ក្រសួង​សុខា​ភិបាល​​បានប្រកាសកាលពីពេល​​ថ្មីៗ​នេះថា ​មន្រ្តី​ជំនាញ​នាយក​ដ្ឋាន​ឱសថ​បាន​រក​ឃើញ​ឱសថ​ ​ក្លែង​ក្លាយចំនួន៦​មុខ​ ដែលកំ​ពុង​ចរា​ចរ​នៅ​លើ​ទី​ផ្សារ​អន​ឡាញ​( Online) ​ស្ថិត​​​នៅ​ក្នុងកំពង់ចាម។​

តាម​សេចក្ដី​ជូន​ព័ត៌​មាន​ខាង​លើ​បានឱ្យ​ដឹងថា​ នៅ​ថ្ងៃ​ទី​២៩ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣​ មន្ត្រី​ជំ​នាញ​នាយក​ដ្ឋាន​ឱ​សថ ចំណី​អាហារ​ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខា​ភិបាល​ សហការពី​មន្ត្រីនានានៃរដ្ឋបាល​ខេត្ត​កំពង់​ចាម​ ដោយ​បាន​ការ​សម្រប​សម្រួល​ពី​តំ​ណាង​អយ្យ​ការ​អម​សាលា​ដំ​បូងខេត្ត​កំពង់​ចាម ​បាន​ចុះ​បង្រ្កាប​ទី​តាំង​លក់​​ឱសថ​​តាម​អន​ឡាញ នៅ​ភូមិ​ផ្អាវ​ ឃុំផ្អាវ​​ ស្រុក​បាធាយ​ ខេត្ត​កំ​ពង់​ចាម​។

បច្ចុ​ប្បន្ន​អជ្ញាធរបាន​បញ្ចូន​ជន​សង្ស័យ ដែល​វេ​ច​ខ្ច​ប់​ និង​លក់ឱ​សថ​ក្លែង​ក្លាយ​ ទៅ​សា​លា​ដំបូង​ខេត្ត​កំពង់​ចាម​ ដើ​ម្បី​បន្ត​នី​តិ​វិ​ធី​ច្បាប់​។

ក្រសួង​សុ​ខាភិបាល​បាន​បន្ថែម​ថា​៖ «​នៅ​ទី​តាំង​ខាង​លើ​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​មាន​ឧប​ករណ៍​​សម្រាប់​ការ​វេច​ខ្ច​ប់​ និង​ឱសថ​ក្លែង​ក្លាយ​ចំ​នួន ​៦​មុខ​មាន​សារធាតុ​សកម្ម​មិន​ត្រឹម​ត្រូវ​តាម​ឱសថ​ដើម​ឡើយ​ មាន​ដូចជា​​ ១.​ ​​NUTRIENT CALCIUM Tablet ២.  NUTRIENT CALIUM Capsule ៣. NUTRIENT ANTACID Tablets ៤. SYMPTOMS ៥. CONSTIPAION និង៦.​ថ្នាំ​​បន្តក់​ភ្នែក​ EYE PLUS»។

តាម​សេច​ក្ដី​ជូន​ព័ត៌​មាន​ដដែល​បន្តថា​ យោង​តាម​លទ្ធផល​វិភាគគុណ​ភាព​របស់​មជ្ឈម​ណ្ឌល​ពិសោធន៍​សុខា​ភិបាល​បាល​បាន​បញ្ជាក់​ថា​​ឱសថ​ NUTRIENT CALCIUM Tablet មាន​ផ្ទុក​សារធាតុ​សកម្ម​ឱសថ Diclofenac Sodium និង​ NUTRIENT CALIUM Capsule  មាន​ផ្ទុក​សារ​ធាតុ​ Betamethasone ដែលមាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ និង​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជី​វិត​របស់អ្នក​ប្រើ​ប្រាស់​ក្នុង​ករណី​ប្រើ​ប្រាស់​រយៈ​ពេល​យូរ។

ក្រសួង​សុខា​ភិបាល​បាន​បន្ថែម​ទៀត​ថា​​៖​ «អនុ​លោ​ម​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ឱសថ​ និង​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ប្រើ​ប្រាស់​ ក្រ​សួង​សុ​ខាភិ​បាល​ជម្រាប​ជូន​ពី​វិ​ធាន​ការ​ និង​ការ​ណែនាំ​ដូច​ទៅ​ សូម​សាធារណ​ជន​បញ្ឈប់​ការ​ទិញឱសថ​ខាង​លើ​ និង​ផលិត​ផល​បំប៉ន​សុខ​ភាព ឬអាហារ​បំប៉ន​សុខ​ភាព​​គ្រប់​ប្រភេទ​ តាម​បណ្ដាញ​សង្គម​  ដូចជា​  Facebook, Tiktok, Telegram  និង​​ Youtube ព្រោះ​ឱសថ​ និង​ផលិត​ផល​ទាំង​នោះ​ពុំ​អាច​ធានា​បាន​នូវ​គុណ​ភាព​ និង​សុ​វត្ថិ​ភាព​ឡើយ​»។

ក្រ​សួង​សុ​ខា​ភិ​បាល​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​ជៀស​វាង​ការ​ខាត​បង់​ថវិកាផ្ទា​ល់​ខ្លួន​ និង​ប៉ះ​ពាល់​សុខ​ភាព​ទៀត​នោះ​ សូម​សាធារ​ណជន​ទិញ​ឱសថ​ និង​ផលិត​ផល​បំ​ប៉​នសុខភាព ឬ​អា​ហារ​បំ​ប៉ន​សុខ​ភាព​ ដែល​មាន​លេខ​ទិដ្ឋា​ការ និង​បញ្ជិ​កាពីក្រសួង​សុខា​ភិ​បាលពី​ឱសថ​ស្ថាន​ ឬ​ឱ​សថ​រង​ស្ថានដែល​​ស្រប​ច្បាប់​៕​​