ក្រុមយុវជនរកឃើញថាការធ្វើអាជីវកម្មឈើនៅក្នុងសហគមន៏«ឈើទាលប្រើស» នៅតែបន្តកើតមានក្នុងទ្រង់ទ្រាយធំ ហើយក៏ជាសញ្ញាគំរាមដែរប្រភេទឈើប្រណិតដែលនៅសេសសល់ចុងក្រោយ អាចនឹងបាត់បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ក៏រកឃើញដែរថាកំពុងតែប្រើប្រាស់សារធាតុញៀន នៅក្នុងកំឡុងពេលកាប់បំផ្លាញព្រៃឈើនេះ។
កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជាបានដឹកនាំយុវជនប្រមាណជាជិត២០នាក់ ចុះល្បាតព្រៃនៅសហគមន៍ «ឈើទាលប្រើស» ដែលមានទីតាំងនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង។ប្រតិបត្តិការនេះ ក្រុមយុវជនរកឃើញថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតែមានភាពសកម្ម។ក្រៅពីនេះឧបករណ៍ដទៃទៀតដូចជា ដបទឹក និងបំពងទុយោជាដើម ដែលជាសម្ភារៈសម្រាប់សេពគ្រឿងញៀន ក៏រកឃើញដែរនៅទីតាំងបទល្មើសព្រៃឈើ នៅក្នុងសហគមន៍«ឈើទាលប្រើស »នេះ។
ស្ថិតនៅក្នុងវ័យ ៥០ឆ្នាំ លោក ខេង ខូ ដែលជាយុវជនសកម្មព្រៃឡង់បានរៀបរាប់អំពីស្ថានភាព នៃការកាប់ព្រៃឈើបច្ចុប្បន្នថាគឺហាក់បីដូចជាមិនមានការស្រាកស្រាន្តឡើយ ហើយឈើដែលកាប់នោះទៀតសោត គឺជាប្រភេទឈើប្រណិតថែមទៀតផង។
លោកលើកឡើងថា៖« ស្ថានភាពព្រៃឈើបច្ចុប្បន្នគឺមានការកាប់ដឹកជារៀងរាល់ថ្ងៃជារៀងរាល់ខែតាមភូមិនីមួយៗ ឥតស្រាកស្រាន្តទេ ប៉ុន្មានថ្ងៃមុនខ្ញុំបានពិនិត្យឃើញកន្លែងបទល្មើសអាឈើ ជ្រៀកឈើប្រភេទដើមឈើទាលប្រើស នៅក្នុងសហគមន៍ឈើទាលប្រើសច្រើនមែនទែន ហើយក្នុងនោះដែលខ្ញុំបានឃើញសម្បក អ្នកជក់ញៀន ជក់អីនៅក្នុងព្រៃ ចឹងបណ្តាញសហគមន៍ឈើទាលប្រើសគាត់មិនហ៊ានចុះល្បាតព្រៃយប់ទេ […] ហើយការកាប់រាតឈើអី ការកាប់ទន្ទ្រាញឈើក្នុងព្រៃសហគមន៍នោះច្រើនមែនទែនមិនថាព្រៃសហគមន៍ឈើទាលប្រើសមិនថាព្រៃឡង់ទេនៅតែកើតមានបទល្មើសកើតឡើងរហូតហើយ អត់មានថយចុះទេ »។
ក្រុមយុវជនដែលចុះល្បាត រកឃើញថាឈើដែលត្រូវបានឈ្មួញកាប់បំផ្លាញ មាន២៥ករណី ឈើទាំងនោះសុទ្ធសឹងជាប្រភេទឈើល្អៗ ហើយត្រូវបានកាប់ដោយក្រុមជនល្មើស និងដឹកចេញទៅធ្វើអាជីកម្ម។ប្រភពបន្តថាប្រភេទឈើទាំងនោះមានមុខកាត់ចន្លោះពី៥ ស.ម ដល់ ១ម៉ែត្រ មានដូចជាឈើកកោះ ដើមឈើទាល ដើមដួងចែមជាដើម។
សម្រាប់លោក ខេង ខូ ដែលជាអ្នកចូលរួមចុះល្បាតដែរ បានបង្ហាញការយល់ឃើញថា ប្រសិនសមត្ថកិច្ចជំនាញ នៅតែបន្តទុកឱ្យមានបទល្មើសនេះ កើតមានទៀត មិនយូរមិនឆាប់ទេ គម្របព្រៃឈើដែលមាននៅក្នុងបរិវេណតំបន់ព្រៃឡង់នេះនឹងបាត់បង់បន្ថែមទៀត មានវាសនាមិនខុសពីតំបន់ដទៃទៀតប៉ុន្មាននោះឡើយ។
លោកថ្លែងថា៖ « ប្រសិនបើគ្មានចំណាត់ការរឹងមាំ ម៉ឺងម៉ាត់ទេ ព្រៃឈើនឹងមានការបាត់បង់ទៅរហូត […] ប្រសិនបើគ្មានការទប់ស្កាត់ពីអាជ្ញាធរ ប្រជាពលរដ្ឋ ខ្ញុំគ្រាន់តែចូលរួមចំណែកមួយក្នុងការការពារធនធានធម្មជាតិដើម្បីឱ្យព្រៃឈើនៅបានគង់វង្សតែបានប៉ុណ្ណឹងឯង ប៉ុន្តែសម្រាប់អ្នកមន្តី្រអនុវត្តច្បាប់ គឺគាត់អនុវត្តច្បាប់ត្រឹមត្រូវតែប្រសិនបើគាត់មិនអនុវត្តច្បាប់ត្រឹមត្រូវទេព្រៃឈើនឹងមានការបាត់បង់លឿន » ។
ចំណែក ប្រធានសហគមន៍«ព្រៃឈើឈើទាលប្រើស » លោក ពេជ្រ សារឿន ឱ្យដឹងថា ក្នុងនាមជាអ្នកស្រលាញ់ព្រៃឈើ និងបរិស្ថាន រូបគេក៏ធ្លាប់រាយការណ៍អំពីបទល្មើសព្រៃឈើនេះ ឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានបានដឹងជាហូរហែមកហើយដែរ ប៉ុន្តែគេសង្កេតឃើញថាមកដល់ពេលនេះទៅហើយ នៅតែមិនទាន់មានដំណោះស្រាយ ឬមានការឆ្លើយតបជាវិជ្ជមានណាមួយ ពីស្ថាប័នរដ្ឋទាំងនោះទេ។
លោកបន្តថា៖ « រាយការណ៍ទៅគេអស់ តាមតេឡេក្រាម(Telegram) ផង អារាយការណ៍តាមមាត់ផង ចុះប្រជុំសាលាឃុំមួយលើកៗ ខ្ញុំរាយការណ៍ជូនគេអស់ រដ្ឋបាលព្រៃឈើប្រជុំមន្ទីរ មន្ទីរកសិកម្មខ្ញុំរាយការណ៍ឡើងអស់ទៀត ថាតាមតេឡេក្រាម (Telegram) តាមមាត់ខ្ញុំទៀតមិនដឹងចំណាត់ការយ៉ាងណា» ។
បន្ថែមពីលើនេះ យុវជន ឡាយ ផល្លី ដែលបានចូលរួមចុះល្បាតដែរ អះអាងថា ឈើដែលក្រុមឈ្នួញបានកាប់បំផ្លាញមុនពេលក្រុមលោកចុះល្បាត អនុផលព្រៃឈើទាំងនេះត្រូវបានឈ្មួញដឹកជញ្ជូនទៅគ្មានសេសសល់អ្វីឡើយ គិតមកដល់ពេលនេះ។ក្នុងនាមជាយុវជនដែលស្រលាញ់ព្រៃឈើ និងបរិស្ថាន ប្រភពដដែលបង្ហាញការសោកស្តាយ ដែលសម្បត្តិធម្មជាតិទាំងនេះ ត្រូវបានជនល្មើសធ្វើអាជីវកម្មដោយសប្បាយ ហើយមិនបានគិតគូរពីភាពវិនាសកម្មសម្បត្តិជាតិរបស់ខ្លួន ទៅថ្ងៃខាងមុខ។
លោកបន្តថា៖«ខ្ញុំបានឃើញមានបទល្មើសកាប់ឈើនៅព្រៃសហគមន៍ឈើទាលប្រើស ខ្ញុំមានអារម្មណ៍ថាសោកស្តាយជាខ្លាំង ព្រោះនៅក្នុងព្រៃសហគមន៍ឈើទាលប្រើសសម្បូរទៅដោយឈើ ឈើទាលប្រើស ដើមកកោះ និងផ្សេងៗទៀត […] ឈើដែលបទល្មើសកាប់ប្រហែលជាជាង១០ដើមដែរ ដោយសារតែខ្ញុំមិនសូវបានរាប់ច្បាស់ទេឈើនោះនៅសល់តែគល់ទេដោយសារតែគេជ្រៀករួចហើយគេដឹកទៅអស់ហើយ » ។
ឆ្លើយតបនឹងការរិះគន់នេះ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង អះអាងថាប្រសិនបើសហគមន៍ពិតជាទទួលបានដំណឹងស្តីពីបទល្មើសព្រៃឈើដូចនេះមែន ពួកគេគួរជូនដំណឹងជាបន្ទាន់ក្នុងរូបភាពណាមួយ ឱ្យសមត្ថកិច្ចជំនាញឱ្យបានទាន់ពេលវេលា ងាយនឹងក្រុមការងារចុះអន្តរាគមន៍។ក៏ប៉ុន្តែប្រភពដដេល បានបដិសេធថា ចំពោះករណីនេះលោកមិនទាន់ទទួលបានព័ត៌មានណាមួយ ជុំវិញបទល្មើស ដូចការរកឃើញរបស់សហគមន៍នេះនៅឡើយទេ។
លោកបន្តថា៖«បើទោះបែបណា ក្រុមយុវជនដែលស្រលាញ់បរិស្ថាន បានប្រាប់ គេហទំព័រ Newsroom Cambodia ថា កន្លងទៅរាល់ពេលចុះល្បាត ពួកគេតែងជូនដំណឹង និងស្នើសុំកិច្ចសហប្រតិបត្តិជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរជានិច្ច ប៉ុន្តែជាលទ្ធផលមិនដែលប្រទះឃើញមានសកម្មភាពបទល្មើសព្រៃឈើ និងរឹតតែមិនដែលបង្រ្កាប់បានបទល្មើសថែមទៀតផង។
សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមន៍បណ្តាញយុវជនកម្ពុជា លោក អូត ឡាទីន បញ្ជាក់ថាបទល្មើសព្រៃឈើនៅតែបន្តកើតមានឥតស្រាកស្រាន្តសូម្បីនៅក្នុងរដូវវស្សាក៏ដោយ។
ប្រភពបន្តថាសកម្មភាពនៃការកាប់ឈើក្នុងសម័យថ្មីនេះ គឺគេអនុវត្តក្រោមរូបភាពជួលប្រជាពលរដ្ឋដែលមានជីវភាពក្រោមមធ្យមនៅក្នុងសហគមន៍ ឱ្យចូលទៅកាប់ឈើដោយផ្ទាល់ រួចហើយអនុផលព្រៃឈើដែលកាប់បាននោះ លក់បន្តទៅឱ្យឈ្មួញក្នុងតម្លៃសមរម្យដែលភាគីអ្នកកាប់ផ្ទាល់ អាចទទួលយកបាន។
លោកបន្តថា៖ « កន្លងទៅសហគមន៍បានធ្លាប់ធ្វើការរាយការណ៍ទៅអាជ្ញាធរដែរ អំពីស្ថានភាពបទល្មើសព្រៃឈើដែរ ប៉ុន្តែអ្វីដែលសោកស្តាយនោះ គឺរដ្ឋបាលព្រៃឈើហាក់បីដូចផ្តេកផ្តួលទៅលើសហគមន៍ខ្លាំងជាងការបំពេញកាតព្វកិច្ចរបស់គាត់ ដូច្នេះបានក្រុមជនល្មើសទាំងអស់ហ្នឹងគឺងាយស្រួលនៅក្នុងការប្រព្រឹត្តបទល្មើស»។
បើតាមលោក អូត ឡាទីន លោកស្នើឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែលពាក់ព័ន្ធមានមន្ទីរបរិស្ថានជាដើម កុំផ្តេកផ្តួលទៅលើសហគមន៍ច្រើនជាងការបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រោះសហគមន៍មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការបង្រ្កាបបទល្មើសព្រៃឈើនោះទេ។លើសពីនេះទៅទៀត ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព និងតឹងរ៉ឹងគឺជាយន្តការណ៍ដល់ល្អ និងគួរធ្វើទើបអាចធានាបានថា បទល្មើសព្រៃឈើត្រូវកាត់បន្ថយបាន។
ដោយឡែក ទិន្នន័យដែលចេញផ្សាយ កាលពីឆ្នាំ២០២២ ដោយអង្គការ Global Forest Watch រកឃើញថាដែនជម្រកការពារព្រៃឡង់ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជាជាង ៤៣០ ០០០ហិកតា បានបាត់បង់ដីព្រៃប្រហែល ៨ ៣០០ហិកតាក្នុងឆ្នាំ២០២២។ប៉ុន្តែបើធៀបក្នុងរយៈពេលដូចគ្នា ការបាត់បង់នេះ មានទំហំតិចជាងឆ្នាំ២០២១៕