ជំងឺភ្នែកក្រហម ជាជំងឺកើតថ្មីដែលបាននឹងកំពុងឆ្លងរីករាលដាលយ៉ាងលឿនគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ តាមរយៈវីរុស និងបាក់តេរីដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតយ៉ាងងាយស្រួល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញនូវថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មកបានរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងឆ្លងរីករាលដាលគួរឱ្យកត់សម្គាល់ដែលខណៈនោះក្រសួងសុខាភិបាល បានចុះសង្កេត ធ្វើការតាមដាន ផ្តល់ការព្យាបាល និងអប់រំបង្ការការឆ្លង ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានប្រាប់ពីរោគសញ្ញា និងវិធីបង្ការជំងឺនេះថា៖ «រោគសញ្ញាជំងឺភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែករមាស់ ឈឺភ្នែក មានហៀរទឹកភ្នែកច្រើន និងភាគច្រើនមានអាចម៍ភ្នែកជាដើម ដែលវិធីបង្ការសម្រាប់អ្នកដែលមិនទាន់ឆ្លងជំងឺត្រូវលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ជៀសវាងការប៉ះផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម កុំប្រើរបស់របរជាមួយអ្នកជំងឺ ជាពិសេសគឺរក្សាគម្លាតឱ្យបានឆ្ងាយព្រោះជំងឺនេះឆ្លងតាមខ្យល់ តាមការក្អក និងកណ្តាស់»។

ក្រសួងសុខាភិបាលបន្តថា ករណីនេះភាគច្រើនគឺស្រាលដែលអាចធ្វើការព្យាបាលតាមរយះការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក ប៉ុន្តែជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយះពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលលំបាករយៈពេលវែង៕