អ្នកជំនាញផ្នែកសុខាភិបាល ចាត់ទុកថាការចរាចរណ៍ឱសថតនៅកម្ពុជា នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកប្រើប្រាស់ ដោយសារប្រព័ន្ធត្រួតពិនិត្យការធ្វើពាណិជ្ជកម្មឱសថ រកឃើញមិនអាចជឿទុកចិត្តបាន ខណៈក្រសួងសុខាភិបាល ទើបចេញបម្រាមការចែកចាយថ្នាំប្រភេទ ប៉ាណាឌុល ផ្លាស់(Phaanedol® Plus) ដែលឱសថប្រភេទនេះ មានសារធាតុម្យ៉ាងនាំឱ្យខូចសុខភាពសម្រាប់អ្នកប្រើប្រាស់។
ប្រធានសមាគមគ្រូពេទ្យគុណធម៍កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី យល់ឃើញថា ការសម្រេចចិត្តបិទមិនឱ្យចែកចាយឱសថប្រភេទ ប៉ាណាឌុល(Phaanedol® Plus) ទំនងក្រសួងរកឃើញពីគុណវិបត្តិនៃថ្នាំនេះ ហើយវាអាចនឹងបង្កផលប៉ះពាល់ទៅដល់សុខភាព របស់អ្នកប្រើប្រាស់ដែរ។លោកបន្តថាការបញ្ឈប់មិនឱ្យថ្នាំប្រភេទនេះដំណើរការនៅកម្ពុជា ជាពិសេសនៅតាមឱសថស្ថាន វាគឺជាជម្រើសដ៏ល្អមួយសម្រាប់ពលរដ្ឋកម្ពុជា។
ជាងនេះទៀតឱសថប្រភេទនេះ វានឹងជះផលអាក្រក់ដល់អ្នកជំងឺដូចជារលាកថ្លើមរ៉ាំរ៉ៃ។មួយវិញទៀត ថ្នាំនេះក៏មានសារធាតុញៀនម្យ៉ាងដែលធ្វើឱ្យអ្នកប្រើប្រាស់ ប្រើហើយមិនអាចកាត់ផ្តាច់បាន។
លោកបន្តថា៖«ប្រសិនជាក្រសួងគេរកឃើញ Phaanedol® Plus នឹងរកឃើញថាវាមានជាតិមិនគាំប្រសើរឲ្យបងប្អូនប្រជាពលរដ្ឋយើងប្រើទេបានន័យថា Phaanedol® Plus នឹងវាមានសារជាតិម្យ៉ាងដែរលវាលើសផ្សំនៅក្នុងអឺថ្នាំបំបាត់ការឈឺចាប់នឹង បើនិយាយអំពីប៉ាណាដុលនឹងវាជា ប៉ាមីរបស់ប៉ារ៉ា វាមាន ប៉ារ៉ា គីនាល់ អានឹងក៏មានជាតិ ប៉ារ៉ានៅក្នុងនឹងដែរ[…] អានឹងប្រសិនជាក្រសួងរកឃើញថា Phaanedol® Plusមើលទៅវាមានសារជាតិញៀននឹងវាលើសមានជាតិគីមីលើសមិនអាចឲ្យប្រើបានវាហួសកម្រិតអាចវាមានផលវិបាកដល់អ្នកជំងឺទៅថ្ងៃក្រោយវាអាចជាជំងឺរលាកថ្លើមរាំរៃទៅជាខូចថ្លើម ទី២អាចធ្វើអោយអ្នកជំងឺញៀន គេហៅថាអត់ថ្នាំនឹងវាអត់បាត់នឹងហើយ កន្លែងនឹងហើយវាប៉ះពាល់ដូចយើងប្រើថ្នាំញៀនចឹង »។
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសហាមឃាត់ មិនឱ្យចែកចាយឱសថប្រភេទ ប៉ាណាឌុល ផ្លាស់( Phaanedol® Plus) នៅលើទីផ្សារប្រទេសកម្ពុជា។លិខិតបន្តថាក្រោយការពិនិត្យក្រសួងរកឃើញថាប្រភេទឱសថនេះ អាចមានផលប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។ប្រភពដដែលឱ្យដឹងទៀតថា ថ្នាំ Phaanedol® Plus B/15 Blisters/ 180 Tablets នេះ គឺគ្មានលេខបញ្ជីការត្រឹមត្រូវ ដែលអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព នៃឱសថឡើយ។
មានមុខរបរជាអ្នកលក់ឥវ៉ាន់ និងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោក ញឹម ឡុង ឱ្យដឹងថា បម្រាមមិនចេញលក់ឱសថប្រភេទ ប៉ាណាឌុល ផ្លាស់ នេះប្រាកណាស់ ប្រសិនបើមានអ្នកហ៊ានល្មើសនឹងបម្រាមនេះ ចៀសមិនផុតពីមានទោសទណ្ឌឡើយ។
ស្ថិតក្នុងវ័យប្រមាណ ៥០ឆ្នាំ លោក ញឹម ឡុង យល់ឃើញថា បើមានគោលការណ៍បែបនេះហើយ ហើយនៅតែមានអ្នកបំពានទៀត នោះមានន័យថា អ្នកជួញដូរឱសថប្រភេទនេះ កំពុងចូលរួមប្រព្រឹត្តបទល្មើស។
លោកបន្តថា៖«តាមខ្ញុំយល់ដែរក្រសួងមិនអោយយើងលក់នឹងយើងមិនអាចប្រើប្រាស់បានទេហើយវាជារឿងខុសច្បាប់យើងមិនអាចលក់បានទេ។យ៉ាងណាប្រសិនជាយើងលក់យើងប្រើវាជារឿងមួយខុសច្បាប់ពេលដែរយើងចែកចាយក្លែងក្លាយគេរករឿងយើងគេប្តឹងចឹងហាពីព្រោះវាជារឿងមួយខុសច្បាប់លក់របស់ក្លែងក្លាយប្រសិនជារបស់ការពិតហ្មងវាអត់មានបញ្ហាអីទេបើរបស់ក្លែងក្លាយគេមករករឿង » ។
នៅរស់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សុង ចំរើន ក៏ឯកភាពដែរថា ការចេញបម្រាមបិទមិនឱ្យការធ្វើចរាចរឱសថប្រភេទ ប៉ាណាឌុល ផ្លាស នេះវាគឺជារឿងដែលត្រឹមត្រូវ។មានវ័យប្រមាណ ៥៣ ឆ្នាំ អ្នកស្រី និយាយថា ប្រសិនទុកថ្នាំប្រភេទនេះ ឱ្យមានការជួញដូរនៅលើទីផ្សារ អ្នកដែលប៉ះពាល់ផ្នែកសុខភាព គឺជាពលរដ្ឋ។
អ្នកស្រីបន្តថា៖«វាត្រឹមត្រូវហើយបានគេបិទនឹងវាប៉ះពាល់ដល់សុខភាពវាអត់ល្អវាក្លែងក្លាយវាសមស្របហើយបើវាចឹង » ។
ដោយឡែក ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ បញ្ញត្តិមាត្រា ១០ កំណត់ថា ការលក់ឱសថដែលគ្មានទិដ្ឋាការ ឬបញ្ជីការ ឬឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែលរកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
សម្រាប់អ្នកជំនាញផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថាទីផ្សារការលក់ថ្នាំនៅក្នុងស្រុកសព្វថ្ងៃនៅតែមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ជាងនេះទៀត ការប្រកបមុខរបរនេះ ត្រូវគេរកឃើញថាអ្នករកស៊ី មិនមានក្រមសីលធម៍ក្នុងការប្រកបអាជីវកម្មមួយនេះថែមទៀតផង។ក្នុងនាមជាអ្នកជំនាញផ្នែកសុខភាព លោកក៏ឃើញក្រសួងសុខាភិបាល ដោះស្រាយលើរឿងមួយនេះ ដោយប្រសិទ្ធិភាពដែរ។
លោកបន្តថា ៖«បើនិយាយទៅវាមានផលប៉ះពាល់ច្រើនប្រសិនវាមិនទប់ស្តាត់មិនមានវិធានការទៅដល់ក្រុមហ៊ុនធំៗដែរគាត់នាំថ្នាំចូលទីមួយ ទីពីរឲ្យមានវិធានការប៉ាម៉ាស៊ី[ឱសថស្ថាន] ដែរលក់ផ្សំថ្នាំពេញស្រុកខ្មែរទាំងអស់ យើងគិតមើលថាប៉ាម៉ាស៊ី[ឱសថស្ថាន] ដែរលក់នៅស្រុកខ្មែរទាំងអស់ផ្ទះជាប់ៗគ្នាអីចឹងដែរយើងមើលឃើញថាស្ថានភាពនឹងវាដដែលនៅពេលដែររដ្ឋធ្វើខ្លាំងទៅវាប្រែជាការបិទឆ្នាំងបាយគាត់អីចឹង។ អីចឹងគួរណាតែរដ្ឋទាំងអស់គ្នានឹងក្រសួងដែរពាក់ព័ន្ធនឹងគួរតែរៀបប្រជុំដើម្បីរៀបរយអោយប៉ាម៉ាស៊ីទាំងអស់នឹងអោយគាត់មានអឺមានក្រមសីលធម៍នៅក្នុងការលក់ថ្នាំពេទ្យឲ្យបានល្អដល់បងប្អូនប្រជាពលរដ្ឋយើង » ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ អះអាងថា អ្វីដែលក្រសួងសុខាភិបាលចេញគោលការណ៍ហាមឃាត់មិនឱ្យធ្វើចរាចរឱសថតនៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាវាគឺជារឿងពិត។លោកបន្តថា លិខិតដែលចេញប្រកាសដែលភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា មានបោះត្រាជាដើម បង្ហាញពីលិខិតដែលចេញដោយក្រសួងសុខាភិបាលដោយពិតប្រាកដ និងគ្មានការក្លែងបន្លំណាមួយនោះទេ។
លោកបន្តថា៖« បើមានត្រាមានគ្រីសគេបង្ហោះនៅក្នុងផេកនាយកដ្ឋានឱសថហើយក្រសួងចេញវាជាពិតប្រាដកហើយ »។
សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ដែលជាប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ឯណេះវិញ លើកឡើងថា ឱសថក្លែងក្លាយកំពុងវាយលុកនៅលើទីផ្សារសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱសថការី យកចិត្តទុកដាក់ឱ្យបានដិតដល់។មិនតែប៉ុណ្ណោះ ឱសថក្លែងក្លាយទាំងនោះ មិនមានសញ្ញាណាមួយដែលស្រួលចំណាំឡើយ ហេតុនេះ វាជាផលលំបាកមួយក្នុងការកត់សំគាល់ថាប្រភេទឱសថណាពិត ឬក្លែងក្លាយនោះទេ។
លោកបន្តថា៖«ក្រុមហ៊ុនប៉ាម៉ាស៊ីដែលលក់ថ្នាំសព្វថ្ងៃនឹងគួរតែប្រុងប្រយ័ត្នពីព្រោះថ្នាំនៅក្នុងស្រុកខ្មែរយើងក្លែងក្លាយច្រើនណាស់យើងអត់មាននៅក្នុងកញ្ចប់ថ្នាំអត់មាននៅក្នុងពណ៍ថ្នាំអត់មាននៅក្នុងប្រទះថ្នាំទេ មនុស្សផលិតអីចឹងអត់ដឹងថាថ្នាំណាសុទ្ធ ឬក៏មិនសុទ្ធទេ »៕