មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅមាត់ទន្លេបាសាក់ នឹងធ្វើការបិទចរាចរណ៍ទូកដរចម្លងក្រុងតាខ្មៅ ដើម្បីនឹងរៀបចំពិធីប្រណាំងទូក។

ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលកាលថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថារដ្ឋបាលខេត្តកណ្តាលនឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖«សូមធ្វើការបិទចរាចរណ៍ ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ ចាប់ពីវិហារ អ្នកតាសានថៃជី ដល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ(ស្ពានព្រែកសំរោង)ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣»។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការប្រារព្ធពិធីប្រណាំងទូក ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយនិងសុវត្ថិភាព សូមចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕