រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈនៅព្រះរាជាណាចក្រកម្ពុជាហើយក៏បានលើកឡើងពីទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់5G។
តាមរយ:កិច្ចពិភាក្សា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្វាគមន៍លោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចពិភាក្សាដដែលនេះ តំណាងក្រុមហ៊ុនមួយចំនួន Zuellig Pharma, DHL និង Eurocham ប្រចាំនៅកម្ពុជាក៏បានសាកសួរពីយុទ្ធសាស្រ្តនៅក្នុងការគាំទ្រវិស័យឯកជនពាក់ព័ន្ធនឹងឌីជីថលូបនីយកម្មវិស័យសុខាភិបាល ការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ SMEs ក្នុងស្រុក ក៏ដូចជាទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់ 5G។
លោករដ្ឋមន្ត្រីក៏មានការឆ្លើយតបពីវឌ្ឍនភាពការងារ ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ជំនាញឌីជីថល បច្ចេកវិទ្យាសហគមន៍ ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ថ្នាលឌីជីថល ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ផងដែរ។
ជាកិច្ចបញ្ចប់ពិភាក្សានេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះប្រធានក្រុមប្រឹក្សា និងគណៈប្រតិភូដែលបានពិភាក្សាការងារក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជាលើកនេះ ក៏ដូចជាបានលើកទឹកចិត្តដល់ គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជា ជំរុញ និងពង្រឹងការវិនិយោគបន្ថែមផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕