អ្នកសិក្សាផ្នែកព័ត៌មានមិនបន្តអាជីពជាអ្នកសរសេរព័ត៌មាន ព្រោះមានបញ្ហាប្រឈមជាច្រើន ដោយសារមិនសូវមានឱកាស និងសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។ ការងារ​ក្នុង​វិស័យ​សារព័​​ត៌​មាននេះ​នៅ​តែ​មាន​គ្រោះថ្នាក់ និងងាយរងគ្រោះតាមរយៈបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ ការ​រំលោភ​បំពាន និង​ការ​គំរាម​កំហែង ជាពិសេសស្ត្រីត្រូវរងការរើសអើង និង​មិន​ផ្ដល់​តម្លៃ​ពី​សង្គម។

សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ​ទោះបីជាយ៉ាងនេះក្ដី សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញ​​ថាត្រូវ​​រង​​កា​​​​រយាយី និងគំរាមកំហែង​។​ចាប់​​​ពី​​ឆ្នាំ​២០១៧​ ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ ​សេ​រីភាពសារព័ត៌មានមួយនេះ គេសង្កេតឃើញថាត្រូវរង់ការរឹតត្បិត។ស្ថាប័នព័ត៌មានមួយចំនួន បានបង្ខំចិ​ត្ត​​បិ​​ទ​​​​ទ្វារ ក្នុង​​ពេ​​​​លពួកគេបាន​​បំ​​ពេ​ញ និងដើរតួនាទីក្នុងនាមជាស្ថាប័នព័តមានដែលមានវិជ្ជាជីវៈ។

​​វិទ្យុ​អា​​ស៊ីសេរី ដែលមាន​​ការិយា​​ល័​យ​​​​ផ្សា​​យ​​សំ​​ឡេងជាខេមរភាសា នៅទីក្រុងភ្នំពេញ បានដកការិយាល័​​យ​​រប​​ស់​​​ខ្លួ​ន​ចេញពីកម្ពុជា ដោយសារបញ្ហាស្មុគស្មាញផ្នែកផ្លូវច្បាប់។ក្នុងពេលជាមួយគ្នា កាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី(The Cambodia Dail) ក៏បង្ខំបិទអាជ្ញាប័ណ្ណរបស់ខ្លួន ក្រោមហេតុផល​​មិនបាន​​បង់​ពន្ធ​​ជូ​នរដ្ឋដែរ។ក្រៅពីនេះ វិទ្យុផ្សាយសំឡេងក្នុងស្រុកមួយចំនួនទៀត ដែលផ្តាយបន្តពីវិទ្យុអាស៊ីសេរី វិទ្យុ វីអូអេ សំ​​ឡេ​​ងសហរដ្ឋអាមេរិក និងវិទ្យុ វីអូឌី ជាដើមក៏ត្រូវរដ្ឋាភិបាលបញ្ជាឱ្យបញ្ចប់ការផ្សាយដូចគ្នា ក្នុងពេលប្រព័ន្ធ​​ផ្ស​​ព្វ​​​​ផ្សាយនៅកម្ពុជា បានក្លាយជាគោលដៅនៃការរឹតត្បិតសេរីភាព នៃការផ្សាយ បន្ទាប់ពីបក្សប្រឆាំងដែ​​ល​​ធំ​​ជា​​ង​​គេ ត្រូវដក​​សិទ្ធិ​ចេញ​​​ពីសង្វៀន​​នយោ​​​បា​​យ ក្រោយ​​ឆ្នាំ២​​០​​១៧។

អតីតសិក្ខាកាមដែលទើបបញ្ចប់វគ្គសិក្សាផ្នែកសរសេរព័ត៌មាននៅ Newsroom Cambodia កញ្ញា អុល ស្រីធា​​ន ​លើក​​ឡើ​​​ង​ថាបច្ចុ​​ប្បន្ន​​រូបគេមិនបានបន្តជាអ្នកសារព័ត៌មានទេ ព្រោះមានបញ្ហាប្រឈមមួយចំនួនដូចជា ក​​ត្តាខ្លួនឯង កត្តាសង្គម និងកត្តាគ្រួសារ។ស្ថិតក្នុងវ័យ ២៣ឆ្នាំ ប្រភពបន្តថា ក្រៅពីការ​​ប្រឈម​​ទាំង​​​ផ្នែក​សេ​​រីភា​ព​ សង្គម និងគ្រួសារហើយនោះ បញ្ហាហិរញ្ញវត្ថុក៏ជារឿងដែលចាំបាច់ ដែលនាំឱ្យគេត្រូវបោះបង់អាជីព ក្នុង​​នា​​ម​​ជាអ្នកនិពន្ធនេះចោលដែរ។

កញ្ញាបន្តថា៖«បញ្ហាប្រឈមទីមួយគឺខ្លួនឯងផ្ទាល់មិនមានការតាំងចិត្តពិតប្រាកដដើម្បីក្លាយជាអ្នកសារព័ត៌​​មា​​ន ទី២គឺកត្តាសង្គមដោយមើលឃើញថាសង្គមបច្ចុប្បន្នមានការរឹតត្បិតខ្លាំងទៅលើសារព័ត៌មាន ទី៣គឺកត្តាគ្រួ​​សារដែលមិនបានគាំទ្រការធ្វើជាអ្នកសារព័ត៌មាន ទី៤គឺកត្តាថវិការផងដែរដើម្បីចង់មានលំនឹងផ្នែកហិរញ្ញវត្ថុមិនអាចទៅធ្វើអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ[សារព័ត៌មាន »។

កញ្ញាស្នើរឱ្យរដ្ឋាភិបាលបើកឱកាស ដល់អ្នកសារព៌ត៌មានអាចបំពេញការងារឱ្យអស់ពីសម្ថភាព។

ស្រដៀងគ្នានេះ​ដែរ កញ្ញា​ អេង​ ស្រីពៅ​ អាយុ​ ២៥​ឆ្នាំ ​ជាអតីតសិស្សសិក្សាវគ្គសារព័ត៌មាន​រយៈពេល​ ៤ឆ្នាំហើ​យ​​ បច្ចុប្បន្ន​កញ្ញា​មិន​បាន​បន្ត​ជាអ្នក​​សារព័ត៌មាន​​ទៀតនោះទេដោយ​កញ្ញាថា​មាន​បញ្ហាប្រ​ឈម​ជាច្រើន​ដែលធ្វើឱ្យ​​សិស្ស​បានបញ្ចប់ផ្នែកសារព័ត៌មានហើយមិនបានទៅធ្វើជាអ្នកសារព័ត៌មាននោះ​ដោយសារ​កត្តា ​ ការគំ​​រា​​ម​​កំហែង​ និងការមិន​ឱ្យតម្លៃ​លើអ្នក​សារ​ព័ត៌មាន​។​

​កញ្ញា​​បន្ត​​ថា៖​ « បញ្ហា​​ប្រឈម​មក​ពីកត្តា​មនុស្ស​ គឺការ​ទំនាក់​ទំនង​រក​ប្រភព​ដែលមាន​ងារជា​មន្រ្តីមក​ពីក្រសួង​គឺ​ពិបាក​ទំនាក់​ទំនង​ ដែលធ្វើឱ្យ​មាន​ការ​រំខាន​ចិត្ត ​មួយទៀ​ត​ការ​មិន​ឱ្យតម្លៃ​លើអ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ការ​គំរាម​កំហែង​ រងការ​មាក់​ងាយ​ពាក្យ​សម្ដី​មិន​ល្អពី​សំណាក់​អាជ្ញាធរ​ពេល​ចុះយក​ព័ត៌មាន​ រើស​អើង​លើអ្នក​សារ​ព័ត៌មាន​ជាស្រ្តី​ និង​មិន​ឱ្យតម្លៃ​ »។​

មិនខុសគ្នាទេ អតីតសិក្ខាកាមផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងធ្លាប់ជាអតីតបុគ្គលិកផ្នែកសរសេរព័ត៌មានពេញម៉ោង ឱ្យស្ថាប័ន សំឡេងប្រជាធិបតេយ្យ វីអូឌី ជិត២ឆ្នាំដែរ លោក សំ សុពេជ្រ ឱ្យដឹងថាដោយសារបច្ចុប្បន្ននេះ ស្ថា​​ប័​នព័ត៌មាន ដែលឈរលើគោលការណ៍វិជ្ជាជីវៈ និងឯករាជ្យកាន់តែរួមតូចទៅៗ រូបគេក៏ត្រូវបង្ខំចិត្ត​​បោះ​​បង់​​អា​​ជី​ពមួយនេះ ទៅប្រកបរបរជាអ្នករកស៊ីវិញ។

មានវ័យ ២៩ឆ្នាំ ប្រភពដដែលបន្តថា រូបគេពិតជាពេញចិត្តនឹងវិស័យមួយនេះ ប៉ុន្តែដោយសារកត្តាសង្គម និង​​ប​​​​រិបទនយោបាយ មិនអំណោយផល ហេតុនេះត្រូវបង្ខំចិត្តដើរចេញ ទាំងមិនអស់អាល័យ។ម្យ៉ាងវិញទៀត ទី​​ផ្សា​រផ្នែកផលិតព័ត៌មានដែលឯករាជ្យ នៅកម្ពុជាកាន់តែខ្សត់ខ្សោយ បន្ទាប់កម្មវិធីព័ត៌មាន វីអូឌី ដែលជាកម្មវិធី​​ព័ត៌​​មានមួយដែលសំខាន់នៅក្នុងស្ថាប័ន CCIM ត្រូវ​​បាន​​បិទ​​ទ្វា​រ​​​។

លោក​បន្តថា៖ «យើង​ខ្វះ​ស្ថាប័ន​មែន​ទែន ​បច្ចុប្បន្ននេះ​មិន​សូវ​មាន​ស្ថាប័ន​ច្រើន​ក្នុង​ការទំ​លាក់​ឱ្យ freelancer​(អ្នកសារព័ត៌មានសេរី) ហ្នឹង​ គាត់សរសេរទេ […]​ កាល​ពីមុនខ្ញុំក៏ធ្លាប់សរសេរឱ្យ VOD ដែរខាង CCIM ដែរប៉ុន្តែដោយសារគាត់បិទទៅធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនពិបាកនៅក្នុងការរកស្ថាប័នសរសេរ […] ដំបូងក៏ខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានដូចគេដែរ​ប៉ុន្តែដោយសារតែស្ថានភាពវាផ្លាស់ប្តូរបានជាវាមកអញ្ចឹង»។

ទាក់ទិនបញ្ហាលំហសេរីភាពសារព័ត៌មាននេះ របាយការណ៍​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​ នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ក​​ម្ពុ​​​ជា ហៅ​កាត់​ថា ខេមបូចា(CamboJa) ដែលចេញកាល​ពី​ថ្ងៃ​ទី ២៤ មេសា​ ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១ មករា​ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ​២០២២ អង្គភាពនេះរកឃើញ មានការបៀតបៀនលើអ្នកសារព័ត៌មាន ចំនួន៣​​៥​​ក​រ​​ណី​។ មទ្រង់នៃការបៀតបៀននេះ CamboJa សង្កេតឃើញថាតាមរយៈរូបភាព ​វាយប្រហារ​លើ​រាងកាយ ការ​គំរាមកំហែង​ប្រព្រឹត្ត​អំពើ​ហិង្សា ការ​រើសអើង ការ​ចាប់​ខ្លួន ចាប់​ដាក់​ពន្ធនាគារ និង​សកម្មភាព​ផ្លូវ​ច្បាប់ជាដើម។

ប្រភពដដែលបន្តថា បើទោះជា​ការបៀតបៀនប្រឆាំងអ្នក​សារព័ត៌មានបាន​ថយ​ចុះ ២៨​% បើ​ប្រៀបធៀប​នឹ​​ង​​​ករណី​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២១ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ក​​ម្ពុ​​​ជា នៅតែចាត់ទុកថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃសំឡេងប្រជាធិបតេយ្យ វីអូឌី កាលពីដើមឆ្នាំ២០២៣ បង្ហាញឱ្យឃើញពីការធ្លាក់ចុះ និង​​ស​​ញ្ញា​​​នៃការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។

ស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជា បាន​បញ្ជា​​ឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត បិទខ្ទប់ការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងគេហ​​​ទំព័ររ​បស់​​ស្ថា​​ប័នវិទ្យុអាស៊ីសេរី កាសែត ឌឹ ខេមបូឌា ដេលី និងគេហទំព័រទិន្នន័យ «កំណត់ត្រា» ដែលទើបបើ​​កដំណើ​​រ​​កា​រ ដោយមជ្ឈមណ្ឌលកម្ពុជា​​ដើម្បីប្រ​​ព័ន្ធ​​ផ្ស​​ព្វផ្សាយឯករាជ្យ (CCIM) ក្រោមហេតុផលនីតិវិធីច្បាប់។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធក្នុងការឆ្លើយតប ដោយសំអាងហេតុថាជា​ប់រវល់​​ប្រ​ជុំ​។ បើទោះជាបែបណា មន្រ្តីនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៊ុណ្ណា ធ្លាប់ប្រាប់អ្នកកាសែតក្នុងស្រុកថា នៅលើ​​​ពិ​ភ​​ព​​លោកនេះ គ្មានប្រទេសណាមួយដែលបើកផ្លូវឱ្យប្រើសិទ្ធិរបស់ខ្លួន ដោយមិនភ្ជាប់នឹងការទ​​ទួលខុ​​សត្រូ​​វឡើ​យ។

លោកបន្តថា៖«ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់នឹងការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកយានយន្តដែលគ្មានហ្វាំងនៅលើដងផ្លូវសាធារណៈនោះឡើយ »។

យ៉ាងនេះក្តី សម្រាប់នាយកប្រតិបត្តិ​​សម្ព័ន្ធ​​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa)​ លោក ណុប វី​ ប្រាប់ Ne​​​w​​s​​r​​o​​om Cambodia ថា​វាជាចំណុចមួយដែលជាបញ្ហាប្រឈម និងជារឿងព្រួយបារម្ភដោយសារអ្នកដែលបានបញ្ជប់ការសិក្សាផ្នែកសា​​រព័ត៌មានភាគច្រើនគាត់ត្រូវការស្ថាប័នមួយដែលមានវិជ្ជាជីវៈខ្ពស់ដើម្បីឱ្យគាត់អាចបំ​​ពេ​​ញ​ការងារបាន ក៏ប៉ុន្តែនៅ​ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់គឺនៅមានកំរិតនៅឡើយ។

លោកបន្តថា៖«អញ្ចឹងវាប៉ះពាល់ទៅដល់អាជីពជាអ្នកសារព័ត៌មាន ឬក៏ការអនុវត្តអាជីពសារព័ត៌មាននៅក្នុងប្រទេសយើងដែរដោយសារតែយើងមិនមានស្ថាប័នសារព័ត៌មានដែលអនុវត្តកំរិតវិជ្ជាជីវៈខ្ពស់ »។

លោកបន្ថែមថា៖«អញ្ជឹងហើយបានយើងឃើញថា អ្នកសារព័ត៌មានដែលគាត់បានរៀនហើយមិនសូវចាប់អា​​រម្ម​ណ៍ក្នុងវិស័យនោះទេ ដោយសារតែរឿងទាក់ទងនឹងទីផ្សារដែលពួកគាត់អាចធ្វើការងារបានគឺនៅមានចំនួនតិចតួច ទី២នៅក្នុងការបំរើកាងារនៅក្នុងវិជ្ជាជីវៈ ប្រសិនបើ​យើងធ្វើកិច្ចការងារដោយឈរផ្អែកលើកំរិតវិជ្ជាជីវៈអាជីព ដើម្បីផ្សព្វផ្សាយផ្តល់នៅព័ត៌មានពិតទៅសាធារណជនគឺយើងឃើញហើយមានហានិភ័យច្រើនដែលពួកគាត់ពេលខ្លះមានការស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្តចូលរួម »។

រដ្ឋធម្មនុញ្ញកម្ពុជា បញ្ញត្តិមាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាព​ខាង​ការ​បញ្ចេញមតិរបស់ខ្លួន សេរីភាពខា​​ង​សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។មិនខុសគ្នាទេ ចំណែកសេច​ក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុ​​ស្សវិញ ចែងថា «មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ »។ សិទ្ធិនេះ រាប់បញ្ចូលទាំង សេរីភាពក្នុងការប្រកាន់មតិដោយ​គ្មានកា​រជ្រៀតជ្រែក និង​សេរីភាពក្នុ​ងការស្វែករក​ការទទួល​​ និង​ការផ្សព្វ​ផ្សា​យ​​ព័ត៌មាន ​និងគំនិត​នានា​ ដោយ​គ្មាន​ព្រំដែន​ ទោះ​តាមរ​យៈ​មធ្យោ​​បា​​យ​​សម្តែងមតិណាមួយ​ក៏ដោយ​៕