនៃការជួញដូរសាច់សត្វព្រៃហ្នឹងវាទូលំទូលាយបែបនេះ ឬក៏នៅតែបន្តកើតមានបែបនេះ»។
តាមរយៈបទបង្ហាញរបស់ខ្លួន បណ្តាញយុវជនកម្ពុជា លើកឡើងថា លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃបានចំនួន ៣៤សំណាក ក្នុងចំណោមភោជនីយដ្ឋានចំនួន១១កន្លែងផ្សេងៗគ្នា និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។
ក្រៅពីនេះ ប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕
សមាគមបណ្តាញយុវជនកម្ពុជា ស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ឱ្យចាត់វិធានការដោយម៉ត់ចត់ តាមរយៈការរឹតបណ្តឹងលើសកម្មភាពជួញដូរសាច់សត្វព្រៃ និងត្រីអភិរក្សនៅតាមតំបន់ការពារធម្មជាតិ នៅតាមភោជនីយដ្ឋាន សកម្មភាពដាក់អន្ទាក់ និងការនេសាទប្រភេទត្រីអភិរក្សឱ្យបានម៉ឺនម៉ាត់៕