ជនជាតិដើមភាគតិច ស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ជាថ្ងៃ​ឈប់​សម្រាក​​ទៅក្នុងប្រតិទិនជាតិ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់​សិទ្ធិជនជាតិដើមភាគតិច​នៅកម្ពុជា។

កាលពី​​ខែធ្នូ​ ឆ្នាំ​១៩៩៤​ អង្គការសហប្រជាជាតិ​ បាន​សម្រេច​ថា​ ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​​០៩​ ខែសីហា​ ជា​រៀង​រាល់​ឆ្នាំ​។​ កាលបរិច្ឆេទ​នេះ​ គឺជា​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​អង្គការសហប្រជាជាតិ​ ស្តី​ពី ​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ នៅ​ឆ្នាំ​១៩៨២​។​ ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចែករំលែក​សារ​ របស់​អង្គការសហប្រជាជាតិ​ ស្តី​ពី​ការ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​។​

ប្រធាន​សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក​ថាប់ សុខឃី មាន​ប្រសាសន៍​ថា ការស្នើដាក់បញ្ជូល​ទិវាជនជាតិដើមភាគតិចក្នុងប្រតិទិនឈប់សម្រាក​នេះ ដើម្បីឱ្យប្រជាពលរដ្ឋដឹងថាជនជាតិដើមភាគតិចមានសិទ្ធិ ដូចមនុស្សគ្រប់គ្នា​​ដែរ ហើយ​ចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។

លោកថា៖ «ការប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក [ថ្ងៃទី]៩ [ខែ]សីហា នេះ គឺដើម្បីទទួល​ស្គាល់​សិទ្ធិជាអន្តរ​ជាតិ ដើម្បីឱ្យប្រជាជននៅក្នុងប្រទេសកម្ពុជា​ទទួល ហើយបានដឹងថាជន​ជាតិមាន​សិទ្ធិ ដូច​ជាមនុស្សគ្រប់គ្នាដែលមានការទទួលស្គាល់ជាអន្តរជាតិ»។

ជនជាតិដើមភាគតិចព្នង​មួយរូបទៀត រស់នៅភូម​ឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌល​គិរី លោក គ្រើង តុលា លើកឡើង​ថា បើដាក់ថ្ងៃទី៩ ខែសីហា ជាថ្ងៃឈប់សំរាកក្នុងប្រតិទិនជាតិ គឺចំណេញទាំងរដ្ឋាភិបាល និងជនជាតិដើមភាគតិចផ្ទាល់។

លោកថ្លែងថា៖ «ប្រសិនបើបានដាក់ពិតមែនតាមការស្នើសុំហើយរដ្ឋាភិបាលបានគិតគូរមែនទែនទៅលើបញ្ហាហ្នឹង ខ្ញុំគិតថាវាចំណេញ ចំណេញដល់ជនជាតិដើមភាគតិច ក៏ដូចជាចំណេញដល់រាជរដ្ឋាភិបាលផង គឺចំណេញទៅលើជនជាតិដើមភាគ​តិចទាំងអស់ឱ្យតែថ្ងៃឈប់សម្រាក​ហ្នឹង នឹងនឹកឃើញថា ថ្ងៃហ្នឹងខ្ញុំមានសិទ្ធិបញ្ចេញមតិ ខ្ញុំមានសិទ្ធិបង្ហាញទៅលើវប្បធម៌របស់ខ្ញុំ។ ទី២ រាជរដ្ឋាភិបាល គាត់ចំណេញច្រើនណាស់ គាត់អាចទាក់ទាញអន្តរជាតិឱ្យ​ដឹង​ថា ប្រទេសរបស់គាត់ពិតជាយកចិត្តទុកដាក់ជនជាតិដើមភាគតិចនិមួយៗ គាត់ចំណេញខ្លាំងមែនទែន ហើយគេនឹងផ្តល់ជំនួញច្រើនដល់រដ្ឋាភិបាល[…] ចឹងគឺចំណេញសងខាងហ្នឹងណា!»។

លោក តុលា យល់ថា ប្រសិនបើមិនដាក់ថ្ងៃទិវាជនជាតិដើមភាគតិច​ជាថ្ងៃឈប់សំរាកទេ គឺប៉ះពាល់ដល់ថ្ងៃការងារ ខណៈមន្ត្រីរាជការ​ បុគ្គលិកឯកជនខ្លះ ក៏ជាជនជាតិដើមភាគតិចផងដែរ។

លោកបន្ថែម​ថា៖ «ប្រសិនបើប្រទេសមួយបាត់ជនជាតិមួយ​ ស្មើនឹងគឺជាប្រទេសមួយដែលមិនបានគិតពីជាតិពិន្ទុ មិនបាន​គិតពីលទ្ធិប្រជាធិបតេយ្យនៅតាមប្រទេសនីមួយៗ​[…] រដ្ឋាភិបាលក៏ដូចជាក្រសួងសាមីហ្នឹងណា ដែលមានតួនាទី​ក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក៏ដូចជាមានតួនាទីក្នុងការគាំពារសិទ្ធជនជាតិដើមភាគ​តិចហ្នឹង គួរតែពិ​​ចារណា គួរតែដាក់ ៩ សីហា ជារៀងរាល់ឆ្នាំហ្នឹងជាថ្ងៃទិវាបុណ្យជាតិតែម្តងទៅ ហើយថ្ងៃហ្នឹងជាថ្ងៃសំរាកតែម្តងទៅប្រិសនបើយើងមិនដាក់ទេ អ៊ីចឹងការផ្សព្វផ្សាយក៏ដូចជាបង្ហាញវប្បធម៌របស់ជនជាតិដើមភាគតិចនៅមានកម្រិតនៅឡើយទេ» ។

​​ជាជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ​​​ រស់នៅភូមិផ៉្យាង ឃុំតាវែងក្រោម ស្រុងតាវែង ខេត្តរតនៈគិរី អ្នក​ស្រី​ ពីង​ ចំរើន ក៏បានលើកឡើងស្រដៀងគ្នា​ដែរថា ការ​ដាក់ថ្ងៃទិវា​ជនជាតិដើមភាគតិច នៅក្នុងប្រតិ​ទិន​ឈប់​សម្រាក គឺ​ពិតជាមានសារប្រយោជន៍ខ្លាំងសម្រាប់ជន​ជាតិដើ​មភា​គ​តិច ព្រោះវាជួយផ្សព្វ​ផ្សាយឱ្យមានការទទួលស្គាល់សិទ្ធិរបស់ជនជាតិដើមភាគតិច។ អ្នកស្រីបន្តថា កន្លងមក ពួកគាត់​​ធ្លាប់បាន​ស្នើលើករណីនេះជា​ច្រើនលើក​ច្រើនសារ​ដែរ ប៉ុន្តែមិនទាន់​​ទទួល​បានការឆ្លើយតបនៅ​ឡើយ។

អ្នកស្រី​និយាយ​ថា៖ «​កន្លងមក យើងបានដាក់ស្នើសុំជារៀងរាល់ឆ្នាំ ទី១ តាមរយៈសេចក្តីថ្លែងការណ៍ ហើយទី២ទៀត គឺយើងបានដាក់ស្នើសុំទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទដែរ ប៉ុន្តែយើងឃើញ​ថា​ការ​ឆ្លើយតប យើងមិនទាន់បានឃើញការឆ្លើយតប​ ត្រូវដាក់បញ្ចូលថ្ងៃឈប់សម្រាកទិវាជនជាតិដើមភាគតិចថ្ងៃទី០៩​ ខែសីហានៅឡើយទេ»។

អ្នកស្រី ចំរើន ក៏បានជំរុញទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ឬអង្គការដៃគូរ យកចិត្តទុកដាក់ និងជួយពង្រឹងបន្ថែម​ទៅលើសហគមន៍ជនជាតិដើមភាគតិច​ ដើម្បីឱ្យពួកគាត់អាចរក្សាអត្តសញ្ញាណវប្បធម៍របស់ពួកគាត់។

Newsroom Cambodia បាន​ព្យាយាម​​​​​​​ទាក់​​ទង​​​​សុំ​ការ​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពី ​លោក​​ ប៉ែន បូណា​ ​​​អ្នកនាំ​ពាក្យ​​​រដ្ឋាភិបាល តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គម​តេឡេក្រាម ប៉ុន្តែ​មិន​​​ទទួល​បាន​​កា​រ​ឆ្លើយតបទេ ​គិតត្រឹមថ្ងៃ​១២ ខែតុលា ឆ្នាំ២០២៣​​​​។

ទាក់ទងនឹង​ការស្នើនេះដែរ ប្រធានលេខាធិកាដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក នុន​ សុគន្ធា មានប្រសាសន៍​​ថា លោកកំពុង​ពិភាក្សាជាមួយតំណាងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សា​បន្ថែម​ទៅ​លើ​ហេតុផលនៃការ​ស្នើសុំរបស់​ជនជាតិដើមភាគតិច ហើយលទ្ធផលយ៉ាងណាលោក​នឹងផ្តល់ព័ត៌មានបន្ថែមតាមក្រោយ។​

តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិ​ដើមភាគតិចដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ មានចំនួន ២៤ក្រុម​ រួមមាន ​ជន​ជាតិដើមភាគតិច​​​​ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន  មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ​ស្ទៀង​​ ថ្មូន រអង និងស្អូច ដែលមានចំនួន​ប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។

ពួកគេ​កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន ១៥ ដូចជា​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមាន​ជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមាន​ជ័យ និង​សៀមរាប ហើយ​ពួកគាត់​ភាគច្រើន​ប្រកប​ការងារ​ធ្វើស្រែ​ចម្ការ​វិលជុំ​ប្រមូលផល​អនុផល​ព្រៃឈើ ការ​ប្រមាញ់​សត្វ ការនេសាទ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ប្រពៃណី​គ្រួសារ​៕