នៅ​ម៉ោង​​ប្រមាណ​ជាជាង៨ព្រឹក​ ​ មាន​យុវជន​ប្រុស​ស្រីប្រមាណ​ពី៤​ ទៅ​ ៥នាក់​ កំពុង​ឈរ​ចាំកត់​វត្តមាន​អ្ន​​កចូលរួមនៅក្នុងសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ​​។ អ្នកចូលរួមគេសង្កេត​​ឃើញម្នាក់ៗហាក់ មាន​ទឹ​ក​​​​មុខញញឹមអមដោយបរិយាកាសស្រស់ត្រកាល។ ប៉ុន្តែជាអកុសល ពិធីដែលរៀបចំ​​ឡើងដោយ​​បណ្តាញយុវជនកម្ពុជា នៅទីនេះ មិនមែនស្រស់បំព្រងដូចដែលអ្នកចូលរួបានគិតនោះឡើយ។

លទ្ធផល នៃការស្រាវជ្រាវដែលបង្ហាញនៅក្នុងរបាយ​​កា​​រ​​ណ៍ស្តីពីការជួ​ញ​​ដូរ​​សាច់​សត្វ​ព្រៃនៅ​ជុំវិញ​តំ​​ប​ន់​​​​​ព្រៃឡង់ រកឃើញថាប្រភេទសត្វកម្រជាច្រើនប្រភេទ ត្រូវគេប្រមាញ់ជារៀងរាល់ថ្ងៃ ហើយប្រភេទ​​សា​​ច់​សត្វទាំងនោះ ត្រូវគេយកទៅធ្វើអាជីវកម្មបើ​​ក​​លក់ដូរដោយចំហ នៅលើទីផ្សារ​​ក្នុង​​ខេត្តមួយចំនួន ជុំ​​វិញ​តំបន់ព្រៃឡង។

​ដៃម្ខាងកំពុង​​កាន់​ម៉ៃក្រូហ្វូន ធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គ​ពិធី​ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​ជា ​៤០​នាក់​​ លោក​​ ហេ​ង​ គឹម​ហុង​ ប្រធាន​កម្មវិធី​ស្រាវ​ជ្រាវ​ និង​​តស៊ូ​មតិ​ នៃស​មាគម​បណ្តាញ​យុវជន​កម្ពុជា​ដែល​មាន​វ័យ​ប្រ​មាណ​​ជា៣០​ឆ្នាំ ​លោក​មើលឃើញ​ថាប្រភេទ​សត្វងាយរង​គ្រោះ និង​ជិត​ផុតពូជ​នៅតែ​មាន​ការ​ជួញដូរ​ ទោះ​​បីជា​មាន​ការ​ហាម​ឃាត់​ការ​ប្រមាញ់​សត្វ​ព្រៃក៏​ដោយ​ ហើយ​លោក​​រំពឹង​ថាព័ត៌​មាន​ដែល​លោក​រក​ឃើ​ញ​នៅក្នុង​របាយការណ៍​នេះនឹង​បាន​ទៅដល់​ដៃ​អាជ្ងាធរ​មាន​សមត្ថ​កិច្ច​នៅក្នុង​ការ​ពង្រឹង​យន្ត​ការ​របស់​ខ្លួន​បន្ត​ទៀត​។​

ថ្លែងនៅព្រឹកថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៣ លោក ហេង គឹមហុង ឱ្យដឹងថា ក្រៅពីការស្រាវជ្រាវទាក់​​ទង​ការ​​ជួញដូរប្រភេទព្រៃកម្រជិតផុតពូជនេះ ក្រុមការងាររបស់លោកក៏ធ្លាប់ជួបប្រទះដែរ ត្រីបបែល​​មួយ​​ប្រ​​​​ភេទដែលមានទម្ងន់ជាង១០គីឡូក្រាម ដែលជាត្រីកម្រ និងជិតផុតពូជនៅតាមដងទន្លេមេគង្គ។

​លោក​បន្តថា​៖​ «មុន​​នឹង​​ខ្ញុំ​ធ្វើការ​​សិក្សាស្រា​វ​ជ្រាវ​​ទៅ​លើរឿង​​នេះ​ ​ខ្ញុំបាន​​បញ្ចប់​​ការ​សិក្សា​​មួយ​​ រឿង​ទន្លេ​មេគង្គ​ យើងរក​ឃើញ​រហូត​ទៅដល់បបែល បបែលជាង ១០គីឡូមាន​ការ​ជួញដូ​រ ហើយបបែលនេះដាច់ខាតគឺមិនឱ្យនេសាទទាល់តែសោះ​ មិន​​ឱ្យ​មាន​​ការ​ជួញដូរ​ទាល់​តែសោះ​ »។​

សមាគម​បណ្តាញ​យុវជន​កម្ពុជា​បានរក​ឃើញ​ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និង​ត្រីអភិរក្ស​ខុស​ច្បាប់ចំនួន​៥​៧ សំណាក ​និង​ទីតាំង​​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ក្នុង​ចន្លោះថ្ងៃ​ទី២៥​ មិថុនា​ ដល់​២៥ ​សីហា​ ឆ្នាំ២០​​២​៣​

​​របាយការណ៍​​ការ​ដដែលបង្ហាញទៀតថា សាច់​សត្វ​ព្រៃត្រូវ​បាន​ដាក់លក់​ និង​ធ្វើអាជីវកម្ម​ដោយលួច​លា​​ក់​ និង​បើក​ចំហ​ទាំង​ប្រភេទ​ស​ត្វ​​កម្រ​ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដែលត្រូវ​បាន​អភិរក្ស​ និង​ហាម​ឃាត់​ដោយ​ច្បាប់​ស្តីពី​ព្រៃឈើ​ និង​ច្បាប់​ស្តីពី​តំ​​បន់​​ការពារ​ធម្មជាតិ​នៅកម្ពុជា​។​

ក្នុងពេល​​ធ្វើបទ​បង្ហាញ​អំពីរបាយការណ៍​អង្កេត​នេះ ​លោក​ ហេង​ គឹមហុង​ ​ក៏​​បាន​​បង្ហាញ​អំ​ពី​ក្តីព្រួយ​​បា​​រម្ភ​​​របស់​​ខ្លួន​ជុំ​វិញ​បញ្ហាការ​ប្រមាញ់​សត្វព្រៃនៅ​តែបន្ត​មាន​បែបនេះ​​។

លោក​បន្ត​ថា៖​ «ប្រើសនេះ​គឺត្រូវបានចាត់ទុក​ជាសត្វ​កម្រ​ ហើយ​ហានិ​ភ័យ​ ហើយ​យើង​មានការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ ហើយ​នៅពេល​ដែល​យើង​រក​ឃើញ​ថាកា​រ​ប្រមាញ់​សត្វ​ប្រើស​នៅ​តែមាន​ ដូច្នេះ​អ​​នាត​ប្រើសនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជាពិសេស​នៅ​ភាគ​ខាង​ជើង​ហ្នឹង​ យើង​មាន​ការ​ព្រួយបារម្ភ​ »។​

ចំណែកឯ អ្នក​សម្រប​សម្រួល​បណ្តាញ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​ លោក ​ហឿន​ សុភាព​ មាន​ការ​ព្រួយ​បារម្ភ​ទៅលើការជួញដូរ​សត្វព្រៃនេះ​ លោក​ថាពេល​ដែលលោក​ល្បាតព្រៃ​កាល​ពី១០​ឆ្នាំមុន​ ​លោក​តែងតែ​ជួប​សត្វព្រៃ ​ប៉ុន្តែបច្ចុ​ប្បន្ននេះ​សូម្បី​តែដានក៏​លោកមិន​ដែលបាន​ជួបដែរ។​

លោក​បន្ត​ថា៖ ​«មាន​ការព្រួយបារម្ភ​ខ្លាំង​ទៅលើការជួញដូរ​សត្វព្រៃ​ការបាត់បង់​ជម្រកព្រៃ ​[] ១០ឆ្នាំមុន​យើងធ្លាប់​ចុះល្បាត​នៅតំបន់​ព្រៃឡង់​ គឺវាអាច​ឃើញ​សត្វ​រត់​កាត់នៅ​ខ្លះ ​ជាពិសេស​គឺសត្វ​ជ្រូក​ដែលជា​សត្វ​ច្រើន​ជាងគេ​បំផុត​នៅក្នុង​ព្រៃឡង់​ []​ ប៉ុន្តែ​ឥលូវ​វិញសូម្បីតែ​ដាន​ជើង​ក៏យើង​មិន​បានឃើ​ញ​វាផង​»។

​ក្រៅពីនេះ បុរសម្នាក់ដែលមានសម្បុរ​សណ្តែក​បាយ​ពាក់​អាវ​ដៃវែងព​ណ៌​សអម​ជាមួយ​កន្សែង​បង់ក​ក្រ​​ឡា​​ការ៉ូ​ លោក​ ខាក់​ ភារិទ្ធិ​ម៉ាស៊ី​ អាយុ​ ២៣​ឆ្នាំជាជនជាតិ​ដើមភាគ​តិចកួយ​ និង​ជាយុវជន​ដែល​មក​ពីព្រៃ​ព្រះ​​រ​កា ​ខេត្តព្រះ​វិហារ​បាន​និយាយ​ថា​លោក​ព្រួយបារម្ភប្រសិន​បើការបរបាញ់​សត្វព្រៃនៅ​តែមាន​។​លើ​​ស​​ពីនេះទៀត ប្រសិន​​បើ​​​​​​របាយការណ៍ស្តីពីការអង្កេតនេះ បានផ្សព្វផ្សាយដឹងដល់ស្ថាប័នជំនាញ ហើ​​យស្ថាប័ន​​រដ្ឋទាំង​នោះ​​ចា​​ត់​​វិធានការ លោកសោមនស្ស ហើយក៏មានជំនឿថា​​បញ្ហា​​ដែ​លកំ​​​ពុង​តែ​​កើ​​ត​​ឡើ​​ងនេះ ក្រសួង​ដែ​​​​ល​​ពា​​ក់​​ព័ន្ធទំនងនឹងមិននៅស្ងៀមទេ។

​លោកបន្តថា​៖ «ប្រសិន​បើកា​របរ​បាញ់សត្វ​នៅតែ​មានទៀត​ ខ្ញុំពិតជា​ព្រួយបារម្ភ​មែនទែន​ ដោយសារ​បើសិន​ជាអស់​សត្វ​ហើយ​ព្រៃ ​ដូចថា​វាអត់មា​នជីវៈ​ចម្រុះនៅ​ក្នុង​ហ្នឹង​ បើមាន​ព្រៃទាល់​តែមាន​សត្វ ​កាលណាដែល​យើងដូច​ថាចង់ទៅ​ល្បាត ​ឬ​ក៏​ចង់​ទៅ​ទស្សន​កិច្ច​នៅក្នុង​ព្រៃ ​យើង​ចង់ឃើញ​ពីសត្វ​ពីរុក្ខជាតិ​ផ្សេងៗ​ដែល​នៅក្នុងព្រៃ​ហ្នឹង​ បាន​ជាខ្ញុំ​ព្រួយ​បារម្ភបើសិន​ជារបាយការណ៍​ស៊ើប​អង្កេត​នេះលេច​លឺ ​[​​បា​​លឺ]​ ដល់​ក្រសួង​ពាក់ព័ន្ធ​ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ និយាយ​ត្រង់​សប្បាយចិ​ត្តមែន​ បើរបាយការណ៍​នេះចេញ​មែន​ខ្ញុំ​គិត​ថា​ក្រសួង​គាត់​នឹងធ្វើការ​រឹត​បន្តឹង​នូវ​ច្បាប់​បន្ថែម​ទៀត​ »។​​

គេហទំព័រ New​sroom Cambodia បាន​ព្យាយាម​ទាក់ទង​លោក ​ផៃ ​ប៊ុន​ឈឿន ​អ្នក​នាំពាក្យ​ក្រសួង​ប​រិ​​ស្ថាន​ផងដែ​រ​ ក៏ប៉ុន្តែ​បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងដោយខ្លីថាទុកពេលវេលា​សិ​ក្សា​ស្រា​​វជ្រាវ​ជាមួយភាគីដែលពាក់ព័ន្ធ​ជាមុនសិន​។

​លោកបន្តថា៖​ «ខ្ញុំ​សុំធ្វើការ​សិក្សាស្រាវ​ជ្រាវ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​សិន​ ខ្ញុំនឹង​ឆ្លើយជម្រាប​ជូននៅ​ពេល​ខ្ញុំទទួល​បាន​ព័ត៌មាន​ជាក់លាក់ ​»។​

យ៉ាងនេះក្តី ​​របាយការណ៍​មួយ​ផ្សេងទៀត​​របស់ក្រសួង​បរិស្ថាន​​ ​ទាក់ទង​នឹង​យុទ្ធ​​នា​ការ​អន្ទាក់​សូន្យ បាន​បង្ហាញថា​នៅ​​​ក្នុងឆ្នាំ២០២៣​ អន្ទាក់ចំនួន​១៤.៣២៥​​ ត្រូវ​បាន​ដោះចេញ​ពីតំប​ន់​​ការពារធម្មជាតិក្នុង​ឆមាស​ទី១​​នេះ ហើយកាលពីឆ្នាំ ២០២២ ​អន្ទាក់​សរុបប្រមាណ​ជាង​៣៤.០០០ អន្ទាក់ ត្រូវ​បានដក​ចេញ​ពីតំបន់​ការពារធម្មជាតិ​

របាយការណ៍ដដែលបង្ហាញទៀតថា ​តួ​លេខនៃការដាក់​អន្ទាក់របស់ព្រានព្រៃបានថយចុះ​ ​បើធៀ​​ប​​នឹងលទ្ធផលនៃ​ការដោះ​អន្ទាក់​ក្នុង​ឆ្នាំ​២០២១ ដែលចំនួនអន្ទាក់ប្រមូល​បាន​ចំនួន៦១.៦១១​អន្ទា​​ក់​​​​។ ​

ដោយឡែក សមាគម​បណ្តាញ​យុវជន​កម្ពុជា រកឃើញថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣ នេះ ​ក្រុ​​ម​ការងាររបស់សមាគមបានចុះល្បាតចំនួន៦លើក ហើយរកឃើញដោយចៃដន្យការជួញដូរ​​សត្វ​​ព្រៃ​ និ​​ង​​លក់សាច់សត្វ ខេត្តនៅជាប់តំបន់ព្រៃឡង់។ជាពិសេសខេត្តដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បាន​​បើ​​ក​​​ល​​ក់​សាច់សត្វព្រៃដោយចំហ និងជាប្រចាំ។

ក្នុងនាមជាអ្នកការពារបរិស្ថាន នៃបណ្តាញយុវជនកម្ពុជា លោក​ ហេង គឹមហុង​ សង្ឃឹម​ថា​ក្រោយ​ពីចេ​​ញ​​​របាយការណ៍​នេះ អាជ្ញាធរ​នៅក្នុងតំបន់នឹង​ចូលរួមដោះស្រាយ​បញ្ហានេះឱ្យ​មាន​ប្រសិទ្ធភាព​ និង​បញ្ឈប់​គ្រប់រូបភាព ​នៃការ​ជួញដូរ​សាច់សត្វ​ព្រៃនេះ​។

​លោក​បន្តថា​៖ « យើង​ចេញរ​បាយការណ៍​នេះទៅ​ សង្ឃឹម​ថាអាជ្ងាធរ​ខេត្ត​ស្ទឹង​ត្រែង​លោក​យក​ចិត្ត​ទុក​ដា​​ក់​នៅក្នុង​ការ​ដោះស្រាយ​បញ្ហានេះ​ឱ្យ​មាន​ប្រសិទ្ធភាព​កុំឱ្យ​លក់​ជាចំហ​ពេក​ ធម្មតា​វាអត់​ល្អ​មើល​ [] កុំ​ឱ្យរូបភាព​នៃការ​ជួញដូ​រ​សាច់​សត្វ​ព្រៃហ្នឹង​វាទូលំ​ទូលាយ​បែប​នេះ ​ឬក៏​នៅតែបន្ត​កើត​មានបែ​បនេះ»​។

​តាមរយៈបទបង្ហាញរបស់ខ្លួន បណ្តាញយុវជនកម្ពុជា លើកឡើងថា លទ្ធផល​នៃការ​ប្រមូល​ទិន្នន័យ​រយៈ​​ពេល​ ៩០​ថ្ងៃនេះ ​ក្រុមកា​រងារ​ប្រមូល​សំណាក​ទិន្នន័យ​សាច់​សត្វព្រៃបានចំនួន​ ៣៤សំណាក​ ក្នុង​​ចំ​​ណោម​​​ភោជនីយដ្ឋានចំនួន១១កន្លែងផ្សេងៗគ្នា ​និ​ងរមណីយដ្ឋាន​ចំនួន​ ២​កន្លែង​ដែល​មាន​ដាក់​លក់​សាច់​សត្វ​ព្រៃ។

ក្រៅពីនេះ ​ប្រភេទ​ត្រីអភិរក្ស​ត្រូវបានរក​ឃើញ​ចំនួន​ ៥​ប្រភេទ​ មាន​ចំនួន​១២ក្បាល ​ភាគច្រើន​ស្ថិត​នៅក្នុង​ខេត្តតា​មបណ្តោយ​ដង​ទន្លេមេ​គង្គ​គឺខេ​ត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ៕​​

សមាគមបណ្តាញយុវជនកម្ពុជា ស្នើឱ្យ​ក្រសួង​បរិស្ថាន​ និងក្រសួងកសិកម្ម​​ ​រក្ខា​​ប្រមាញ់ និងនេសាទ ឱ្យចាត់វិធានការដោយម៉ត់ចត់ តាមរយៈការរឹត​បណ្តឹង​លើ​សកម្ម​ភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និងត្រី​អភិរក្ស​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ នៅតាមភោជនីយដ្ឋាន​ សកម្មភាព​ដាក់អន្ទាក់  និងការ​នេសាទ​ប្រភេទ​ត្រី​អភិរក្ស​ឱ្យបាន​ម៉ឺន​ម៉ាត់៕​