ក្រុម​អ្នក​ជំនាញ និង​អ្នកសិក្សា​​ផ្នែក​ច្បាប់លើកឡើង​ថា ស្ថាប័នតុលាការ​គ្រប់ជាន់ថ្នាក់ គួរតែជាអ្នកផ្សព្វផ្សាយសេចក្តីសម្រេចសំណុំ​រឿង​​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ដែល​បាន​ជំនុំជម្រះ​រួច​។

ការ​លើកឡើង​នេះ​កើត​មានបន្ទាប់ពីក្រសួង​យុត្តិធម៌​បាន​បង្កើត​​ក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី ​ដែល​​មានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាប្រធាន លោក យ៉ម​ ផារ៉ូត ជាអនុប្រធានប្រចាំការ និង​មាន​​​សមាជិកសរុប ៣៦ រូប។ នេះបើយោងតាមសេចក្តីសម្រេចបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ​លើរឿងក្តីរដ្ឋប្បវេណី ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

លោក សុខ សំអឿន មេធាវីប្រចាំអង្គការតម្លាភាពកម្ពុជា លើកឡើងថា កម្ពុជាមិនមាន​ភាព​​ចាំបាច់​ក្នុងការ​បង្កើត​ក្រុម​ពិនិត្យទេ ឬផ្សព្វផ្សាយ​សាលក្រម ឬសាលដីកានោះទេ។

លោកមេធាវីបញ្ជាក់ថា៖ «តាមខ្ញុំយល់មិនចាំបាច់បង្កើតធំដុំអីទេ។ គ្រាន់តែមានម្នាក់បង្គាប់ឲ្យតុលាការទាំងអស់ដែលចេញសាលក្រមហើយ ត្រូវផ្ញើមកមួយច្បាប់មកក្រសួង ហើយដាក់វាចូលវេបសាយទៅបានហើយ។ មិនចាំបាច់មានអ្នកពិនិត្យអីទៀតទេ ព្រោះជាសាលក្រមរបស់តុលាការហើយ»។

លោកមេធាវី​បន្ថែមថា សាលក្រមទាំងអស់​ត្រូវតែផ្សព្វផ្សាយ ជាពិសេស​រឿង​ដីធ្លី ប៉ុន្តែរឿងខ្លះដូចជារឿងលែងលះ​ជាដើម មិន​ចាំបាច់ផ្សាយទេ។

លោក​ វ៉ា ឈុនហុង អ្នកសិក្សាផ្នែកច្បាប់ និងសង្គម មានយោបល់ថា ជាការល្អដែលមានការផ្សព្វផ្សាយ​សេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់ទៅដល់ពលរដ្ឋ និងអាចយកទៅពិចារណាទៅនឹងករណីដែល​កើតឡើង។ លោកថា ការផ្សព្វផ្សាយសេចក្តីសម្រេចរបស់​តុលាការ គឺត្រូវផ្សព្វផ្សាយសេចក្តីសម្រេចរឿងក្តី​រដ្ឋប្បវេណី និងសេចក្តី​សម្រេច​រឿង​ក្តី​ព្រហ្មទណ្ឌទាំងអស់ដែលតុលាការបានបិទបញ្ចាប់។

លោក​ ឈុនហុង បន្តថា តុលាការគួរតែជាអ្នករៀបចំក្រុមកាងារផ្សព្វផ្សាយដោយខ្លួនឯង ​ដោយសារ​តុលាការ​ជា​អ្នកសម្រេច​សេចក្តី និងមាន​រដ្ឋបាល​ទទួល​បន្ទុក​សំណុំរឿង មិនគួរជា​ក្រសួងយុត្តិធម៌​​ជា​អ្នក​ផ្សព្វ​​ផ្សាយ​នោះទេ។ លោក​ថា ប្រសិន​បើក្រសួង​យុត្តិធម៌​រៀបចំបែបនេះ គួរតែ​រៀបចំរចនាសម្ព័ន្ធក្រុមការងារ​ឱ្យមានចេញ​ពី​​តុលាការ​​​ដែល​ជា​មន្ត្រីអនុវត្តផ្ទាល់នៅក្នុងសំណុំរឿងនោះផងដែរ។

លោក​ ឈុនហុង បន្ថែមថា៖ «បែងចែកឱ្យដាច់រវាងអំណាចតុលាការ និងនីតិប្រតិបត្តិ ជៀស​វៀង​មាន​ការភាន់ច្រឡំរវាងគ្នាហ្នឹងគ្នា ដែល​ធ្វើឱ្យប៉ះពាល់គុណតម្លៃនៃ​ការបង្កើត​ក្រុមការងារផ្សព្វផ្សាយសេចក្តី​សម្រេច​ហ្នឹង»។

លោក ឈុនហុង បន្ថែមថា ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការឱ្យមានប្រសិទ្ធភាព គឺត្រូវឱ្យមន្ត្រី​ផ្សព្វ​ផ្សាយ​ត្រូវមាន​គុណវុឌ្ឍិ មានបច្ចេកទេសឌីជីថល និងត្រូវធ្វើយ៉ាងណាឱ្យប្រជាជន​យល់ពីសេចក្តី​សម្រេច ដូចជាការបកស្រាយសេចក្តីសម្រេច។

ចំណែកលោក សុវណ្ណ រតនា ពលរដ្ឋតាមដានសង្គម​លើកឡើងថា លោក​បារម្ភ​ថា​ការបង្កើតក្រុមការងារផ្សព្វផ្សាយសេចក្តីសម្រេច​រឿងក្តីរដ្ឋប្បវេណី នឹង​ធ្វើ​ឱ្យមាន​​ការ​ជ្រើសរើស​តែរឿង​ត្រូវផ្សព្វផ្សាយ ចំណែក​រឿង​មួយចំនួន​បែរ​ត្រូវ​​​បិទចោល។

លោក រតនា បន្ថែមជា លោក​មិនគាំទ្រឱ្យមានការ​បង្កើតក្រុមផ្សព្វផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​ទេ។ លោក​ថា អ្វីដែលសំខាន់ គឺការជ្រើសរើសចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី សារការី ត្រូវធ្វើ​ដោយ​​ស្មើ​ភាព មានចំណេះដឹងពិតប្រាកដ អត់មានខ្សែបក្សពួក អត់មានការដាក់លុយ។

លោក រតនា បញ្ជាក់ថា៖ «ពេលដែលអ្នក​អនុវត្តច្បាប់កើតចេញពីលុយ​ កើតចេញពី​ការរៀបចំ ទោះយើង​ធ្វើអ្វី​ គ្មានអ្វីដោះស្រាយក្រៅពីលុយ ព្រោះមនុស្សកើតចេញពីលុយហើយ មនុស្សចាប់​ផ្តើម​​ចេញអំពើ​ពុករលួយហើយ មនុស្សហ្នឹងយកវិធាននេះធ្វើជាអាជីព​ចិញ្ចឹមជីវិតគ្រួសារ បក្សពួកខ្លួន»។

តាមរយៈការផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេច​​​របស់តុលាការ​លើរឿងក្តីរដ្ឋប្បវេណី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លើទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ គណនី​ហ្វេសប៊ុកមួយចំនួន​បាន​បញ្ចេញ​មតិ​លើ​ការ​បង្កើរ​នោះ។ គណនី​ហ្វេសប៊ុក​ឈ្មោះ Chanty Panha មានមតិថា៖ «សូមសំណូមពរជួយផ្សព្វផ្សាយសាលដីការបស់តុលាការកំពូលឲ្យបានច្រើន»។ ចំណែកគណនីឈ្មោះ Savann Sok លើកឡើងថា៖ «មានអគ្គនាយកដ្ឋានរដ្ឋប្បវេណី និងអគ្គនាយកដ្ឋានព្រហ្មទណ្ឌហើយចាំបាច់អីបង្កើតក្រុមការងារហ្នឹងទៀត»។

ក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណីមាន​តួនាទី និងភារកិច្ចដូចជា រៀបចំផែនការការងារ ជ្រើសរើស ​បែងចែក​ប្រភេទ​សេចក្តីសម្រេច សហការ ពិគ្រោះ​យោបល់​ជា​មួយ​​អ្នក​ជំនាញ រៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ទស្សន​​​កិច្ចសិក្សា ​តាមដាន ត្រួតពិនិត្យ ​វាយ​តម្លៃ​ពាក់ព័ន្ធ​ការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី។

ក្នុងសេចក្តីសម្រេចខាង​លើ​​បន្ថែមថា៖ «ក្រុមការងារនេះ អាចទទួលមូលនិធិដែលបានមកពី​ហិរញ្ញប្បទានសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងមកពីប្រភពស្របច្បាប់ផ្សេងទៀត»។

វិវាទនៅតុលាការនាពេលបច្ចុប្បន្នមានការបែងចែកជា ២ ប្រភេទ គឺវិវាទរដ្ឋប្បវេណី និងវិវាទព្រហ្មទណ្ឌ​។ វិវាទរដ្ឋប្បវេណី គឺជាវិវាទនៅក្នុងវិស័យឯកជនដែលឃើញមានជាច្រើនដូចជា វិវាទដែលកើតចេញពីកិច្ចសន្យា សាច់ញាតិ ទ្រព្យសម្បត្តិ បណ្តាំមរតក ជាដើម។ ចំណែវិវាទព្រហ្មទណ្ឌ គឺជាវិវាទដែលមានការប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ ហើយអាចមានរូបភាពជាបទល្មើសលួច បទល្មើសឃាតកម្ម និងបទល្មើសផ្សេងៗទៀតដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ។

ចំពោះវិវាទទាំងពីរនេះ ដើម្បីអាចបញ្ចប់បាន គឺត្រូវចេញដីកាសម្រេច សាលក្រម ឬសាលដីកា អាស្រ័យទៅតាមដំណើរការនីតិវិធីនៅក្នុងតុលាការ។​ ប្រសិនបើចេញសាលក្រម មានន័យថាវិវាទនោះបញ្ចប់ត្រឹមនីតិវិធីសាលាដំបូងរាជធានី-ខេត្ត ដោយគ្មានការតវ៉ាទៅតុលាការជាន់ខ្ពស់។ ប្រសិនបើវិវាទដែលបញ្ចប់ដោយសាលដីកា មាន​ន័យ​ថាវិវាទ​នោះបញ្ចប់នៅតុលាការជាន់ខ្ពស់ មានសាលាឧទ្ធរណ៍ ឬតុលាការកំពូល។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ មិនឆ្លើយតបសំណួរពី Newsroom Cambodia អំពីការបង្កើតក្រុមផ្សព្វផ្សាយខាងលើមានន័យយ៉ាងដូចម្តេច សេចក្តីសម្រេចរដ្ឋប្បវេណីណា​ខ្លះ​​ត្រូវផ្សាយ និងមាន​គម្រោងបង្កើតក្រុម​ការងារ​ផ្សព្វផ្សាយ​សេចក្តីសម្រេចរឿងក្តីព្រហ្មទណ្ឌដែរ ឬទេ។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញលើកឡើងពាក់ព័ន្ធការបង្កើតក្រុម​ការងារ​ពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរឿងក្តីរដ្ឋប្បវេណីថា ជាការល្អដែលយក​សាលក្រម សាលដីកាមកពិនិត្យឡើងវិញ ធ្វើការផ្សព្វផ្សាយជាគំរូ អាចបិទអត្តសញ្ញាណ​​ខ្លះ ដើម្បី​ឱ្យអ្នក​ធ្វើ​ការ​យក​លំនាំតាម ហើយ​អ្នក​រៀន​សូត្រ និងសាធារណៈជនអាចមើល​បាន។

លោកបន្តថា៖ «កន្លងមកសាលាឧទ្ធរណ៍ធ្លាប់ធ្វើចឹង រើសយកល្អៗមកផ្សព្វផ្សាយឱ្យអ្នកធ្វើការយើង​យក​ជា​​គំរូមើល»។

លោក​បន្ថែមថា ​​ក្រសួង​យុត្តិធម៌​យកសេចក្តីសម្រេច​របស់តុលាការ​រដ្ឋប្បវេណី​ទៅផ្សព្វផ្សាយ អត់ប៉ះពាល់ដល់វិស័យតុលាការទេ​​ ព្រោះ​ការយក​ទៅ​ផ្សព្វផ្សាយ គឺមានបិទឈ្មោះភាគី ឈ្មោះចៅក្រមចេញ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំបេញ​រូបនេះ​បន្ថែមថា៖ «ការងារលម្អិតមិនអាចបញ្ជាក់បានទេ ព្រោះ​ក្រសួង​​អ្នក​បង្កើត»។

ផ្អែកលើការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌កន្លងមក សេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី និងឯកសារមួយចំនួនទៀត បានផ្សព្វផ្សាយជាសាធារណៈ តាំងពី២ឆ្នាំមុនរួចមកហើយ។ នេះ​បើយោង​តាម សេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយឯកសារសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណីជាក់ស្តែង ចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ក្នុងការផ្សព្វផ្សាយរយៈពេល ២ឆ្នាំមកនេះ គឺមានសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី ចំនួន ១០៤ ច្បាប់។ ដោយក្នុងនោះសាលក្រមរដ្ឋប្បវេណីមាន ១០២ ច្បាប់ និងសាលដីកាមាន ២ ច្បាប់៕