អ្នកសិក្សាផ្នែកព័ត៌មានមិនបន្តអាជីពជាអ្នកសរសេរព័ត៌មាន ព្រោះមានបញ្ហាប្រឈមជាច្រើន ដោយសារមិនសូវមានឱកាស និងសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។ ការងារក្នុងវិស័យសារព័ត៌មាននេះនៅតែមានគ្រោះថ្នាក់ និងងាយរងគ្រោះតាមរយៈបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ ការរំលោភបំពាន និងការគំរាមកំហែង ជាពិសេសស្ត្រីត្រូវរងការរើសអើង និងមិនផ្ដល់តម្លៃពីសង្គម។
សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាត្រូវរងការយាយី និងគំរាមកំហែង។ចាប់ពីឆ្នាំ២០១៧ ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ សេរីភាពសារព័ត៌មានមួយនេះ គេសង្កេតឃើញថាត្រូវរង់ការរឹតត្បិត។ស្ថាប័នព័ត៌មានមួយចំនួន បានបង្ខំចិត្តបិទទ្វារ ក្នុងពេលពួកគេបានបំពេញ និងដើរតួនាទីក្នុងនាមជាស្ថាប័នព័តមានដែលមានវិជ្ជាជីវៈ។
វិទ្យុអាស៊ីសេរី ដែលមានការិយាល័យផ្សាយសំឡេងជាខេមរភាសា នៅទីក្រុងភ្នំពេញ បានដកការិយាល័យរបស់ខ្លួនចេញពីកម្ពុជា ដោយសារបញ្ហាស្មុគស្មាញផ្នែកផ្លូវច្បាប់។ក្នុងពេលជាមួយគ្នា កាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី(The Cambodia Dail) ក៏បង្ខំបិទអាជ្ញាប័ណ្ណរបស់ខ្លួន ក្រោមហេតុផលមិនបានបង់ពន្ធជូនរដ្ឋដែរ។ក្រៅពីនេះ វិទ្យុផ្សាយសំឡេងក្នុងស្រុកមួយចំនួនទៀត ដែលផ្តាយបន្តពីវិទ្យុអាស៊ីសេរី វិទ្យុ វីអូអេ សំឡេងសហរដ្ឋអាមេរិក និងវិទ្យុ វីអូឌី ជាដើមក៏ត្រូវរដ្ឋាភិបាលបញ្ជាឱ្យបញ្ចប់ការផ្សាយដូចគ្នា ក្នុងពេលប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានក្លាយជាគោលដៅនៃការរឹតត្បិតសេរីភាព នៃការផ្សាយ បន្ទាប់ពីបក្សប្រឆាំងដែលធំជាងគេ ត្រូវដកសិទ្ធិចេញពីសង្វៀននយោបាយ ក្រោយឆ្នាំ២០១៧។
អតីតសិក្ខាកាមដែលទើបបញ្ចប់វគ្គសិក្សាផ្នែកសរសេរព័ត៌មាននៅ Newsroom Cambodia កញ្ញា អុល ស្រីធាន លើកឡើងថាបច្ចុប្បន្នរូបគេមិនបានបន្តជាអ្នកសារព័ត៌មានទេ ព្រោះមានបញ្ហាប្រឈមមួយចំនួនដូចជា កត្តាខ្លួនឯង កត្តាសង្គម និងកត្តាគ្រួសារ។ស្ថិតក្នុងវ័យ ២៣ឆ្នាំ ប្រភពបន្តថា ក្រៅពីការប្រឈមទាំងផ្នែកសេរីភាព សង្គម និងគ្រួសារហើយនោះ បញ្ហាហិរញ្ញវត្ថុក៏ជារឿងដែលចាំបាច់ ដែលនាំឱ្យគេត្រូវបោះបង់អាជីព ក្នុងនាមជាអ្នកនិពន្ធនេះចោលដែរ។
កញ្ញាបន្តថា៖«បញ្ហាប្រឈមទីមួយគឺខ្លួនឯងផ្ទាល់មិនមានការតាំងចិត្តពិតប្រាកដដើម្បីក្លាយជាអ្នកសារព័ត៌មាន ទី២គឺកត្តាសង្គមដោយមើលឃើញថាសង្គមបច្ចុប្បន្នមានការរឹតត្បិតខ្លាំងទៅលើសារព័ត៌មាន ទី៣គឺកត្តាគ្រួសារដែលមិនបានគាំទ្រការធ្វើជាអ្នកសារព័ត៌មាន ទី៤គឺកត្តាថវិការផងដែរដើម្បីចង់មានលំនឹងផ្នែកហិរញ្ញវត្ថុមិនអាចទៅធ្វើអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ[សារព័ត៌មាន »។
កញ្ញាស្នើរឱ្យរដ្ឋាភិបាលបើកឱកាស ដល់អ្នកសារព៌ត៌មានអាចបំពេញការងារឱ្យអស់ពីសម្ថភាព។
ស្រដៀងគ្នានេះដែរ កញ្ញា អេង ស្រីពៅ អាយុ ២៥ឆ្នាំ ជាអតីតសិស្សសិក្សាវគ្គសារព័ត៌មានរយៈពេល ៤ឆ្នាំហើយ បច្ចុប្បន្នកញ្ញាមិនបានបន្តជាអ្នកសារព័ត៌មានទៀតនោះទេដោយកញ្ញាថាមានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យសិស្សបានបញ្ចប់ផ្នែកសារព័ត៌មានហើយមិនបានទៅធ្វើជាអ្នកសារព័ត៌មាននោះដោយសារកត្តា ការគំរាមកំហែង និងការមិនឱ្យតម្លៃលើអ្នកសារព័ត៌មាន។
កញ្ញាបន្តថា៖ « បញ្ហាប្រឈមមកពីកត្តាមនុស្ស គឺការទំនាក់ទំនងរកប្រភពដែលមានងារជាមន្រ្តីមកពីក្រសួងគឺពិបាកទំនាក់ទំនង ដែលធ្វើឱ្យមានការរំខានចិត្ត មួយទៀតការមិនឱ្យតម្លៃលើអ្នកសារព័ត៌មានឯករាជ្យ ការគំរាមកំហែង រងការមាក់ងាយពាក្យសម្ដីមិនល្អពីសំណាក់អាជ្ញាធរពេលចុះយកព័ត៌មាន រើសអើងលើអ្នកសារព័ត៌មានជាស្រ្តី និងមិនឱ្យតម្លៃ »។
មិនខុសគ្នាទេ អតីតសិក្ខាកាមផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងធ្លាប់ជាអតីតបុគ្គលិកផ្នែកសរសេរព័ត៌មានពេញម៉ោង ឱ្យស្ថាប័ន សំឡេងប្រជាធិបតេយ្យ វីអូឌី ជិត២ឆ្នាំដែរ លោក សំ សុពេជ្រ ឱ្យដឹងថាដោយសារបច្ចុប្បន្ននេះ ស្ថាប័នព័ត៌មាន ដែលឈរលើគោលការណ៍វិជ្ជាជីវៈ និងឯករាជ្យកាន់តែរួមតូចទៅៗ រូបគេក៏ត្រូវបង្ខំចិត្តបោះបង់អាជីពមួយនេះ ទៅប្រកបរបរជាអ្នករកស៊ីវិញ។
មានវ័យ ២៩ឆ្នាំ ប្រភពដដែលបន្តថា រូបគេពិតជាពេញចិត្តនឹងវិស័យមួយនេះ ប៉ុន្តែដោយសារកត្តាសង្គម និងបរិបទនយោបាយ មិនអំណោយផល ហេតុនេះត្រូវបង្ខំចិត្តដើរចេញ ទាំងមិនអស់អាល័យ។ម្យ៉ាងវិញទៀត ទីផ្សារផ្នែកផលិតព័ត៌មានដែលឯករាជ្យ នៅកម្ពុជាកាន់តែខ្សត់ខ្សោយ បន្ទាប់កម្មវិធីព័ត៌មាន វីអូឌី ដែលជាកម្មវិធីព័ត៌មានមួយដែលសំខាន់នៅក្នុងស្ថាប័ន CCIM ត្រូវបានបិទទ្វារ។
លោកបន្តថា៖ «យើងខ្វះស្ថាប័នមែនទែន បច្ចុប្បន្ននេះមិនសូវមានស្ថាប័នច្រើនក្នុងការទំលាក់ឱ្យ freelancer(អ្នកសារព័ត៌មានសេរី) ហ្នឹង គាត់សរសេរទេ […] កាលពីមុនខ្ញុំក៏ធ្លាប់សរសេរឱ្យ VOD ដែរខាង CCIM ដែរប៉ុន្តែដោយសារគាត់បិទទៅធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនពិបាកនៅក្នុងការរកស្ថាប័នសរសេរ […] ដំបូងក៏ខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានដូចគេដែរប៉ុន្តែដោយសារតែស្ថានភាពវាផ្លាស់ប្តូរបានជាវាមកអញ្ចឹង»។
ទាក់ទិនបញ្ហាលំហសេរីភាពសារព័ត៌មាននេះ របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ នៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) ដែលចេញកាលពីថ្ងៃទី ២៤ មេសា ឱ្យដឹងថា ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អង្គភាពនេះរកឃើញ មានការបៀតបៀនលើអ្នកសារព័ត៌មាន ចំនួន៣៥ករណី។ មទ្រង់នៃការបៀតបៀននេះ CamboJa សង្កេតឃើញថាតាមរយៈរូបភាព វាយប្រហារលើរាងកាយ ការគំរាមកំហែងប្រព្រឹត្តអំពើហិង្សា ការរើសអើង ការចាប់ខ្លួន ចាប់ដាក់ពន្ធនាគារ និងសកម្មភាពផ្លូវច្បាប់ជាដើម។
ប្រភពដដែលបន្តថា បើទោះជាការបៀតបៀនប្រឆាំងអ្នកសារព័ត៌មានបានថយចុះ ២៨% បើប្រៀបធៀបនឹងករណីដែលបានកើតឡើងក្នុងឆ្នាំ២០២១ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅតែចាត់ទុកថា ការបិទប្រព័ន្ធផ្សព្វផ្សាយ នៃសំឡេងប្រជាធិបតេយ្យ វីអូឌី កាលពីដើមឆ្នាំ២០២៣ បង្ហាញឱ្យឃើញពីការធ្លាក់ចុះ និងសញ្ញានៃការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។
ស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត បិទខ្ទប់ការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងគេហទំព័ររបស់ស្ថាប័នវិទ្យុអាស៊ីសេរី កាសែត ឌឹ ខេមបូឌា ដេលី និងគេហទំព័រទិន្នន័យ «កំណត់ត្រា» ដែលទើបបើកដំណើរការ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្រោមហេតុផលនីតិវិធីច្បាប់។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធក្នុងការឆ្លើយតប ដោយសំអាងហេតុថាជាប់រវល់ប្រជុំ។ បើទោះជាបែបណា មន្រ្តីនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៊ុណ្ណា ធ្លាប់ប្រាប់អ្នកកាសែតក្នុងស្រុកថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលបើកផ្លូវឱ្យប្រើសិទ្ធិរបស់ខ្លួន ដោយមិនភ្ជាប់នឹងការទទួលខុសត្រូវឡើយ។
លោកបន្តថា៖«ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់នឹងការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកយានយន្តដែលគ្មានហ្វាំងនៅលើដងផ្លូវសាធារណៈនោះឡើយ »។
យ៉ាងនេះក្តី សម្រាប់នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ប្រាប់ Newsroom Cambodia ថាវាជាចំណុចមួយដែលជាបញ្ហាប្រឈម និងជារឿងព្រួយបារម្ភដោយសារអ្នកដែលបានបញ្ជប់ការសិក្សាផ្នែកសារព័ត៌មានភាគច្រើនគាត់ត្រូវការស្ថាប័នមួយដែលមានវិជ្ជាជីវៈខ្ពស់ដើម្បីឱ្យគាត់អាចបំពេញការងារបាន ក៏ប៉ុន្តែនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់គឺនៅមានកំរិតនៅឡើយ។
លោកបន្តថា៖«អញ្ចឹងវាប៉ះពាល់ទៅដល់អាជីពជាអ្នកសារព័ត៌មាន ឬក៏ការអនុវត្តអាជីពសារព័ត៌មាននៅក្នុងប្រទេសយើងដែរដោយសារតែយើងមិនមានស្ថាប័នសារព័ត៌មានដែលអនុវត្តកំរិតវិជ្ជាជីវៈខ្ពស់ »។
លោកបន្ថែមថា៖«អញ្ជឹងហើយបានយើងឃើញថា អ្នកសារព័ត៌មានដែលគាត់បានរៀនហើយមិនសូវចាប់អារម្មណ៍ក្នុងវិស័យនោះទេ ដោយសារតែរឿងទាក់ទងនឹងទីផ្សារដែលពួកគាត់អាចធ្វើការងារបានគឺនៅមានចំនួនតិចតួច ទី២នៅក្នុងការបំរើកាងារនៅក្នុងវិជ្ជាជីវៈ ប្រសិនបើយើងធ្វើកិច្ចការងារដោយឈរផ្អែកលើកំរិតវិជ្ជាជីវៈអាជីព ដើម្បីផ្សព្វផ្សាយផ្តល់នៅព័ត៌មានពិតទៅសាធារណជនគឺយើងឃើញហើយមានហានិភ័យច្រើនដែលពួកគាត់ពេលខ្លះមានការស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្តចូលរួម »។
រដ្ឋធម្មនុញ្ញកម្ពុជា បញ្ញត្តិមាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។មិនខុសគ្នាទេ ចំណែកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សវិញ ចែងថា «មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ »។ សិទ្ធិនេះ រាប់បញ្ចូលទាំង សេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែករកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ៕