ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងរៀបចំឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ដោយប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។
ពិព័រណ៌ការងារ និងផលិតភាពជាតិនឹងប្រារព្ធឡើងនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ដោយរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
យោងតាមហ្វេសប៊ុកផេករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងពីឱកាសការងារគ្រប់ប្រភេទដែលនឹងមកដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៌ខាងមុខ។
ឯកឧត្តម កត្តា អ៊ន បានថ្លែងថា៖ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។»
ឯកឧត្តមក៏បានបញ្ជាក់ពីគោលបំណងនៃការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារនិយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា។
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក បានចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ក៏ដូចជាអំពាវនាដល់យុវជនទាំងអស់ ឲ្យត្រៀមរៀបចំCV និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន ១២លើករួចមកហើយចាប់តាំងពីឆ្នាំ ២០១១មក៕