ក្រសួងសុខាភិបាល បានជម្រាបសាធារណជនឱ្យបានជ្រាបថា មានអ្នកជម្ងឺផ្ដាសាយបក្សី១ករណីទៀត កើតលើកុមារីអាយុ៤ឆ្នាំម្នាក់នៅខេត្តកំពត ដែលមានវិជ្ជមានវីរុសផ្ដាសាយបក្សី (H5N1) នេះបើតាមការបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកុមារីអាយុ៤ឆ្នាំម្នាក់បានឆ្លងជម្ងឺផ្ដាសាយបក្សីប្រភេទH5N1 នៅ ភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពតដែលមានផ្ទះក្បែរស្ត្រីអាយុ២១ឆ្នាំដែលមានករណីឆ្លងជម្ងឺផ្ដាសាយបក្សី H5N1។
តាមសេចក្ដីប្រកាសដដែលបានបន្ថែមថា «តាមក្រុមឆ្លើយតបន្ទាន់ចម្រុះថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៃក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធថា កុមារីនេះនាងបានកាន់មាន់ងាប់និងចាប់ផ្ដើមឈឺនៅថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានរោគសញ្ញាផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ពិបាកដកដង្ហើម ក្អក និងចេញកន្ទួលក្រហម ហើយកុមារីនេះកំពុងទទួលការព្យាបាលពីដោយឱសថតាម៊ីហ្លូ(Tamiflu)»។
ក្រសួងសុខាភិបាលបានបន្តទៀតថា នេះជាករណីវិជ្ជមានវីរុសផ្ដាសាយបក្សី H5N1 ហើយក្មេងស្រីនេះត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកំពតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងទទួលការព្យាបាលនិងថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
តាមសេចក្ដីប្រកាសដដែលបានបន្ថែមទៀតថា «ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប៉ូលីស និងដៃគូរខាងលើ បន្តអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជម្ងឺផ្ដាសាយបក្សីប្រភេទទាំងពីរដែលបានកើតឡើង និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពឆ្លង ទាំងសត្វ ទាំងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីកាត់បន្ថយការឆ្លងទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ ជិតស្និត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើ»។
ក្រសួងសុខាភិបាលបានបន្ថែមថា ជម្ងឺផ្ដាសាយបក្សី H5N1 ជាជម្ងឺមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ហើយជួនកាលវាឆ្លងពីបក្សីទៅមនុស្សតាមរយៈការប៉ះពាល់ជិតស្និតជាមួយបក្សីឈឺឬងាប់។ជម្ងឺផ្ដាសាយបក្សីលើមនុស្សជាជម្ងឺធ្ងន់ធ្ងរ ត្រូវព្យាបាលនៅបម្ទីរពេទ្យទាន់ពេលវេលា ទោះបីវាមិនឆ្លងពីមនុស្សទៅមនុស្ស តែវាអាចបម្លែងខ្លួនដូចនិងជម្ងឺផ្ដាសាយ តាមរដូវកាលផងដែរ។
តាមសេចក្ដីប្រកាសខាងលើបានបន្តថា «ក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់ពលរដ្ឋទាំងអស់សុំយកចិត្តទុកដាក់ប្រុងប្រយ័ត្នល់ជម្ងឺផ្ដាសាយបក្សី ព្រោះជម្ងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ ហើយសូមជម្រាបថា បើសិនមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយមាន់ ទាឈឺឬងាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនថ្ងៃមានរោគសញ្ញា សូមមេត្តាកុំទៅជួបជុំកន្លែងឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលនៅតាមមូលដ្ឋានដែលនៅជិតបំផុត»។
ក្រសួងសុខាភិបាលបានបន្ថែមថា វិធានការអប់រំរបស់រាជរដ្ឋាភិបាល រួមមាន លាងដៃឱ្យបានញឹកញ៉ាប់ជាមួយនិងសាប៊ូ និងទឹកមុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារឱ្យឆ្ងាយនិងដាក់បក្សីឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគបក្សីឈឺឬងាប់៕