អ្នកធ្វើការក្នុងវិស័យព័ត៌មាន និងអ្នកជំនាញផ្នែកស្រ្តីលើកឡើងថា ការបង្កើនវត្តមាន និងសមត្ថភាពស្ត្រីនៅក្នុងវិស័យនេះបាន លុះត្រារដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននីមួយៗ មានគោលនយោបាយលើកកម្ពស់ស្ត្រីក្នុងវិស័យសារព័ត៌មានឱ្យមានស្តង់ដារ និងអនុវត្តជាប្រចាំ។
ក្នុងកម្មវិធីវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រៀបចំដោយអង្គការយូណេស្កូនៅកម្ពុជា (UNESCO Cambodia) កញ្ញា ប៉ុល ស្រីមុំ អ្នកដឹកនាំស្រាវជ្រាវនៅអង្គរស្រាវជ្រាវ (Angkor Research) លើកឡើងថា ក្នុងរយៈពេលមួយខែ ក្រុមការងាររបស់កញ្ញាបានត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយក្នុងស្រុកចំនួន ១២ ពីវិទ្យុ ទូរទស្សន៍ ឌីជីថល និងពីការសែតបោះពុម្ព ដែលមានព័ត៌មានចំនួន ៤០៩៤ សាច់រឿង។
កញ្ញា ប៉ុល ស្រីមុំ បានលើកឡើងបន្តថា ជុំវិញការត្រួតពិនិត្យព័ត៌មានចំនួន ៤០៩៤ សាច់រឿងគឺ៖ «រឿងរ៉ាវព័ត៌មានដែលមានតែស្ត្រីសុទ្ធត្រូវបានរកឃើញតែ ៥%នៃរឿងទាំងអស់ បើការប្រៀបធៀបទៅនឹងរឿងរ៉ាវនៃ ព័ត៌មានរហូតដល់ស្ទើរតែពាក់កណ្តាលដែលមានវត្តមានរបស់បុរស»។
កញ្ញាបន្តថា ស្រ្តីដែលជាអ្នកនាំពាក្យទាំងអស់មានតែ២% ស្ត្រីដែលជាអ្នកជំនាញទាំងអស់មានតែ៧% ចំណែកព័ត៌មានដែលសរសេរអំពីបញ្ហាសមភាព ឬវិសមភាពយេនឌ័រ គឺមានតែ ៨.៥% នៃរឿងរ៉ាវទាំងអស់។
កញ្ញាបន្ថែមថា ត្រូវជំរុញឱ្យមានការចូលរួមពីប្រព័ន្ធព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ អ្នកបោះពុម្ពផ្សាយ និងសមាគមអ្នកសារព័ត៌មាន ដើម្បីបង្កើត និងអនុវត្តគោលនយោបាយសមភាពយេនឌ័រឆ្លើយតបចំពោះការរំលោភបំពានលើស្ត្រីក្នុងបណ្តាញសារព័ត៌មាន និងគួរកសាងសមត្ថភាពពីសមភាពយេនឌ័រ។
អ្នកស្រី គ្រី ស៊ុយហៀង នាយកប្រតិបត្តិនៃអង្គការនារី ដើម្បីសន្តិភាព (Women Peace Makers) លើកឡើងថា នៅក្នុងវិស័យសារព័ត៌មាន អត្រាស្ត្រីដែលចូលរួមមានកម្រិតតិចតួច និងបញ្ហាប្រឈមមានលក្ខណជាប្រព័ន្ធ ដែលចាំបាច់ទាមទារឱ្យមានគោលនយោបាយ និងយន្តការផ្សេងៗគាំទ្រស្ត្រីក្នុងវិស័យសារព័ត៌មាន។ អ្នកស្រីថា គោលនយោបាយដែលល្អ គឺគោលនយោបាយដែលយល់ពីការគិតរបស់ស្ត្រី និងឆ្លើយតបទៅស្ត្រី។ ហើយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី អ្នកទាំងអស់គ្នានៅក្នុងវិស័យសារព័ត៌មាន សង្គមស៊ីវិល សាធារណៈជន ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគោលនយោបាយ។
អ្នកស្រីយល់ថា ក្នុងគោលនយោបាយត្រូវមានចំណុចដូចជា ស្ត្រីទៅយកព័ត៌មាន ស្ត្រីជាអ្នកផ្តល់ព័ត៌មាន ស្ត្រីមានកាន់តួនាទីក្នុងវិស័យសារព័ត៌មាន ត្រូវបង្កើតផ្នត់គំនិតដែលមានបរិយាកាសអំណោយផល បរិយាកាសដែលមានកិច្ចការពារ ប្រព័ន្ធគាំទ្រស្ត្រី សំណាញ់សុវត្ថិភាព កត្តាអត្តសញ្ញាណផ្សេងទៀត ប្រាក់កម្រៃផ្សងៗ ការប្រើប្រាស់ពាក្យក្នុងការសរសេរ វគ្គបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព។
អ្នកស្រី គ្រី ស៊ុយហៀង បញ្ជាក់ថា៖ «កត្តាដែលកំណត់ដោយសង្គម ដែលថាស្ត្រីមិនគួរចូលក្នុងវិស័យសារព័ត៌មាន ស្ត្រីមិនគួរបញ្ចេញសំឡេងខ្លួនឯង មិនគួរចែករំលែកសាច់រឿងដែលជាបញ្ហាក្នុងផ្ទះ ដែលទាំងនេះជាផ្នត់គំនិតសង្គម ពិតប្រាកដណាស់អាចកែប្រែបាន ពីព្រោះសង្គម គឺជាមនុស្សជាអ្នកបង្កើត មនុស្សក៏អាចផ្លាស់ប្តូរផ្នត់គំនិតទាំងអស់ហ្នឹងបានដែរ»។
ក្នុងវេទិការភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អង្គការយូណេស្កូនៅកម្ពុជាបានផ្សព្វផ្សាយរបាយការណ៍ តើនរណាជាអ្នកផលិតព័ត៌មាននៅកម្ពុជា? សរសេរជាភាសាអង់គ្លេស មានកម្រាស់ ១០ ទំព័រ មានការស្រាវជ្រាវចំនួនអត្ថបទរបស់ស្ត្រីក្នុងវិស័យព័ត៌មាន និងការវាយតម្លៃពីចំនួនស្ត្រីនៅក្នុងវិស័យសារព័ត៌មាន។
ក្នុងកម្មវិធីខាងលើ លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលបានចូលរួមផ្ទាល់លើកឡើងថា វត្តមានរបស់ស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយការបង្កើតគោលនយោបាយលើកកម្ពស់ ផ្តល់ឱកាស ផ្តល់សិទ្ធិដល់ស្ត្រីក្នុងការបម្រើការងារក្នុងវិស័យសារព័ត៌មាន ដើម្បីជំរុញភាគរយស្ត្រីក្នុងវិស័យព័ត៌មានកើនឡើង។
លោកបញ្ជាក់ថា៖ «នៅកម្ពុជាអត់ទាន់មានគោលនយោបាយនៅក្នុងការជំរុញឱ្យភាគរយ ឬកូតាស្ត្រីនៅក្នុងវិស័យសារព័ត៌មានទេ»។
លោកបន្ថែមថា អង្គភាពសារព័ត៌មាននីមួយៗគួរមានគោលនយោបាយសមភាពយេឌ័រផ្ទាល់ខ្លួន លើកកម្ពស់ចំនួនជាស្ត្រីអ្នកសារព័ត៌មាន សរសេរអត្ថបទដែលខ្លួនចង់ធ្វើ អាចជ្រើសរើសវិស័យដែលខ្លួនចង់សរសេរ ដែលជាចំណែកមួយជំរុញឲ្យស្ត្រីអ្នកសារព័ត៌មានច្រើនឡើង។
កញ្ញា មាស ដា អ្នកហាត់ការនៅវិទ្យុវីអូអេ (VOA KHMER) លើកឡើងថា អ្នកសារព័ត៌មានជាស្ត្រីនៅមានចំនួនតិចតួច ដោយសារកត្តា ៣ យ៉ាង គឺកត្តាខ្លួនឯង កត្តាគ្រួសារ និងកត្តាសង្គម។ កញ្ញាថា កត្តាខ្លួនឯង ស្ត្រីយល់ថាពេលទៅយកព័ត៌មានអាចជួបហានិភ័យច្រើនជាងបុរស ដូចជាការរើសអើង ការបៀតបៀន និងផ្សេងទៀត។ កត្តាគ្រួសារ ក្នុងគ្រួសារមួយដែលមានកូនស្ត្រីជាអ្នកសារព័ត៌មាន គឺដូចជាឱពុកម្តាយ តែមានការព្រួយបារម្ភនៅពេលកូនគាត់ចុះទៅយកព័ត៌មាន ព្រោះយល់ថាអាចមានគ្រោះថ្នាក់ផ្សេងៗមកលើកូនខ្លួន។ កត្តាសង្គម មានន័យថាសង្គមហាក់បីមិនបានផ្តល់សិទ្ធិពេញលេញឱ្យស្ត្រីដែលជាអ្នកសារព័ត៌មាន។
កញ្ញាបន្ថែមថា រដ្ឋាភិបាល ក្រសួងព័ត៌មាន គួរតែគិតគូពីគោលនយោបាយជំរុញឱ្យមានស្ត្រីក្នុងវិស័យសារព័ត៌មាន ក្នុងគោលដៅឱ្យស្ត្រីមានអាទិភាព ការទុកចិត្តរបស់ស្ត្រីក្នុងពេលបំពេញការងារ ស្ត្រីអត់មានការព្រួយបារម្ភចំពោះបញ្ហាដែលត្រូវប្រឈម។
កញ្ញា មាស ដា បន្ថែមថា៖ «ប្រសិនមានការបង្កើតគោលនយោបាយ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ជៀសវាងការចេញគោលនយោបាយហើយ តែការអនុវត្តគោលនយបាយគ្មានប្រសិទ្ធិភាព»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងក្រសួងព័ត៌មាន មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពីវត្តមានស្ត្រីជាអ្នកសារព័ត៌មានថាជាបញ្ហាប្រឈម ឬយ៉ាងណាឡើយ។
យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ត្រង់បញ្ចកោណទី៤ មុំទី១ មានកំណត់ថា រាជរដ្ឋាភិបាលផ្តោតអាទិភាពលើ សមភាពយេនឌ័រ ការបង្កើនការវិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តី ក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព ការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ និងកាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទៅលើស្រ្តី និង ក្មេងស្រី។
សមភាពយេនឌ័រសំដៅលើសិទ្ធិ និងឱកាសស្មើគ្នារវាងបុរស និងស្ត្រី ក្មេងប្រុស និងក្មេងស្រីក្នុងការទទួលបានការងារ ការទទួលខុសត្រូវ ការសម្រេចចិត្ត និងទទួលបានផលប្រយោជន៍ និងសេវានានាពីកិច្ចអភិវឌ្ឍន៍ក្នុងសង្គមដោយគ្មានការរើសអើង។
ដោយយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៥ ចេញកាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថា ស្ត្រីដែលជាសមាជិករដ្ឋសភា នីតិកាលទី៧ មានចំនួន ១៦រូប ស្មើនឹង១២,៨ នៃចំនួនសមាជិករដ្ឋសភាសរុប ១២៥រូប នាំឱ្យប៉ះពាល់ដូចជា មិនអាចសម្រេចបានគោលដៅសមភាពយេនឌ័រ កង្វះការឆ្លើយតបនឹងតម្រូវការយេនឌ័រ និងបង្អាក់ទឹកចិត្តស្ត្រីដែលកំពុងត្រៀមខ្លួនចូលរួមក្នុងសង្គម៕