អាជ្ញាធរជាតិអប្សរានឹងមានការរៀបចំព្រះរាជពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហមុនី។

អាជ្ញាធរជាតិអប្សរាក៏បានសូមជម្រាបជាផ្ដល់ដំណឹងថា គម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់ជាស្ថាពរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។

ក្នុងសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ពីទិសដៅសម្រាប់គ្រប់គ្រងលំហូរការទស្សនានៅប្រាសាទអង្គរវត្តឲបានល្អប្រសើរផងដែរ ក្រោយពីព្រះរាជពិធីសម្ភោធជាផ្លូវការនេះ។ ទិសដៅទស្សនាទាំងនោះរួមមាន ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្តជាច្រកចូលសម្រាប់ការទស្សនា និងប្រើប្រាស់ស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្តដែលជាច្រកចេញសម្រាប់ការទស្សនា៕