សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ឌីជីថល(Di​​​gi​​t​al Rights)​ តាមរយៈការតាមដានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជុំវិញសេរីភាពបញ្ចេញមតិរប​ស់ពួកគេ​នៅលើប្រព័ន្ធអ៊ីនធឺណិត។ 

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេមបូចា បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា«ផលប៉ះពា ល់នៃការរឹតត្បិតសិទ្ធិឌីជីថល​​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាពបញ្ចេញមតិ​នៅតាមប្រព័ន្ធអ៊ីនធឺណិត »។តាមរយៈរបាយការណ៍របស់ខ្លួន ស្ថាប័នព័ត៌មាននេះអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត បានឃ្លាំមើលដោយសកម្មភាពទៅលើអ្នកសារព័ត៌មាន និងពលរដ្ឋក្នុងការបញ្ចេ​​ញ​​មតិលើប្រព័ន្ធអ៊ីនធឺណិត។

ជាអ្នកសារព័ត៌មានសេរីមួយរូប កញ្ញា ហ៊ន ថូវ៉ាន យល់ស្របតាមរបាយការណ៍ ខេមបូចា ដោយលើកឡើងថា រដ្ឋាភិបាលតាមឃ្លាំមើលសកម្មភាពរបស់អ្នកសារព័ត៌មានដែលអាជ្ញាធរយល់ថា សកម្មភាពរបស់អ្នកសា​​រព័ត៌មានអាចប៉ះពាល់ដល់អំណាចរដ្ឋ។

កញ្ញាបន្តទៀតថា​​ នៅពេលរាយការណ៍ពីភាពចន្លោះប្រហោងរបស់មន្រ្តីរដ្ឋាភិបាល រូបគេប្រើប្រាស់មធ្យោ​​បា​យ​ជជែកដោយផ្ទាល់ជាមួយក្រុមការងារដើម្បីគេចផុតពីការឃ្លាំមើលតាមបណ្ដាញអ៊ីនធឺណិតនេះ។

កញ្ញាបន្តថា៖​«យើងអត់ទុកចិត្តទេដោយសារយើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគឺគ្រប់គ្រងដោយក្រ​​សួ​ង​ប្រៃសណីយ៍ដែលជាក្រសួងគ្រប់គ្រងដោយរដ្ឋាភិបាល។ ចឹងចង់ឬមិនចង់យើងតែងមានការព្រួយបារម្ភថា តើយើងនិយាយលើប្រព័ន្ធអស់ហ្នឹង វាមានសុវត្ថិភាពដែរទេ ហើយវាធានាឱ្យការធ្វើការរបស់យើងវាគ្មានកា​រគំរាមកំហែង ឬការតាមដានឬការចាប់យកសារសំឡេង»។

អ្នកសារព័ត៌មានសេរីមួយរូបផ្សេងទៀតគឺ លោក សុខ ចន្ត្រាវុធ​ ជឿថា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមួយចំនួនមានទំនាក់ទំនងដោយជិតដិតជាមួយមន្រ្តីរដ្ឋាភិបាល។បន្ថែមពីលើនេះ លោកសង្កេតឃើញថា កា​លពីពេលកន្លងទៅមានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកការពារបរិស្ថានមួយចំនួនបានជាប់ពន្ធនា​​គា​រ ពាក់ព័ន្ធនឹងការរិះគន់ និងការលើកឡើងពីចំណុចអវិជ្ជមានរបស់មន្រ្តីរដ្ឋាភិបាលតាមប​​ណ្ដា​​ញសង្គមនេះ។

​របាយការណ៍ ខេមបូចា(CamboJa) បង្ហាញថា ការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នឹងជះ​ផ​​ល​​អវិជ្ជមានចំ​​ពោះការទទួលបានព័ត៌មានពិតប្រាកដ ដែលជារឿងសំខាន់ក្នុងការបង្ហាញទៅកាន់អ្នកធ្វើគោ​​លនយោបាយដើម្បីសម្រេចចិត្ត។ការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវ បានសួរទៅកាន់អ្នកសារព័ត៌មានចំ​​នួ​​ន៦៥នាក់ ក្នុងចំណោម២០០នាក់ ឬស្មើនឹង ៣២,៥% ដែលក្រុមការងារបានផ្ញើសំណួរទៅកាន់ពួកគេ ។

លើសពីនេះទៀត ការស្រាវជ្រាវនេះរកឃើញថា ៤៥,៦% បានយល់ស្របថា រដ្ឋាភិបាល​តាមដាន​ សេរីភាពបញ្ចេញមតិ។ក្រៅពីនេះ ៤៧,៤% នៃអ្នកសារព័ត៌មានជឿថា រដ្ឋាភិបាល​បាន​ប្រើប្រាស់ច្បាប់​ក្នុងការរឹត​​ត្បិ​​ត​​​កា​រ​ងា​​ររបស់ពួកគេនៅលើអនឡាញ។

របាយការណ៍ដដែលបន្តទៀតថា២៦,៣% បានលើកឡើង​ថា ពួកគេ​គ្មានសុវត្ថិភាពក្នុងការប្រើប្រាស់​អ៊ីនធឺណិត​ ហើយ ១៩,៣% អះអាងថា ពួកគេគ្មាន​សុវត្ថិភាពទាល់តែសោះ នៅពេលធ្វើការងាររសើប​។

ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ការតាមដានឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតមិនមែនជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ​។លោក អះអាងថា ប្រជាពលរដ្ឋជាអ្នកទាមទារឱ្យរដ្ឋាភិបាលមានច្បាប់ និងចាត់វិធានការលើឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត​។

លោកបន្តថា៖ «រាជរដ្ឋាភិបាលគ្មានពេលតាមដានប្រជាពលរដ្ឋណា ឬអ្នកសារព័ត៌មានណានិយាយអ្វីទេ។ [​…] អ្នកលេងបណ្តាញសង្គមម្នាក់ៗត្រូវទទួលខុសត្រូវខ្លួនឯង បើនិយាយអ្វី ឬសរសេរអ្វីប៉ះពាល់អ្នកដទៃ ឬ​បំពានច្បាប់និងក្រមសីលធម៌ អ្នកទទួលការខូចខាតមានសិទ្ធិទាមទារយុត្តិធម៌តាមរយៈចំណាត់ការផ្លូវច្បាប់»

ចំណែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បាន​ចេញផ្សាយ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន គិតចា​​ប់​​ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថាសេរីភាព​សារព័ត៌មាន ​និង​សេរីភាព​នៃការ​បញ្ចេ​​​ញ​ម​តិ​​នៅកម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ។

របាយការណ៍ដដែលនេះ បញ្ជាក់ទៀតថា តាមរយៈក្រសួងសាមីដែលជាសេនាធិការរបស់រដ្ឋាភិបាល បាន​​បិ​ទ​​​អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយជា​បន្ត​បន្ទាប់​ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) គេហទំព័រមាន​​វិ​ទ្យុ​អា​​ស៊ីសេរី កាសែត ឌឺ ខេមបូឌា ដេលី(The Cambodia Daily) និងមូលដ្ឋានទិន្ន​ន័យកំណ​​ត់ត្រា​(​​Ka​​m​​n​​otra)ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។

បើតាម CCHR មាន​អ្នកកាសែត១៦នាក់ និងអ្នកការពារ​សិទ្ធិ​មនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បា​​​ប់ចាប់ពីខែកញ្ញា ឆ្នាំ​២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ជាមួយគ្នានេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយការណ៍របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៥ ដែលដាក់ចំណង​​ជើង​​ថា «ដំណើរឃ្លាតចេញពីអ៊ីនធឺណេត? ការគំរាមកំហែងចំពោះសេរីភាព​​លើប្រព័ន្ធអ៊ីនធឺណេត ដែលទើ​បរ​​ក​​ឃើញថ្មីនៅកម្ពុជា » បង្ហាញថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិ​ត​​​​នៅក្រោមការគំរាមកំហែង។ប៉ុន្មានឆ្នាំកន្លងទៅនេះ គេហទំព័រមួយចំនួន ត្រូវបិទខ្ទប ចំណែកសកម្មជនវិ​ញ​​​​​ត្រូវរងការរំខានដោយសារសកម្មភាពផ្សព្វផ្សាយព័ត៌មានតាមគេហទំព័ររបស់ពួកគេ។ចំណែក អ្នកប្រើប្រា​​​ស់​​ប្រព័ន្ធអ៊ីនធឺណេតវិញ ត្រូវរងការប្តឹងដោយសារការបញ្ចេញទស្សនៈ តាមអ៊ីនធឺណេត។

លីកាដូ បញ្ជាក់ទៀតថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ថ្មី កំពុងស្នើឡើងដើម្បីគ្រប់គ្រងមិនត្រឹមតែលើអត្ថន័យខ្លឹមសារ ដែលពលរដ្ឋកម្ពុជាបានបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ គឺថែមទាំងពង្រឹងការគ្រប់គ្រងទាំងស្រុង លើទម្រង់ស្ថាបត្យកម្មស្នូល នៃប្រព័ន្ធអ៊ីនធឺណេត។

យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោ​​ក ណុប វី ថ្លែងថា សមាគមរបស់លោកនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថា ទាំងពលរដ្ឋ និ​​ងអ្នកសារព័ត៌មានមានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគ្មានការបារម្ភពីការតាមដានសផ្សេង​​ៗ​។

លោកបញ្ជាក់ថា៖ «ចំណុចនេះដែរយើង គប្បីដាក់ចេញនូវសកម្មភាពជាក់លាក់ ក៏ដូចជាធ្វើការសហប្រ តិបត្តិការគ្នាច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានអារម្មថាមានសុវត្ថិភាព អ្នកសារព័ត៌មានមានអារម្មថាមានសុត្ថិភាពមិនស្ថិតនៅក្រោមការតាមដានផ្សេងៗនៅក្នុងការដែលពួកគាត់ប្រើប្រាស់អ៊ីនធឺណិតហ្នឹង»