ក្រសួង​សុខា​ភិបាល បាន​ជម្រាប​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ មាន​អ្នក​​ជម្ងឺ​ផ្ដាសាយ​បក្សី​១​ករណី​ទៀត​ ​​កើត​លើ​កុមារី​​អាយុ​៤ឆ្នាំម្នាក់នៅ​ខេត្ត​កំ​ពត​​​ ដែល​មាន​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ (H5N1) នេះបើ​តាម​ការ​បញ្ជាក់​ពី​វិទ្យា​ស្ថានសុខភាព​សាធារណៈ​និង​វិទ្យា​ស្ថាន​​ប៉ាស្ទ័រ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាលបាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃទី​២៤ ខែ​វិច្ឆិ​កា ​ឆ្នាំ​២០២៣ មាន​កុមារីអាយុ​៤ឆ្នាំ​ម្នាក់បាន​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​H5N1 ​​​នៅ​ ភូមិ​ត្រ​ពាំង​ឬស្សី​ ឃុំ​ដំណាក់​សុក្រំ ស្រុក​ដង​ទង់ ខេត្ត​កំពត​​ដែល​មាន​ផ្ទះ​ក្បែរស្ត្រី​អាយុ​២១​ឆ្នាំដែល​មាន​ករណី​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី ​​H5N1។

តាម​សេចក្ដី​ប្រកាសដដែល​បាន​បន្ថែមថា​ «តាម​ក្រុម​ឆ្លើយ​តប​ន្ទាន់​ចម្រុះ​ថ្នាក់​ជាតិ​និងថ្នាក់​ក្រោម​ជាតិនៃ​ក្រ​សួង​សុខាភិ​បាល​​ និង​អាជ្ញាធរ​ពាក់​ព័ន្ធថា​ កុមារី​នេះ​នាង​បាន​កាន់​មាន់​ងាប់​និង​ចាប់​ផ្ដើម​ឈឺ​នៅ​ថ្ងៃ​ទី​២៣ខែ វិច្ឆិកា ឆ្នាំ២០២៣ ​​​​​ដោយ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ ​ដូចជា​គ្រុន​ក្ដៅ ពិបាក​ដក​ដង្ហើម​ ក្អក​ និង​ចេញ​កន្ទួល​ក្រហម ហើយ​​កុមារី​នេះ​កំពុង​ទទួល​ការ​ព្យាបាល​ពី​ដោយ​ឱសថ​តា​ម៊ី​​ហ្លូ(Tamiflu)»។

ក្រសួង​សុខាភិបាល​បាន​បន្ត​ទៀតថា​ នេះ​ជា​ករណី​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ H5N1 ហើយ​ក្មេ​ងស្រី​នេះ​​ត្រូវ​បាន​បញ្ជូន​មកព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពត​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​ បច្ចុប្បន្ន​កំពុង​ទទួល​ការ​ព្យាបាល​និង​ថែ​ទាំយ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ។

តាម​សេច​ក្ដី​ប្រកាស​ដដែល​បាន​បន្ថែម​ទៀតថា​ «ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខា​ភិបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​​និង​កំពុង​សហការ​ជាមួយក្រសួង​ក​សិកម្ម រុ​​ក្ខា​ប្រមាញ់​និង​នេសាទ​ និង​ក្រសួង​បរិស្ថាន​ អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់​ ប៉ូលីស និង​ដៃ​គូរ​​ខាងលើ​ បន្ត​អង្កេត​ស្រាវ​ជ្រាវ​យ៉ាង​សកម្មលើ​ការ​កើត​ឡើង​នូវ​ជម្ងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ទាំង​ពីរ​ដែល​បាន​កើត​ឡើង​ និង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​តាម​វិធី​សាស្ត្រ​ និង​ពិធី​សារ​បច្ចេក​ទេស​បន្ត​ការ​ស្វែង​រក​ប្រភព​ឆ្លង​ ទាំង​សត្វ​ ទាំង​មនុស្ស និង​បន្ត​ស្វែង​រក​ករណី​សង្ស័យ​និង​អ្នក​ប៉ះ​ពាល់​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លងទៅអ្នក​ដទៃ​ទៀតក្នុង​សហគមន៍ ព្រម​ទាំង​ចែក​ជូន​ឱសថ​តាម៊ីហ្លូ(Tamiflu)  ដល់​អ្នក​ប៉ះ​ពាល់  ជិត​ស្និត​ និង​ធ្វើ​យុទ្ធ​នាការ​អប់រំ​សុខភាព​ប្រជាពល​រដ្ឋនៅ​ក្នុ​ងភូមិ​កើត​ហេតុ​ខាង​លើ​​»។

ក្រ​សួង​សុខា​ភិ​បាល​បាន​បន្ថែម​ថា​ ជម្ងឺ​ផ្ដាសាយ​បក្សី​ H5N1 ​ជា​ជម្ងឺមួយ​ដែល​ជាធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ​ ទៅ​បក្សី​ផ្សេង​ទៀត​ ហើយ​ជួន​កាល​វាឆ្លង​ពី​បក្សី​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះ​ពាល់​ជិត​ស្និត​ជា​មួយ​បក្សី​ឈឺ​ឬ​ងាប់​។​ជម្ងឺផ្ដាសាយ​បក្សី​លើ​មនុស្ស​ជាជម្ងឺ​ធ្ងន់​ធ្ងរ ត្រូវ​ព្យាបាល​នៅ​បម្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​ ទោះ​បីវា​មិន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស តែ​វា​អាច​បម្លែង​ខ្លួន​ដូច​និង​ជម្ងឺ​ផ្ដាសាយ​ តាម​រដូវ​កាល​ផង​ដែរ។

តាមសេចក្ដី​ប្រកាស​ខាង​លើ​​​បានបន្ត​ថា​ «ក្រសួងសុខា​ភិបាល​ ​សូម​ក្រើន​រំលឹកជាថ្មី​ម្ដងទៀត​ដល់ពលរដ្ឋទាំង​អស់​សុំ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្នល់​ជម្ងឺ​ផ្ដាសាយ​បក្សី​ ព្រោះ​ជម្ងឺនេះ​នៅ​តែ​បន្ត​គំ​រាម​កំ​ហែង​ដល់​សុខភាព​ពលរដ្ឋ​ ហើយ​សូម​ជម្រាប​ថា​ បើសិន​មាន​អាការៈ​ក្ដៅខ្លួន ក្អក​ ហៀរសំបោរ ឬពិបាក​ដក​ដង្ហើម​ និង​មានប្រវត្តិ​ប៉ះ​ពាល់​ជាមួយមាន់ ទា​ឈឺ​ឬងាប់​ក្នុង​អំឡុង​ពេល​ ១៤​ថ្ងៃ​ មុន​ថ្ងៃ​មានរោគ​សញ្ញា​ សូម​មេត្តា​កុំ​ទៅ​ជួប​ជុំ​កន្លែងឬទី​ប្រជុំ​ជន​​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​និង​ពិនិត្យ​ព្យាបាល​នៅតាម​មូល​ដ្ឋាន​ដែល​នៅ​ជិត​បំផុត»។

ក្រសួង​សុខា​ភិបាល​បានបន្ថែម​ថា ​វិធាន​ការ​អប់រំ​របស់​រាជ​រដ្ឋា​ភិបាល ​ រួម​មាន​ លាង​ដៃ​ឱ្យបាន​ញឹក​ញ៉ាប់​​ជាមួយ​និង​សាប៊ូ និង​ទឹក​មុន​ពេល​បរិភោគ​អា​ហារ​ និង​បន្ទាប់ពី​ប៉ះ​ពាល់​ជា​មួយ​បក្សី ​ដាក់​កុមារ​ឱ្យ​ឆ្ងាយ​និង​ដាក់​បក្សី​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ​ កុំ​បរិភោគ​បក្សី​ឈឺ​ឬ​ងាប់៕​