ក្រសួងសុខាភិបាល បានជម្រាបជូនដំណឹងដល់សាធារណជនពីការរកឃើញករណីឆ្លងជម្ងឺភ្នែកក្រហម កំពុងកើតថ្មីនៅបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះហើយបានប្រាប់ពីរោគសញ្ញា និងវិធីបង្ការពីជម្ងឺនេះ។

តាមសេចក្ដីប្រកាសព័ត៌មានខាងលើរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បានឲ្យដឹង ថាក្រុមឆ្លើយតបបន្ទាន់ក្រសួងសុខាភិបាលបានចុះតាមដាន និងផ្ដល់ការព្យាបាល អប់រំបង្ការការឆ្លង ដើម្បីទប់ស្កាត់ការឆ្លងបន្ត ព្រោះជម្ងឺនេះបណ្ដាលមកពីវីរុសនិងបាក់តេរី ហើយវាឆ្លងលឿនណាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

ក្រសួងសុខាភិបាលបន្ថែមថា៖ «រោគសញ្ញាឆ្លងជម្ងឺភ្នែកក្រហមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬក្រហម ហើមត្របកភ្នែក នៅពេលព្រឹកហូរទឹកភ្នែកច្រើន រកាំភ្នែក រមាស់ភ្នែក រលាក ក្រហាយភ្នែក អាចម៍ភ្នែកមានពណ៌ខ្ទុះនិងឈឺគ្រាប់ភ្នែក វាបង្កដោយវីរុសនិងបាក់តេរីហើយឆ្លងលឿនណាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែយើងអាចកាត់បន្ថយការកើតជម្ងឺភ្នែកក្រហមនិងការចម្លងទៅអ្នកដទៃដោយការលាងឲ្យដៃស្អាត»។

ក្រសួងសុខាភិបាលបានបន្ថែមទៀតថា សម្រាប់បុគ្គលមិនទាន់កើតជម្ងឺភ្នែកក្រហម ត្រូវលាងដៃឲ្យបានញឹញាប់មុននិងក្រោយប៉ះពាល់និងប្រើប្រាស់របស់របរអ្នកជម្ងឺ ចៀសវាងការប៉ះពាល់ភ្នែក ដោយដៃមិនស្អាត និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺភ្នែកក្រហម រក្សាគម្លាតឲ្យឆ្ងាយព្រោះវីរុសនិងបាក់តេរីនេះឆ្លងដោយសារការក្អកនិងកណ្ដាស់ ហើយដើម្បីបង្ការកុំឲ្យមានជម្ងឺភ្នែកក្រហម យើងត្រូវបោះចោលរបស់របរដែលអ្នកជម្ងឺបានប្រើ ដូចជា គ្រឿងសម្អាងភ្នែក ទឹកបន្តក់ភ្នែក…….ជាដើម។

សេចក្ដីប្រកាសដែលបានបន្ថែមថា៖«បុគ្គលមានជម្ងឺភ្នែកក្រហមត្រូវ លាងដៃឲ្យបានញ្ញឹកញាប់ ជាមួយសាប៊ូ ឬទឹកក្ដៅឧណ្ហៗ ចៀសវាងការប៉ះ ឬញីភ្នែក និងប្រើដៃស្អាត សម្អាតជុំវិញភ្នែកដោយប្រើក្រណាត់ស្អាត បោះចោលសំឡីនិងក្រណាត់ដែលប្រើរួច ឬបោកសម្អាតជាមួយសាប៊ូ កុំប្រើថ្នាំបន្តក់ភ្នែកតែមួយ សម្រាប់ភ្នែកឈឺនិងភ្នែកមិនឈឺ បោកសំលៀកបំពាក់ និងរបស់ប្រើប្រាស់បន្ទាប់ពីកាន់របស់ប្រឡាក់ទាំងនេះ ហើយកុំចែករំលែករបស់របរផ្ទាល់ខ្លួនទៅអ្នកដទៃ មិនត្រូវប្រើអាងហែលទឹក និងត្រូវសម្រាកពីការងារ ឬសាលារៀនចៀសវាងការចម្លងទៅអ្នកដទៃ»។

ក្រសួងសុខាភិបាលបន្ថែមថា ការថែទាំនិងព្យាបាលករណីជម្ងឺនេះភាគច្រើនគឺស្រាល ការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ទៅ១៤ថ្ងៃ ដោយមិនចាំបាច់ព្យាបាលនិងប្រើរយៈពេលខ្លី។ករណីខ្លះការរលាកភ្នែកដោយវីរុសត្រូវការព្យាបាលរយៈពេល ពី២ទៅ៣សប្ដាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ គ្រូពេទ្យអាចផ្ដល់ថ្នាំបន្តក់ភ្នែក ដែលជួយកាត់បន្ថយផលវិបាក ការឆ្លង និងការរីករាលដាលដល់អ្នកដទៃ ហើយក្រសួងនឹងបន្តធ្វើការជូនដំណឹងដល់ពលរដ្ឋ អំពីព័ត៌មានទាក់ទងនិងការអប់រំសុខភាពបន្ថែមទៀត៕