ពលរដ្ឋចំនួន២ស្រុកនៅខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រ របស់សមាជិកព្រឹទ្ធសភាកូតាមកពីគណបក្សប្រជាជនកម្ពុជា បានបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀត បន្ទាប់ពីជាប់គាំងដោះមិនចេញ និងបន្តអូសបន្លាយប្រមាណ១៣ឆ្នាំកន្លងទៅនេះ។
កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពលរដ្ឋជាង១ពាន់គ្រួសារដែលកំពុងមានវិវាទដីធ្លីចំនួន៣ រួមមាន សហគមន៍អមលាំង សហគមន៍រស្មីសាមគ្គី និងសហគមន៍ត្រពាំងជោរ បានប្រមូលផ្តុំគ្នាដាក់ញត្តិជាថ្មីទៀត ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ រួមទាំងរដ្ឋបាលខេត្តនេះផង ជំរុញឱ្យមានដំណោះស្រាយ។
ការទាមទារជាថ្មីទៀតនេះ ពលរដ្ឋចោទប្រកាន់ថា ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រ របស់លោកឧកញ៉ា លី យ៉ុងផាត់ បានចូលឈូសឆាយដីអាស្រ័យផល និងដីចម្ការដោយបំពាន និងគ្មានដោះស្រាយតាមគោលការណ៍ ជូនពលរដ្ឋនោះទេ។
ស្ថិតក្នុងវ័យ ៤៥ ឆ្នាំ និងជាស្ត្រីតំណាងសហគមន៍រស្មីសាមគ្គី អ្នកស្រី មុំ សុភី ដែលចូលរួមដាក់ញត្តិបានប្រាប់ Newsroom Cambodia ថាមូលហេតុដែលអ្នកស្រីចូលរួមដាក់ញត្តិនេះដោយសារអ្នកស្រីបាត់បង់ដីធ្លី ដោយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ មកឈូសឆាយហើយគ្មានដំណោះស្រាយជូនខ្លួនទេ មកដល់ពេលនេះ។
អ្នកស្រីបន្តថា៖ «មូលហេតុមកពីការបាត់បង់ដីធ្លី មានក្រុមហ៊ុនលី យ៉ុងផាត់មកឈូសឆាយដីប្រជាពលរដ្ឋ ដីធ្លីពួកខ្ញុំបាត់បង់តាំងពីឆ្នាំ ២០១០ ២០១១ មកម៉្លេះ យូរហើយ គ្មានការដោះស្រាយដីធ្លីពួកខ្ញុំសោះ គឺដាក់ទៅស្ថាប័នណាក៏បាត់ ស្ថាប័នណាក៏បាត់ គ្មានដែលឃើញដំណោះស្រាយដល់ប្រជាពលរដ្ឋសោះ » ។
ពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រមាន ៣ឃុំ និង ២ស្រុក គឺឃុំអមលាំង ស្រុកថ្ពង ឃុំត្រពាំងជោរ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សរុបមាន ១១៩៦ គ្រួសារ។ ដីដែលកំពុងមានទំនាស់ទាំង៣សហគមន៍សរុបជាង ៤០០០ ហិចតាហើយបញ្ហានេះបានកើតឡើងតាំងពីឆ្នាំ២០១០មក។
ដោយឡែកនៅឆ្នាំ២០២១ ពលរដ្ឋដែលមានទំនាស់ដីធ្លីទាំង៣សហគមន៍នេះ បានដាក់ញត្តិជាថ្មីទៀតដែរ ដើម្បីស្នើសុំគោលការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែនៅខែមិថុនា ឆ្នាំ២០២៣ ក្រសួងដែនដីបានផ្ទេរកិច្ចការងារនេះ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺជាអ្នកដោះស្រាយវិញ។
ក្រោយពីបាត់បង់ដីធ្លីកាលពីឆ្នាំ២០១០ ពលរដ្ឋដែលរងគ្រោះបានជួបប្រទះបញ្ហាប្រឈមជាច្រើនដោយពួកគេបានផ្លាស់ប្តូរមុខរបរពីធ្លាប់ធ្វើស្រែចំការ ធ្វើជាកម្មករសំណង់វិញ។ចំណែកក្មេងៗត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកប្រាក់ ឯអ្នកខ្លះទៀតត្រូវសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសជិតខាង ឬមកកាន់ទីក្រុង។
អ្នកស្រី មុំ សុភី ដែលអះអាងថាក៏ជាអ្នករងគ្រោះដោយវិវាទដីធ្លី ជាមួយក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រនេះដែរ បានរៀបរាប់អំពីបញ្ហាប្រឈមរបស់សហគមន៍ ដោយលើកឡើងថាសព្វថ្ងៃអ្នកភូមិជំពាក់ធនាគារ ព្រោះតែដីធ្លីធ្វើកសិកម្មកាន់តែរួចតូច និងគ្មានមុខរបរណាដែលអាចជួយដោះស្រាយបន្ទុកចំណាយប្រចាំថ្ងៃបាន ដោយសារតែចំណូលដែលរកបាន ពួកគេត្រូវទូទាត់ថ្លៃទិញអង្ករប្រចាំខែ ដែលខុសពីមុន អ្នកភូមិមានដីធ្វើស្រែមានអង្ករស្រាប់សម្រាប់ហូបចុក។
បើតាមអ្នកស្រី សុភី អ្វីដែលធ្វើឱ្យពួកគេត្រូវជួបបញ្ហាជាងនេះគឺកន្លងមកអ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរគំរាមកំហែងដោយបញ្ឈប់មិនឱ្យមានសកម្មភាពតស៊ូមតិអំពីវិវាទដីធ្លីនេះតទៅទៀត។
អ្នកស្រីបន្តថា៖ «បញ្ហាប្រឈមដែលខ្លាំងជាងគេរាល់ថ្ងៃហ្នឹង ពួកគាត់រងនូវការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុឯកជនដូចជា អេស៊ីលីដា ប្រាសាក់ អេអឹមខេ គាត់ជំពាក់បំណុលធនាគារ គាត់គ្មានលុយបង់ដល់ថ្នាក់ខ្លះហ្នឹងដាក់ដីលក់ឡៃឡុង ហើយវាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាកសិករដែលមានដីតិចតូច» ។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ត្រពាំងជោរ លោក ស៊ឹង សុខុម លើកឡើងថាការបាត់បង់ដីធ្លីនេះបានជះឥទ្ធិពលអវិជ្ជមានជាច្រើនទាំងសហគមន៍ដែលរងគ្រោះដីធ្លី និងសហគមន៍ដែលមិនរងគ្រោះ។
លោកបន្តថា៖ «កសិកររស់ដោយមានដីអាស្រ័យផល អញ្ចឹងកាលណាគាត់បាត់បង់ដីហើយ ប៉ះពាល់ធំណា ស់ហួសអំពីនិយាយបានទៅទៀត មានគ្រួសារខ្លះចំណាកស្រុកទាំងគ្រួសារ គ្រួសារខ្លះចំណាកស្រុកបែកប្តីបែ កប្រពន្ធបែកកូន ហើយកូនៗត្រូវបង្ខំចិត្តឈប់បន្តការសិក្សាដោយចេញទៅរកប្រាក់កម្រៃចិញ្ចឹមជីវិត និងជួយគ្រួសារ មិនត្រឹមប៉ុណ្ណោះទេធ្វើឱ្យពួកគាត់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុទៀត […] បច្ចុប្បន្នប៉ះពាល់ដល់សុខភាពផងដែរ ព្រោះតែស្ទឹង អូ ប្រឡាយដែលធ្លាប់តែប្រើប្រាស់បានពីមុន ឥឡូវប្រើប្រាស់មិនបានព្រោះថ្នាំគីមី […] គឺថ្នាំដែលគេបាញ់អំពៅ អញ្ចឹងនៅពេលមានភ្លៀងមកហូរចូលតាមប្រឡាយ តាមអូរ អញ្ចឹងប៉ះពាល់មិនត្រឹមតែប្រជាពលរដ្ឋដែលប៉ះពាល់ដីធ្លីទេ សូម្បីតែពលរដ្ឋមិនរងគ្រោះក៏ទទួលរងនូវឥទ្ធិពលថ្នាំពុលហ្នឹងដែរ»។
ស្ថិតនៅក្នុងវ័យ ៥៤ឆ្នាំ លោក ស៊ូ សំអឿន តំណាងសហគមន៍អមលាំងឯណេះវិញ បានប្រាប់អំពីគោលបំណងដែលពលរដ្ឋទៅដាក់ញត្តិនេះថាអ្នកភូមិចង់បានដីមកវិញ និងប្រាក់មួយចំនួន ហើយប្រសិនបើបញ្ហានេះគ្មានដំណោះស្រាយទេ វាគឺជាការគំរាមកំហែងធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅក្នុងសហគមន៍។
លោកបន្តថា៖ «ខ្ញុំថានៅថ្ងៃអនាគត ប្រសិនបើគ្មានដំណោះស្រាយទេ ប្រជាពលរដ្ឋយើងទាំងអស់ហ្នឹង គាត់នៅតែមានជីវភាពខ្វះខាតកាន់តែដុនដាបជាងមុនហើយការជំពាក់ធនាគារកាន់តែច្រើនទៅៗហើយ […] ពួកយើងចង់បានដីមកបង្កបង្កើនផលវិញ ហើយជំហរដែលយើងទាមទារហ្នឹងគឺយើងទាមទារដីបីហិចតាក្នុងមួយគ្រួសារ ក្នុងនោះចំពោះដីដែលកន្លងមកតាំងពីឆ្នាំ២០១០ រហូតដល់ឥឡូវហ្នឹង យើងមិនបានអាស្រ័យផលលើដីនោះផង ចឹងយើងយកប្រាក់មួយចំនួន» ។
គេហទំព័រ Newsroom Cambodia បានព្យាយាមសុំការបំភ្លឺពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាមដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ មកដល់ពេលនេះ។
យ៉ាងនេះក្តី ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក លី យ៉ុងផាត់ បានប្រាប់គេហទំព័រ Newsroom Cambodia តាមសារឡេអិចត្រូនិចថា ក្រុមហ៊ុនរបស់លោកមិនបានអនុវត្តដោយបំពានដូចអ្វីដែលពលរដ្ឋលើកឡើងដូច្នេះឡើយ។ផ្ទុយទៅវិញ បញ្ហានេះក្នុងនាមជាភាគីក្នុងវិវាទដីធ្លីនេះដែរ លោកអះអាងថាក្រុមហ៊ុនរបស់លោកតែងព្យាយាមស្វែងរកដំណោះស្រាយជានិច្ច ហើយក្រុមហ៊ុនរបស់ខ្លួនក៏ស្របច្បាប់ថែមទៅទៀត។
លោកបន្តថា៖ «សម្រាប់ក្រុមហ៊ុនមិនបានធ្វើខុស ទី១ ខ្ញុំមានដីទិញដីប្រជាជន និងប្លង់កាន់កាប់តាមច្បាប់ ទី២ ខ្ញុំសម្បទានដីរដ្ឋ […] កន្លងមកក្រុមហ៊ុនបានខិតខំជួយដោះស្រាយជាមួយប្រជាពលរដ្ឋអស់ជាច្រើនមកហើយតែនៅតែមានរឿងមិនចេះចប់» ។ លោកបន្ថែមថា «ប្រសិនបើក្រុមហ៊ុនធ្វើខុស នោះក្រុមហ៊ុនទទួលខុសត្រូវ ១០០%»។
បើទោះជាបែបណា របាយការណ៍របស់សមាគមជំនួយមនុស្សធម៌ និងការអភិវឌ្ឍរបស់សហភាពអឺរ៉ុប ដែលចេញកាលពីខែកញ្ញា ឆ្នាំ២០១៣ លើកឡើងថា សហភាពអឺរ៉ុប បានសម្រេចដកផលិតផលស្ករសរបស់ប្រទេសកម្ពុជាចេញពីតារាងអនុគ្រោះពន្ធគយ ក្រោយពីរកឃើញថាផលិតផលនេះ មានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស និងអនុវត្តជាប្រព័ន្ធ។
របាយការណ៍ដែលដាក់ចំណងជើងថា«ការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្សស្តីពីគោលនយោបាយអនុគ្រោះពន្ធគយរបស់សហភាពអឺរ៉ុប លើប្រទេសកម្ពុជា» បង្ហាញទៀតថា ឧស្សាហកម្មស្ករសនេះ ត្រូវគេរកឃើញថាបានរួមចំណែករំលោភសិទ្ធិមនុស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការទន្រ្ទាន់ដីធ្លី ក្នុងទ្រង់ទ្រាយធំរបស់ប្រទេសកម្ពុជា។
នៅអំឡុងឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ដាំស្កអំពៅប្រមាណជាង ៦ម៉ឺន ៥ពាន់ហិកតារ ឱ្យទៅក្រុមហ៊ុនចំនួន៧ ក្រោមរូបភាពអភិវឌ្ឍន៍ ស្ថិតនៅក្នុងខេត្តកោះកុង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។ក្នុងចំណោមដីដែលទទួលសិទ្ធិវិនិយោគ ក្រោមគោលការណ៍ដីសម្បទានទាំងនោះ គេសង្កេតឃើញ ក្រុមហ៊ុនភាគច្រើនគឺជារបស់លោកឧកញ៉ា លី យ៉ុងផាត់។
ដោយឡែក លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) យល់ឃើញថាបញ្ហានេះគួរតែមានដំណោះស្រាយបញ្ចប់ ដើម្បីឱ្យជីវភាពពលរដ្ឋនៅទីនោះល្អប្រសើរព្រោះបញ្ហានេះបានអូសបន្លាយយូរឆ្នាំមកហើយ ។
លោកបន្តថា៖ «បញ្ហានេះគួរតែដោះស្រាយបញ្ចប់តាមរយៈការកាត់ដីឆ្វៀលជូនដល់ប្រជាពលរដ្ឋដើម្បីបញ្ចប់ ពីព្រោះថាដីក្រុមហ៊ុនទទួលបានធំណាស់ អញ្ចឹងបើសិនបើកាត់ដោះស្រាយជូនប្រជាពលរដ្ឋនៅនឹងកន្លែងមួយហិចតាកន្លះឬក៏ពីរហិចតាមួយគ្រួសារដើម្បីបញ្ចប់នៅជម្លោះវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់បងប្អូនប្រជាពលរដ្ឋនេះ គួរតែត្រូវបញ្ចប់ដើម្បីបិទបញ្ចប់នៅបញ្ហាដីធ្លីដែលត្រូវបានអូសបន្លាយជាច្រើនឆ្នាំ ហើយធ្វើម៉េចឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះមានភាពល្អប្រសើរ » ។
វិលមករកអ្នកស្រី មុំ សុភី វិញអ្នកស្រីចង់ឱ្យរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីពន្លឿនការដោះស្រាយ ដើម្បីស្តារជីវភាពរបស់ពួកគាត់បានប្រសើរឡើងវិញ និងជួយសម្រួលបន្ទុកសម្រាប់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់។
អ្នកស្រីបន្តថា៖ « ខ្ញុំសំណូមពរឱ្យនាយករដ្ឋមន្ត្រីថ្មី ជួយពន្លឿនការដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃនៅក្នុងខេត្តកំពង់ស្ពឺហ្នឹង ដើម្បីស្តារជីវភាពប្រជាពលរដ្ឋដែលក្រីក្រលំបាកដោយសារបាត់បង់ដីធ្លីហ្នឹងកុំឱ្យលំបាកខ្លាំងជាងហ្នឹងទៀត ព្រោះអីពួកគាត់រាល់ថ្ងៃហ្នឹងលំបាកខ្លាំងហើយ ឥលូវវាលំបាកមែនទែនរកតែអង្ករច្រកឆ្នាំងសឹងតែមិនបានផង រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក លំបាកមែនទែន » ៕