ការបញ្ជៀសចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទដោយសារ ស្ថានភាពទឹកភ្លៀងនៅតែធ្លាក់ជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌកំបូលបានចេញសេចក្ដីជូនដំណឹងនាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ថា ដើម្បីបញ្ជៀសការខូចខាតកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ហើយដើម្បីធានាសុខសុវត្តិភាពប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ខណ្ឌបានផ្អាកចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៤ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ ដោយធ្វើដំណើរវាងទៅផ្លូវជាតិលេខ៤២ ស្ថិតក្នុងភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងសូមធ្វើដំណើរវាងទៅផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសេចក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ គួរមានការយោគយល់អធ្យាស្រ័យ និងបញ្ជៀសការធ្វើដំណើរតាមផ្លូវនេះដោយវាងទៅតាមផ្លូវដែលបានជម្រាបជូនខាងលើ៕