នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(ជីស៊ីស៊ី) នៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពិនិត្យ និងកំណត់នូវទិសដៅអនាគត នៃទំនាក់ទំនងរវាងអាស៊ាននិងជីស៊ីស៊ី ព្រមទាំងបានធ្វើការផ្លាស់ប្តូរយោបល់ស្តីអំពីបញ្ហាតំបន់និងអន្តរជាតិផ្សេងៗ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមប្រភពដដែល នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត។ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយ: ការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅរាជធានីភ្នំពេញ និងបានស្នើឲ្យភាគីទាំងពីរពិចារណារៀបចំចរចារកិច្ចព្រមព្រៀងនានា ជាពិសេស កិច្ចព្រមព្រៀងស្ដីពីការលើកលែងរឿងដែលបានជួបប្រទះសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។
ចំពោះសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការប្ដេជ្ញាចិត្តរួម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើនយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត។
ក្នុងឱកាសជួបសម្ដែងការគួរសមនោះ លោកអាប់ឌុលរ៉ាម៉ាន់ អាល់ម៉ាសាដ នាយកប្រតិបត្តិនៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានប្រាប់ពីបំណងផ្ដល់ហិរញ្ញប្បទានដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា រួមទាំងកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងវិស័យមួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សន្តិសុខ និង បញ្ហាបម្រែបម្រួលអាកាសធាតុជាដើម៕