ក្រុមយុវជននៅតាមសកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញដាក់ញត្តិជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិក ក្នុងន័យដើម្បីកាត់បន្ថយអត្រានៃការប្រើប្រាស់ថង់មានបរិមានខ្ពស់ និងជួយការពារបរិស្ថាន។
តាមរយៈឃ្លីបវីដេអូ ផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ហើយគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃនេះ បង្ហាញថា យុវជនមួយក្រុមធ្វើសកម្មភាពដើរដាក់ញត្តិនៅស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាល។ខ្លឹមសារនៃញត្តិនេះ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធលើប្លាស្ទិកដែលនាំចូលពី១០ ទៅ១៥ភាគរយ និងកម្រិតលើតម្លៃថង់ប្លាស្ទិកនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។
ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលចូលរួមដាក់ញត្តិ គឺលោក សុខ ឃៀង ឱ្យដឹងថាមូលហេតុដែលជំរុញឲ្យធ្វើរឿងមួយនេះឡើងដោយសារតែនៅប្រទេសកម្ពុជាមានការកើនឡើងអ្នកប្រើប្រាស់ថង់ប្លាស្ទិកកាន់តែច្រើនឡើង។
ជាងនេះទៀត ពួកគេចង់ឲ្យរដ្ឋាភិបាលធ្វើការគ្នានឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន ហើយក៏ចង់ឲ្យមានការដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិកដែរ។ក្នុងន័យនេះធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់គិតគូរទៅលើរឿងប៉ះពាល់នៃថង់ប្លាស្ទិក។មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងច្បាប់នៃការលក់ថង់ប្លាស្ទិក នៅតាមផ្សារទំនើបឲ្យមានភាពស្មើរគ្នាថែមទៀតផង។
លោកបន្តថា៖«ការដំណើនកើនថង់ប្លាស្ទិកនឹងវាមានការកើនឡើង ហើងយើងធ្វើការស្របទៅតាមគោលនរយោបាយជាអនុក្រឹត្តក្រសួងបរិស្ថានដែលបានលើកឡើងថ្មីៗនឹង [….] គ្រោងនឹងការដំឡើងពន្ធពី ៧ទៅ១០%យើងមើលឃើញថាការដំឡើងពន្ធបែបនឹងវាល្អប្រសើរហើយយើងចង់ជម្រុញបន្ថែមទៀតស្នើរឲ្យមានការដំឡើងពន្ធពី១០ទៅ១៥%វាជាគោលបំណងទី១[….]ទី២ចឹងឲ្យមានការអនុវត្តការលក់ថង់ប្លាស្ទិកអនុវត្តទូទាំងប្រទេស ដោយសារតែអនុក្រឹត្យស្តីពីថង់ប្លាស្ទិកនឹងគឺគេដាក់ឲ្យមានកាអនុវត្តលក់ថង់ប្លាស្ទិកក្នុងផ្សារទំនើបនឹងតម្លៃ៤០០រៀលនៅក្នុងមួយថង់ ប៉ុន្តែអនុវត្តដោយស្ម័គ្រចិត្ត គឺថាស្ថាប័នដូចជាអាជីវកម្មខាងផ្សារទំនើបទាំងអស់ និងនរណាគេចង់លក់គឺលក់ឲ្យអតិថិជន Free គឺ free ចឹងហា អីចឹងយើងមើលឃើញថាវាមិនទាន់មានការរឹតបន្តឹងនៅឡើយទេដល់អ្នកប្រើប្រាស់» ។
ដូចគ្នានេះដែរ យុវតីឈ្មោះ នាង ឆរិន លើកឡើងថា គោលបំណងនៃយុទ្ធនាការធ្វើយ៉ាងណាចង់ឲ្យរដ្ឋាភិបាលមានការតម្លើងពន្ធទៅលើរឿងថង់ប្លាស្ទិកឱ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ជាពិសេសបើអាចតម្លៃថង់ប្លាស្ទិកមួយ គឺដំឡើងដល់ ៨០០រៀលក្នុងមួយថង់។មិនតែប៉ុណ្ណោះ ស្នើសុំឱ្យរដ្ឋាភិបាលជំរុញឱ្យការអនុវត្តនេះមានប្រសិទ្ធភាព និងប្រាកដប្រជាជាងមុនដោយមិនត្រូវមានការយោគយល់ណាមួយនោះទេ។
ប្រភពបន្តថា៖«មានគោលបំណងពីរទី១គឺស្នើរឲ្យរដ្ឋាភិបាលដាក់តម្លើងពន្ធនៅលើដែលនាំចូលពីថង់ប្លាស្ទិកពី១០ទៅ១៥% ទីពីរចង់ស្នើឲ្យក្រសួងបរិស្ថាននឹងឲ្យដំឡើងថ្លៃថង់នៅផ្សារទំនើបមួយ៨០០រៀល បានជាយើងស្នើរសុំបែបនឹងដោយសារយើងយល់ឃើញថា ប្រជាពលរដ្ឋគឺមានការប្រើប្រាស់នូវថង់ប្លាស្ទិកច្រើនពេកនៅតាមផ្សារទំនើប អនុវត្តតាមគោលការណ៍ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេហើយឃើញថាក្រសួងបរិស្ថានការអនុវត្តច្បាប់មិនទាន់មានការគ្រប់គ្រាន់នៅឡើយទើបយើងស្នើរសុំចំណុចទាំងអស់នេះទៅកាន់ក្រសួងបរិស្ថានឲ្យជួយពន្លឿនការងារឡើងវិញ » ។
ឆ្លើយតបរឿងនេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា រាល់សំណើរមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញនោះទេ។លោកបន្តថា ការដោះស្រាយផលប៉ះពាល់ គឺរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យត្រឹមត្រូវ ពោលមិនមែនស្តាប់ភាគីម្ខាងហើយទម្លាក់កំហុសលើភាគីម្ខាងទៀតនោះទេ។ជាងនេះទៀតរាល់ការងារបង់ពន្ធដែលធ្វើឡើងមានក្របខណ្ឌច្បាស់លាស់មិនមែនធ្វើឡើងដោយផ្ញើសុំចេញពីបុគ្គលនរណាម្នាក់ទេ។
បើតាមអ្នកនាំពាក្យរូបនេះ រាល់សំណើរទាំងឡាយដែលមានការស្នើរសុំគឺរដ្ឋាភិបាលនឹងមកយកពិចារណាក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ។
លោកបន្តថា៖«កិច្ចការងារពន្ធមិនមែនយើងធ្វើឡើងការផ្ញើសុំរបស់អ្នកនេះរបស់អ្នកនោះទេគឺយើងធ្វើមានក្របខណ្ឌច្បាស់ណានឹងហើយ យើងនឹងមានកិច្ចប្រជុំនៅក្នុងអឺ ការជជែកគ្នារវាងរដ្ឋនិងឯកជន រាល់សំណើរទាំងឡាយដែលប៉ះទន្គិច ឬក៏មានផលប៉ះពាល់គឺយើងប្រជុំជជែកគ្នារកយន្តការដោះស្រាយ យើងមិនមានការធ្វើសំណើរនរណា ឬក៏នៃមួយអឺដោយគ្មានការវិភាគហើយនឹងការសិក្សារច្បាស់លាស់នោះទេ អញ្ចឹងខ្ញុំគ្មានការដាក់ស្នើរការដាក់ញត្តិលើក្រុមណាក្រុមណីទេ រដ្ឋាភិបាលមានយុទ្ធនាការច្បាស់លាស់ហើយយើងមានការងាររដ្ឋជាមួយនឹងឯកជនហើយដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ»។
យ៉ាងនេះក្តី បញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល កំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ចំណែកបញ្ញត្តិមាត្រា៣៥ នៃច្បាប់នេះដដែល ឱ្យដឹងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការដ្ឋ។
តាមរយៈ ឃ្លីប វីដេអូ ដែលផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមយុវជនកាលពីថ្ងៃទី៣១ ខែតុលា បង្ហាញថា មានមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានព្យាយាមហាមឃាត់ក្រុមយុវជនចំនួន១៦នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន៣ផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញដែលហែញត្តិចេញពីម្តុំមុខផ្សាររាត្រី ជិតវត្តភ្នំ ក្នុងបំណងយកទៅដាក់នៅក្រសួងបរិស្ថាន។
នៅក្នុងឃ្លីប វីដេអូ គេសង្កេតឃើញតំណាងយុវជនម្នាក់ ដែលផ្សាយបន្តផ្ទាល់នៅពេលនោះ បានអះអាងថា កម្លាំងសមត្ថកិច្ចបានព្យាយាមហាមឃាត់ពួកគេ មិនឱ្យដើរដង្ហែញត្តិទេ ដោយចោទប្រកាន់ថាការធ្វើបែបនេះ វាខុសច្បាប់ និងនាំឱ្យប៉ះពាល់សន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់សង្គមទៀតផង។
ដោយឡែក យុវតី រ៉េម ស្រីពេជ្យរតនា ដែលបានចូលរួមដង្ហែញត្តិដែរ លើកឡើងថា ក្រុមកម្លាំងសមត្ថកិច្ចបានរារាំងសកម្មភាព នៃយុទ្ធនាការហែញាតិ និងហាមឃាត់រាល់ការផ្សព្វផ្សាយពីបញ្ហាបរិស្ថាននេះ ទៅដល់សាធារណៈជនថែមទៀតផង។លើសពីនេះទៀត បើតាមយុវតី រ៉េម ស្រីពេជ្យរតនា កម្លាំងសមត្ថកិច្ចក្រៅពីបិទសិទ្ធិពួកគេហើយ ថែមទាំងប្រើប្រាស់សំដីមិនថ្លៃថ្នូរមកលើយុវជន ដោយភាសាឆ្គាំឆ្គងទៀតដែរ។
អ្នកនាងនិយាយថា៖«ការធ្វើនេះគឺយើងជួបបញ្ហារារាំងចេញពីសំណាក់អាជ្ញាធរទៅតាមមាត់ទន្លេហើយសណ្តាប់ធ្នាប់ហើយរារាំងមិនឲ្យយើងលើកសូម្បីតែពីបដារដាក់ស្នើរសុំទៅកាន់ក្រសួងបរិស្ថានហើយក៏ប្រើពាក្យសម្តីហិង្សាអសុរោះ ប្រើកាយវិការវាយមកកាន់ពួកយើង ដណ្តើមយកនូវ ផ្លាកបាំងណូការសរសេពាក្យស្នើរសុំហ្នឹង ប្រើសម្តីអសុរោះខ្លាំងមែនទែនមិនឲ្យពួកយើងធ្វើដំណើរ ហើយក៏ពួកយើងធ្វើដំណើរទៅធម្មតាវិញទៅចឹង» ។
ប្រភពដដែលបន្តថា ការប៉ះសំដីគ្នារវាងក្រុមយុវជន និងកម្លាំងសមត្ថកិច្ច រហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សាពីកម្លាំងសមត្ថកិច្ច ប្រឆាំងលើក្រុមយុវជនដែលស្រលាញ់បរិស្ថានថែមទៀត។ការប៉ះទង្គិចគ្នាក្នុងរយៈពេលខ្លីនេះ ក៏បានបណ្តាលឱ្យយុវជនម្នាក់រងរបួសស្រាលត្រង់ដៃដែរ។
ហាក់មិនខុសគ្នាទេ លោក សុខ ឃៀង ជាយុវជម្នាក់ដែលបានចូលរួមដាក់ញត្តិនេះដែរ បញ្ជាក់ថា យុទ្ធនាការហែក្បូនដើម្បីដាក់ញាតិនេះ ត្រូវបានហាមឃាត់ពីសំណាក់កម្លាំងសមត្ថកិច្ច និងបានដកហូតសម្ភារៈពីក្រុមយុវជនថែមទៀតៀង។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខណ្ឌដូនពេញលោក ជា ខេមា បដិសេធក្នុងការឆ្លើយតបជាមួយគេហទំព័រ Newsroom Cambodia អះអាងដោយខ្លីមុននឹងផ្តាច់ទូរស័ព្ទថាកំពុងជាប់ប្រជុំ។
លោកបន្តថា៖ «បើជាប់ប្រជុំ អឺប្រជុំនៅសាលារាជធានីភ្នំពេញសម្ភាសន៍ម៉េចកើត » ។
ចំណែកឯ យូអិនឌីភី(UNDP)ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីចុងឆ្នាំ២០២០ បង្ហាញថា សំណល់ប្លាស្ទិកមានចំនួនជាង ២០%នៃសំណល់សរុបក្នុងមួយថ្ងៃៗនៅក្នុងទីក្រុង (៣.៦០០ តោន) ដែលនេះជាការដាក់សម្ពាភដ៏សម្បើមមកលើសេវាគ្រប់គ្រងសំណល់។
របាយការណ៍ដរដែលបន្ថែមទៀតថា នៅទីប្រជុំជន សំណល់ប្លាស្ទិកនេះមានការកកស្ទះផ្លូវទឹក ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសវាបង្កើនហានិភ័យទឹកជំនន់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់ឃើញថាបញ្ហាបរិស្ថានមិនល្អ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិកហួសកម្រិតនេះ វាគួរដល់ពេលដែលត្រូវចាប់បង្ខំឱ្យគ្រប់គ្នាអនុវត្តហើយ។លោកក៏ឯកភាពដែរថា ការដំឡើងថ្លៃពន្ធលើការនាំចូលថង់ប្លាស្ទិកនេះ ក៏ជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវគិតគូដែរ ព្រោះវាពាក់ព័ន្ធនឹងបរិស្ថានផង និងសុខភាពមនុស្ស សត្វផង។បើតាមលោក យង់ គីមអេង ផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពល នៃថង់ប្លាស្ទិកនេះ នឹងវានឹងបង្កជាផលប៉ះពាល់ក្នុងរយៈពេលវែងផង និងរយៈពេលខ្លីផង ដោយសារជាតិប្លាស្ទិកនេះ អាចរក្សានៅក្នុងដីបានជាច្រើនឆ្នាំ។
លោកបន្តថា៖«កាដាក់ញត្តិមួយនេះជារឿងមួយត្រឹមត្រូវដែលត្រូវមានការដំឡើងតម្លៃថង់ប្លាស្ទិក បញ្ហាប្លាស្ទិកមួយនេះវាជាបញ្ហាមួយដែលប្រឈមធំណាស់បាទយើងចង់ឲ្យរួចផុត សោកនាដកម្មថ្ងៃក្រោយគឺតែធ្វើយ៉ាងណាត្រូវតែកាត់បន្ថយថង់ប្លាស្ទិកប្រសិនជាយើងនូវតែបន្តប្រើប្រាស់ថង់ស្ទិកដដែលទេវាធ្វើឲ្យមានការប៉ះពាល់ធំណាស់បាទរួមទាំងជីវជម្រុះក៏ដូចជាបំពុលបរិស្ថានផ្សេងៗបាទ ដោយសារតែមានការកើតឡើងនូវការកើនឡើងថង់ប្លាស្ទិកពីព្រោះវាកប់នូវដីរាប់សិបឆ្នាំវាក៏មិនរលាយដែរ ទំហំនៃការប៉ះពាល់វាធំអីចឹងដែលយើងឃើញថាការចាត់វិធានការណាមួយដើម្បីទប់ស្កាត់ជារឿងមួយល្អបាទ » ។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍសហប្រជាតិ យូអិនឌីភី(UNDP) បង្ហាញថាក្រៅពីតំបន់ទីប្រជុំ នៅតំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់ច្រើនយ៉ាងមកលើឧស្សាហកម្មទេសចរណ៍។ សំណល់ប្លាស្ទិចនេះមានបរិមាណស្នើរនឹង៨០% នៃកម្ទេចកម្ទីដែលគេរកឃើញនៅតាមឆ្នេររបស់ប្រទេសកម្ពុជាដែលធ្វើឲ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័យភាពឆ្នេរ៕