អ្នកធ្វើការ​​​ក្នុងវិស័យព័ត៌មាន និង​អ្នកជំនាញ​ផ្នែក​ស្រ្តី​លើកឡើងថា ការបង្កើនវត្តមាន និង​សមត្ថភាព​​ស្ត្រីនៅក្នុងវិស័យនេះបាន លុះត្រា​រដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននីមួយៗ​ មានគោល​នយោបាយ​លើកកម្ពស់ស្ត្រីក្នុង​វិស័យ​សារព័ត៌​មាន​ឱ្យ​មាន​ស្តង់ដារ និងអនុវត្តជាប្រចាំ។

​ក្នុងកម្មវិធីវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កាលពីថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ រៀបចំដោយ​អង្គការ​យូណេស្កូ​នៅកម្ពុជា (UNESCO Cambodia) កញ្ញា ប៉ុល ស្រីមុំ អ្នកដឹកនាំ​ស្រាវជ្រាវនៅអង្គរស្រាវជ្រាវ (Angkor Research) លើកឡើងថា ក្នុងរយៈពេលមួយខែ ក្រុម​ការ​ងាររបស់​កញ្ញាបានត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយក្នុងស្រុកចំនួន ១២ ពីវិទ្យុ ទូរទស្សន៍ ឌីជីថល និងពីការសែតបោះពុម្ព ដែលមានព័ត៌មានចំនួន ៤០៩៤ សាច់រឿង។

កញ្ញា ប៉ុល ស្រីមុំ បានលើកឡើងបន្ត​ថា ជុំវិញការត្រួតពិនិត្យព័ត៌មានចំនួន ៤០៩៤ សាច់រឿងគឺ៖ «រឿងរ៉ាវព័ត៌មានដែលមានតែស្ត្រីសុទ្ធត្រូវបានរកឃើញតែ ៥%នៃរឿងទាំងអស់ បើការប្រៀបធៀបទៅនឹងរឿងរ៉ាវនៃ ព័ត៌មាន​​​​​​​​រហូតដល់ស្ទើរតែពាក់កណ្តាលដែលមានវត្តមានរបស់បុរស»។

កញ្ញាបន្តថា ស្រ្តីដែលជាអ្នកនាំពាក្យទាំងអស់មានតែ​២% ស្ត្រីដែលជាអ្នកជំនាញទាំងអស់មានតែ៧%​ ចំណែក​​ព័ត៌មានដែលសរសេរអំពីបញ្ហាសមភាព ឬវិសមភាពយេនឌ័រ គឺមានតែ ៨.៥% នៃរឿងរ៉ាវទាំងអស់។

កញ្ញា​បន្ថែមថា ត្រូវជំរុញឱ្យមានការចូលរួមពីប្រព័ន្ធព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ អ្នកបោះពុម្ពផ្សាយ និងសមាគមអ្នកសារព័ត៌មាន ដើម្បីបង្កើត និងអនុវត្តគោលនយោបាយសមភាពយេនឌ័រ​ឆ្លើយតបចំពោះការរំលោភបំពានលើស្ត្រីក្នុងបណ្តាញសារព័ត៌មាន និងគួរកសាងសមត្ថភាពពីសមភាពយេនឌ័រ។

​អ្នកស្រី គ្រី ស៊ុយហៀង នាយកប្រតិបត្តិនៃ​អង្គការ​នារី​ ដើម្បី​សន្តិភាព (Women Peace Makers) លើក​ឡើងថា នៅក្នុងវិស័យសារ​ព័ត៌មាន អត្រាស្ត្រីដែលចូលរួម​មានកម្រិតតិចតួច និងបញ្ហាប្រឈម​មាន​លក្ខណ​ជាប្រព័ន្ធ ដែល​ចាំបាច់​ទាម​ទារឱ្យមានគោលនយោបាយ និងយន្តការផ្សេងៗគាំទ្រស្ត្រីក្នុង​វិស័យ​សារ​ព័ត៌មាន។ អ្នកស្រីថា គោលនយោបាយដែលល្អ គឺគោលនយោបាយដែលយល់ពីការគិតរបស់​ស្ត្រី និងឆ្លើយតប​ទៅស្ត្រី។ ហើយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី អ្នកទាំងអស់គ្នានៅក្នុង​វិស័យសារព័ត៌មាន សង្គមស៊ីវិល សាធារណៈជន ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគោលនយោបាយ។

អ្នកស្រីយល់ថា ក្នុងគោលនយោបាយត្រូវមានចំណុចដូចជា ស្ត្រីទៅយកព័ត៌មាន ស្ត្រីជា​អ្នកផ្តល់​ព័ត៌មាន ស្ត្រីមានកាន់តួនាទីក្នុងវិស័យសារព័ត៌មាន ត្រូវបង្កើតផ្នត់គំនិតដែលមាន​បរិយាកាស​​​អំណោយផល បរិយាកាសដែលមានកិច្ចការពារ ប្រព័ន្ធគាំទ្រស្ត្រី ​សំណាញ់​សុវត្ថិភាព​ កត្តាអត្តសញ្ញាណ​ផ្សេងទៀត ប្រាក់​កម្រៃផ្សងៗ ការប្រើប្រាស់ពាក្យក្នុងការ​សរសេរ វគ្គបណ្តុះបណ្តាល និង​ការពង្រឹង​សមត្ថភាព។

អ្នកស្រី គ្រី ស៊ុយហៀង បញ្ជាក់ថា៖ «កត្តាដែលកំណត់ដោយសង្គម ដែលថាស្ត្រីមិនគួរចូលក្នុងវិស័យ​សារព័ត៌មាន ស្ត្រីមិនគួរបញ្ចេញសំឡេងខ្លួនឯង មិនគួរចែករំលែកសាច់​រឿងដែលជាបញ្ហាក្នុងផ្ទះ ដែលទាំង​នេះ​ជា​ផ្នត់គំនិតសង្គម ពិតប្រាកដណាស់អាចកែប្រែបាន ពីព្រោះ​សង្គម គឺជាមនុស្សជា​អ្នកបង្កើត មនុស្ស​ក៏​អាចផ្លាស់ប្តូរផ្នត់គំនិតទាំងអស់ហ្នឹងបាន​ដែរ»។

ក្នុងវេទិការភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អង្គការ​យូណេស្កូ​នៅកម្ពុជាបានផ្សព្វផ្សាយ​របាយការណ៍ តើនរណាជាអ្នកផលិតព័ត៌មាននៅកម្ពុជា?​ សរសេរជាភាសាអង់គ្លេស មានកម្រាស់​ ១០ ទំព័រ មានការស្រាវជ្រាវ​ចំនួនអត្ថបទរបស់ស្ត្រីក្នុងវិស័យព័ត៌មាន និងការវាយតម្លៃពីចំនួនស្ត្រីនៅក្នុងវិស័យ​សារ​ព័ត៌មាន។

ក្នុងកម្មវិធីខាងលើ ​លោកបណ្ឌិត​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​​ ដែល​បានចូលរួមផ្ទាល់លើកឡើងថា វត្តមានរបស់ស្ត្រី​នៅ​ក្នុង​វិស័យសារព័ត៌មាន ជាបញ្ហាប្រឈមមួយ​ដែល​ទាម​ទារ​ឱ្យ​មាន​ការយកចិត្តទុកដាក់ ដោយការបង្កើត​គោលនយោបាយលើកកម្ពស់ ផ្តល់ឱកាស ផ្តល់​សិទ្ធិដល់​ស្ត្រី​ក្នុងការបម្រើការងារក្នុងវិស័យសារព័ត៌មាន ដើម្បីជំរុញភាគរយស្ត្រីក្នុងវិស័យព័ត៌មានកើន​ឡើង។

លោក​បញ្ជាក់ថា៖ «នៅកម្ពុជាអត់ទាន់មានគោលនយោបាយនៅក្នុងការជំរុញឱ្យភាគរយ ឬកូតាស្ត្រីនៅក្នុងវិស័យសារព័ត៌មាន​ទេ»។

លោកបន្ថែមថា អង្គភាពសារព័ត៌មាននីមួយៗគួរមានគោលនយោបាយសមភាព​យេឌ័រផ្ទាល់ខ្លួន លើកកម្ពស់ចំនួន​ជាស្ត្រីអ្នក​សារ​ព័ត៌មាន សរសេរអត្ថបទដែលខ្លួនចង់ធ្វើ អាចជ្រើសរើសវិស័យដែលខ្លួន​ចង់​សរសេរ ដែលជាចំណែកមួយជំរុញឲ្យស្ត្រីអ្នកសារព័ត៌មានច្រើនឡើង។

កញ្ញា មាស ដា អ្នកហាត់ការនៅវិទ្យុវីអូអេ (VOA KHMER) លើកឡើងថា អ្នកសារព័ត៌មានជាស្ត្រីនៅមាន​ចំនួនតិចតួច ដោយសារកត្តា ៣ យ៉ាង គឺកត្តាខ្លួនឯង កត្តាគ្រួសារ និងកត្តាសង្គម។ កញ្ញាថា កត្តាខ្លួនឯង ស្ត្រីយល់ថាពេលទៅយកព័ត៌មានអាចជួប​ហានិភ័យច្រើនជាងបុរស ដូចជាការរើសអើង ការបៀតបៀន​ និងផ្សេងទៀត។ កត្តាគ្រួសារ ក្នុងគ្រួសារមួយដែលមានកូនស្ត្រីជា​អ្នកសារព័ត៌មាន គឺ​ដូចជាឱពុកម្តាយ តែមានការ​ព្រួយ​បារម្ភនៅពេលកូនគាត់ចុះទៅយកព័ត៌មាន ព្រោះ​យល់​ថាអាចមានគ្រោះ​ថ្នាក់ផ្សេងៗមកលើកូនខ្លួន។ កត្តាសង្គម មានន័យថាសង្គមហាក់បីមិនបាន​ផ្តល់​សិទ្ធិ​ពេញលេញឱ្យ​ស្ត្រីដែលជាអ្នកសារព័ត៌មាន។

កញ្ញាបន្ថែម​ថា ​រដ្ឋាភិបាល ក្រសួងព័ត៌មាន គួរតែគិតគូពីគោលនយោបាយជំរុញឱ្យមាន​ស្ត្រីក្នុង​វិស័យសារព័ត៌មាន​ ក្នុងគោលដៅឱ្យស្ត្រីមានអាទិភាព ការទុកចិត្តរបស់ស្ត្រីក្នុងពេលបំពេញការងារ ស្ត្រីអត់​មានការព្រួយបារម្ភចំពោះ​បញ្ហា​ដែល​ត្រូវប្រឈម។

កញ្ញា មាស ដា បន្ថែមថា៖ «ប្រសិនមានការបង្កើតគោលនយោបាយ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ជៀសវាង​ការចេញ​គោលនយោបាយ​ហើយ តែការអនុវត្តគោលនយបាយគ្មានប្រសិទ្ធិភាព»។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងក្រសួងព័ត៌មាន មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពីវត្តមានស្ត្រីជាអ្នកសារព័ត៌មានថាជាបញ្ហាប្រឈម ឬយ៉ាងណាឡើយ។

យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ត្រង់បញ្ចកោណទី៤ មុំទី១ មានកំណត់ថា រាជរដ្ឋាភិបាលផ្តោត​អាទិភាពលើ សមភាពយេនឌ័រ ការបង្កើនការវិនិយោគលើយេនឌ័រ  ការបង្កើនភាពអង់អាចដល់ស្រ្តី ក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព ការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ  និងកាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទៅលើស្រ្តី និង ក្មេងស្រី។

សមភាពយេនឌ័រសំដៅលើសិទ្ធិ និងឱកាសស្មើគ្នារវាងបុរស និងស្ត្រី ក្មេងប្រុស និងក្មេងស្រីក្នុងការទទួលបានការងារ ការទទួលខុសត្រូវ ការសម្រេចចិត្ត និងទទួលបានផលប្រយោជន៍ និងសេវានានាពីកិច្ចអភិវឌ្ឍន៍ក្នុងសង្គមដោយគ្មានការរើសអើង។

ដោយយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៥ ​ចេញ​កាលពី​ខែ​សីហា ឆ្នាំ​២០២៣​ បង្ហាញ​ថា ស្ត្រី​ដែល​ជា​សមាជិករដ្ឋសភា នីតិកាលទី៧ មានចំនួន ១៦រូប ស្មើនឹង​១២,៨ នៃ​ចំនួន​សមាជិករដ្ឋសភា​សរុប ១២៥រូប នាំឱ្យ​ប៉ះពាល់​ដូច​ជា មិន​អាច​សម្រេច​បាន​គោលដៅសមភាពយេនឌ័រ កង្វះការឆ្លើយតប​នឹង​តម្រូវ​​ការ​យេនឌ័រ​ និង​បង្អាក់​ទឹក​ចិត្ត​ស្ត្រី​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​សង្គម​៕​